ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ខេត្តកោះកុងបង្កើតតំបន់អភិរក្សធម្មជាតិចំនួន៩កន្លែង ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងសកម្ម
ខេត្តកោះកុងបង្កើតតំបន់អភិរក្សធម្មជាតិចំនួន៩កន្លែង ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងសកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/21/2017 8:21:29 PM )

ឯកឧត្តម សាយ សុជាតិ អភិបាលស្តីទីខេត្តកោះកុង បានជម្រាបគណៈកម្មការទទួលបន្ទុកវិស័យបរិស្ថានថា ខេត្តជាប់សមុទ្រមួយនេះ បានបង្កើតតំបន់ អភិរក្សចំនួន៩កន្លែង ដោយមានការចូលរួម ពីប្រជាពលរដ្ឋ ដើម្បីថែរក្សាធនធានធម្មជាតិ។ ការលើកឡើង របស់ថ្នាក់ដឹកនាំខេត្តកោះកុងបែបនេះ នៅពេលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ​ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ដែលបានចុះបំពេញបេសកកម្ម សិក្សាស្វែងយល់ពីវិស័យទទួលបន្ទុករបស់គណៈកម្មការនៅក្នុងខេត្តកោះកុង នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

ឯកឧត្តមអភិបាលខេត្តស្តីទីបានឲ្យដឹងទៀតថា ជាមួយការបង្កើត តំបន់អភិរក្សទំាងនោះហើយ អាជ្ញាធរបានចុះអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ពីបច្ចេកទេសណែនាំភ្ញៀវរៀបចំតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឲ្យពួកគាត់ទទួលបានចំណូលពីវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ជីវភាព គ្រួសារ។ ជាមួយគ្នានេះអាជ្ញាធរខេត្តក៏បានលើកឡើងថា ខេត្តកំពុងជួបការលំបាកក្នុងការខ្វះធនធានមនុស្សផ្នែកបរិស្ថាន ដើម្បីបំពេញការងារផងដែរ។

ទាក់ទងវិស័យកសិកម្មវិញ ឯកឧត្តមអភិបាលខេត្តស្តីទីបានលើកឡើងថា ខេត្តបានដាក់ចេញនូវទិសដៅ ចុះតាមដានការអនុវត្ត សកម្មភាពអភិវឌ្ឍន៍ របស់បណ្តាក្រុមហ៊ុនដែលបានដីសម្បទានសេដ្ឋកិច្ច។ ជាមួយគ្នានេះ ខេត្តបានផ្សព្វផ្សាយពីបច្ចេកទេសកសិកម្ម និងការប្រមូលផលដល់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាជំរុញដល់ការដាំដុះប្រកបដោយគុណភាព និងបរិមាណផងដែរ។

ឯកឧត្តម សាយ សុជាតិ បានមានប្រសាសន៍បន្តថា ដោយសារតែខេត្តកោះកុងនៅជាប់នឹងប្រទេសថៃ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច តែងតែចុះពិនិត្យ គុណភាព សុវត្ថិភាព ចំណីអាហារនៅលើទីផ្សារជាប្រចំា។

ឯកឧត្តម ប៉ុល ហំម បានសម្តែងការកោតសរសើរចំពោះអាជ្ញាធរខេត្តកោះកុង ដែលបានខិតខំថែរក្សាបរិស្ថាន និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តមលើកឡើងថា ចំពោះការខ្វះខាតរបស់ខេត្ត ឯកឧត្តមនឹងពាំនាំបញ្ហាទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសម្តេចធ្វើអន្តរាគមន៍តាមនីតិវិធី។

សូមជម្រាបថា ឯកឧត្តម ប៉ុល ហំម បានដឹកនាំប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ការងារក្នុងវិស័យគណៈកម្មការទទួលបន្ទុកនៅខេត្តមួយចំនួននៅភាគនិរតីនៃប្រទេស៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh