ថ្ងៃ ពុធ ទី 26 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តនឹងទទួលសេវាថែទំាសុខភាពពី ក្រុមហ៊ុន People and Partners Insurance ចាប់ពីពេលនេះតទៅ
តំណាងរាស្រ្តនឹងទទួលសេវាថែទំាសុខភាពពី ក្រុមហ៊ុន People and Partners Insurance ចាប់ពីពេលនេះតទៅ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/21/2017 12:33:46 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងតំណាងក្រុមហ៊ុន People and Partners Insurance នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្ត ក្រោមអធិបតីភាព ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់នៅក្នុងពិធីនេះថា នៅក្នុងសង្គមសព្វថ្ងៃនេះ សុខមាលភាពរបស់ពលរដ្ឋ ត្រូវបានយកចិត្តទុកដាក់គ្រប់ទីកន្លែង ជាពិសេសរាជ​រដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា​​ឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់។

ឯកឧត្តមបន្តថា នៅថ្ងៃនេះរដ្ឋសភាដោយមាន ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន ដើម្បីផ្តល់ សេវាធានារ៉ាប់រងសុខភាព ជូនតំណាងរាស្រ្ត នេះជាព្រឹត្តិការណ៍សំខាន់មួយ បានបង្ហាញពី ការយកចិត្តទុកដាក់របស់រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការផ្តល់មធ្យោបាយ លទ្ធភាពគ្រប់យ៉ាងដល់តំណាងរាស្រ្តទំាងអស់ ក្នុងការបំពេញការងារ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យ​មានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា កិច្ចសន្យាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្ត ដែលត្រូវចុះហត្ថលេខានៅពេលនេះ មានឯកសារ សំខាន់ចំនួន៤មាន ទី១-គឺកិច្ចសន្យាធានារ៉ាប់រង សុខភាពជូនតំណាងរាស្រ្ត ទី២-គឺសម្រង់បុព្វលាភ ធានារ៉ាប់រងសុខភាព ទី៣-តារាងលក្ខខណ្ឌ អត្ថប្រយោជន៍នៃការធានារ៉ាប់រងសុខភាព និងទី៤-លក្ខខណ្ឌបច្ចេកទេសនៃកិច្ចសន្យាធានារ៉ាប់រងសុខភាព។

សូមជម្រាបថា នៅក្នុងសេវាថែទំាសុខភាពជូនតំណាងរាស្រ្តនេះ កន្លងមករដ្ឋសភា បានផ្តល់ថវិកាជូនតំណាងរាស្រ្តម្នាក់ៗដោយផ្ទាល់តែម្តង។ ប៉ុន្តែ ចាប់ពីការចុះហត្ថលេខានេះទៅ សេវាថែទំាសុខភាពតំណាងរាស្រ្តត្រូវបានក្រុមហ៊ុន People and Partners Insurance ជាអ្នកធានារ៉ាប់រងលើការថែទំា សុខភាពជូនតំណាងរាស្រ្ត នៅតាមមន្ទីរពេទ្យក្នុងប្រទេស និងក្រៅប្រទេស។

កិច្ចសន្យារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាមួយក្រុមហ៊ុន People and Partners Insurance នេះ នឹងធ្វើឡើងនៅរៀងរាល់មួយឆ្នាំម្តង៕

 អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh