ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការអប់រំ យុវជន កីឡា រដ្ឋសភា ចុះសិក្សាស្វែងយល់ការងារនៅខេត្តកំពង់ឆ្នាំង
គណៈកម្មការអប់រំ យុវជន កីឡា រដ្ឋសភា ចុះសិក្សាស្វែងយល់ការងារនៅខេត្តកំពង់ឆ្នាំង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/20/2017 9:19:50 PM )

គណៈកម្មការអប់រំ​ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ បានចុះបំពេញ បេសកកម្មការងារ នៅខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់ពីការងារ ដែលគណៈកម្មការទទួលបន្ទុក នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងដំណើរបំពេញបេសកកម្មនេះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ី ណាត ​​អភិបាល​​រង​ខេត្ត​​ និង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជុំវិញខេត្តមួយចំនួនទៀត។ ក្នុងជំនួបពិភាក្សាការងារនេះ ឯក​ឧត្តម​អភិបាលរងខេត្ត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងបំពេញ ការងាររបស់អាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់ភាពអសកម្ម​ទាំង​ឡាយ ដែលបង្កអសន្តិសុខ សុវត្ថិភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសរំាងស្ទះ ដល់ការខិតខំអភិវឌ្ឍន៍​ប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងកិច្ចការនេះ អាជ្ញាធរខេត្ត បានអះអាងពីការខិតខំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានយ៉ាងខ្ជាប់ខ្ជួន។ ទាក់ទងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ដែលជាការទទួលបន្ទុករបស់ គណៈកម្មការជំនាញរដ្ឋសភាវិញ ឯកឧត្តមអភិបាលរង​ខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ បានខិតខំយកចិត្តទុកយ៉ាងខ្លំាង ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។​

ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ បានថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាលខេត្ត និងសហការីទំាងអស់ ដែល​បានខិតខំបំពេញការងារ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិនាពេលកន្លងមក។ ឯកឧត្តមប្រធានគណៈកម្មការរដ្ឋសភា បានគំាទ្រពីតម្លៃ​សន្តិភាព ​ស្ថិរភាព​សង្គម ដែលថ្នាក់ដឹកនាំខេត្តបានលើក ឡើង។

ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ បានជំរុញអាជ្ញាធរជួយអប់រំ ណែនាំពលរដ្ឋ ក្នុងការផ្តល់ឱកាសដល់កូនចៅ​បាន​ទៅសិក្សា​យ៉ាងតិចពី៩ទៅ១២ឆ្នាំ ស្របតាម គោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍ ​នៃអង្គការ​សហ​ប្រជាជាតិ។ ឯកឧត្តមគូសបញ្ជាក់ថា ដើម្បីឲ្យវិស័យអប់រំមានគុណភាព គេបានកំណត់​គោល​ដៅធំៗ​មួយចំនួន ដែលមានគុណភាពគ្រូបង្រៀន​ គុណភាពកម្មវិធីសិក្សា បរិស្ថាន​សិក្សា ដូចជា អគារសិក្សា តុកៅអី ថ្នាក់រៀនជាដើម នៅក្នុងនោះ វិន័យ សីលធម៌ របស់សិស្ស ក៏ជាកត្តាសំខាន់ដែរ។

បន្ទាប់ពីបាន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំងរួចហើយ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានចុះសិក្សា ស្វែងយល់ នៅតាម វិទ្យាល័យ និងវត្តអារាមមួយចំនួនក្នុងខេត្តនេះ មុនបន្តដំណើរទៅបំពេញបេសកកម្មនៅខេត្តដទៃទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh