ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០កុម្ភៈឆ្នាំ២០១៧
រដ្ឋសភាបានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០កុម្ភៈឆ្នាំ២០១៧
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/19/2017 10:23:24 PM )

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សមេ្តចអគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអនុ​ម័ត​សេ​ចក្តី​ស្នើ​វិ​សោធន​កម្ម​ច្បាប់ ​ស្តីពីគណបក្សនយោបាយ ដោយមានវត្តមាន​តំណាងរាស្រ្តចូលរួមប្រជុំ ចំនួន​៦៦រូប​។

តំណាងរាស្រ្តចំនួន៦០រូប បានស្នើសុំវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។ សេចក្តីស្នើ​វិសោធនកម្មច្បាប់នេះ មានពីរមាត្រា។ ឯកឧត្តម បណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និង​យុត្តិធម៌ នៃរដ្ឋសភា ជាអ្នក​អាន​លទ្ធ​ផល​​នៃការពិនិត្យ​និង​សិក្សា សេចក្តី​ស្នើវិសោធនកម្មជូន អង្គសភា។ ឯក​ឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហ​ប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងសហការី ជា​តំណាង តំណាង​រាស្រ្ត​ហត្ថលេខី ជាអ្នក​​ការពារ​សេចក្តីស្នើ​វិសោធនកម្មនេះ។

សេចក្តីថ្លែងហេតុរបស់តំណាង តំណាងរាស្រ្តហត្ថលេខី បានគូសបញ្ជាក់ថា ដោយ​សារ​របត់ន​យោ​បាយ សភាពការណ៍ជាក់ស្តែង កម្មវិធីនយោបាយ របស់គណបក្សនយោបាយខ្លះ ដែលទទួល​ស្គាល់ ឬមិនទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ ដែលជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល បានបង្កើតនូវ បញ្ហាប្រឈមជាច្រើន ដែលច្បាប់ស្តីពីគណបក្សនយោបាយឆ្នាំ១៩៩៧ មិនបានចែង​ឲ្យ​ចប់សព្វគ្រប់​នៅឡើយ។ ដូចជាក្នុងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជំពូកទី៣ មាត្រា១២ ចំណុច​ត្រេទី៤ ចែងថា “មិនត្រូវស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវ​បានដក​សិទ្ធិ​បោះឆ្នោត”។

សូមជម្រាបថា ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានប្រកាសឲ្យប្រើនៅឆ្នាំ១៩៩៧។ តំណាង​ហត្ថលេខីបានលើកឡើងថា ដោយសារច្បាប់ស្តីពី គណបក្សនយោបាយជាច្បាប់​មូល​ដ្ឋា​នដំបូង ដែលពាក់ព័ន្ធដល់ការ​បោះ​ឆ្នោត​ជាសកល ឬអសកល នៅក្នុងប្រទេស ហើយពុំមានចែងនូវ​លក្ខខណ្ឌ​គ្រប់គ្រាន់ស្របតាមស​ភាព​ការណ៍បច្ចុប្បន្ននៅកម្ពុជា ទាមទារចំាបាច់ឲ្យ​មានការធ្វើវិសោធនក​ម្ម​​ច្បាប់ ស្តីពី​គណបក្ស​នយោបាយ​នៅ​ពេលនេះ។

បន្ទាប់ពីបានពិភាក្សាតាមនីតិវិធី អង្គសភាបានអនុម័តយល់ព្រម លើខ្លឹម​សារទំា​ង​មូល ​នៃ​សេចក្តី​ស្នើ​វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ចំនួន៦៦សំ​ឡេង៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh