ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ស្នើសមាជិកព្រឹទ្ធសភាជប៉ុន ជំរុញអ្នកវិនិយោគ ទេសចរជប៉ុន មកកម្ពុជាឲ្យបានច្រើន
ឯកឧត្តម ឈាង វុន ស្នើសមាជិកព្រឹទ្ធសភាជប៉ុន ជំរុញអ្នកវិនិយោគ ទេសចរជប៉ុន មកកម្ពុជាឲ្យបានច្រើន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/17/2017 1:45:38 AM )

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូព្រឹទ្ធសភាប្រទេសជប៉ុន ដឹកនាំដោយ ឯកឧត្តម Shigeki Iwai ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន បាន ស្នើដល់ភាគីជប៉ុន ជួយជំរុញអ្នកវិនិយោគនិងអ្នកទេសចរពីប្រទេសជប៉ុន មកបណ្តាក់ទុននិងកម្សាន្តនៅកម្ពុជាឲ្យបានច្រើនឡើង។

ឯកឧត្តម Shigeki Iwai សមាជិកព្រឹទ្ធសភាប្រទេសជប៉ុន និងជាសមាជិក គណៈកម្មាធិការពិសេស ទទួលបន្ទុកកិច្ចការជំនួយអភិវឌ្ឍន៍សង្គម និង កិច្ចការសាធារណៈ ស្តីពី“គម្រោងជំនួយអភិវឌ្ឍន៍ជប៉ុន(ODA) នៅក្នុងប្រទេសកម្ពុជា” បានដឹកនាំគណៈប្រតិភូមួយក្រុមមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបពិភាក្សាការងារជា​មួយ ឯកឧត្តម ឈាង វុន និងសហការី នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពកម្ពុជា និងជប៉ុន។ ចំណងមិត្តភាព ដែលឯកឧត្តម វាយតម្លៃថាមាន លក្ខណៈជាបងប្អូន។ ចំពោះសំណើដូចខាងលើ ឯកឧត្តម  ឈាង វុន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមានសក្តានុពល ទំាងខាងវិនិយោគនិងកម្សាន្ត។

ឯកឧត្តមលើកឡើងថា កម្ពុជាមានដីដែលមានជីជាតិ សម្រាប់​ការដំាដុះដំណំាជាច្រើនប្រភេទ។ ជាមួយគ្នានេះ កម្ពុជាមានកសិផលជាច្រើនដែលអាច នាំចេញ ដូចជាស្វាយ ចេក ឬផ្លែមាន និងស្រូវ ជាដើម។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងបន្ថែមថា កម្ពុជាបាននាំចូល ផលិតផលអេឡិចត្រូនិច និងគ្រឿងចក្រឧស្សាហកម្ម ពីប្រទេសមួយចំនួន ក្នុងនោះមានពីប្រទេសជប៉ុនផងដែរ ប៉ុន្តែកម្ពុជានៅខ្វះខាត ធនធានមនុស្សខាងបច្ចេកទេស សម្រាប់ជួសជុសសម្ភារៈ គ្រឿងចក្រទំាងនោះ  ដូច្នេះបើ ប្រទេសជប៉ុនវិនិយោគរោងចក្រ ឬការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេសនេះដល់ប្រជាជនកម្ពុជាជាការល្អប្រសើរមួយ។ ឯកឧត្តមបាន ជម្រាបគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ការវិនិយោគពីបរទេសយ៉ាងខ្លំាងក្លានៅពេលនេះ។

ឯកឧត្តម ឈាង វុន ក៏បានរម្លឹកនិងថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់ជំនួយសន្ធឹកសន្ធាប់ដល់កម្ពុជា រាប់ទំាងពីជំនួយក្នុងការស្វែងរក សន្តិភាពជូនកម្ពុជា ការកសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម មានស្ពាន ផ្លូវថ្នល់ និងជំនួយលើការងារមនុស្ស​ធម៌ ដូចជាការដោះមីន និងកាក សំណល់សង្រ្គាម ជាដើម។

ឯកឧត្តម Shigeki Iwai និងសហការី បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះ ឯកឧត្តម ឈាង វុន និងសមាជិក​សមាជិកាទំាងអស់ដែលបាន លើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រ​ទេសជប៉ុន និងកម្ពុជា។ ឯកឧត្តមប្រធានគណៈប្រតិភូ មានសង្ឃឹមថាសំណូមពរ និង ការលើកឡើងរបស់ភាគី​កម្ពុជានៅពេលនេះ នឹងក្លាយជាការអនុវត្តជាក់ស្តែងមួយនៅថ្ងៃអនាគត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh