ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ជម្រាបមន្រ្តីសភាមកពីប្រទេសឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងថៃ ពីតួនាទី ភារកិច្ច រដ្ឋសភាកម្ពុជា
ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ជម្រាបមន្រ្តីសភាមកពីប្រទេសឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងថៃ ពីតួនាទី ភារកិច្ច រដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/17/2017 1:44:24 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានជម្រាបដល់សិក្ខាកាម ដែលជាមន្រ្តីសភា មកពីប្រទេសឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងថៃ ថាព្រះរាជាណាចក្រកម្ពុជា ប្រកាន់រប​បលទ្ធិប្រជាធិបតេយ្យ។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានធានាដោយ​ច្បាប់កំពូលរប​ស់​​​រដ្ឋ គឺរដ្ឋធម្មនុញ្ញ​។ កម្ពុជាមានអំណាចកំពូលបីដាច់ពីគ្នា គឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។​ឯកឧត្តមបញ្ជាក់ថា រដ្ឋសភាជាស្ថាប័ននីតិប្បញ្ញត្តិ ដែលកើតឡើង តាមការបោះឆ្នោត នៅរៀងរាល់៥ឆ្នាំម្តង។

សិក្ខាកាមដែលជាមន្រ្តីសភា មកពីប្រទេសឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងថៃ ចំនួន១៥នាក់ បានមកសិក្សា និងចែករំលែកបទពិសោធន៍ ពីការងារ ស្រាវជ្រាវសភានៅកម្ពុជាជាមួយមន្រ្តីសភាកម្ពុជា ក្រោមការរៀបចំដោយវិទ្យាស្ថានសភាកម្ពុជា ហើយសិក្ខាកាមទំាងនោះបានចូលជួបស្តាប់បទបង្ហាញ​របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ពីតួនាទីនិងភារកិច្ចរដ្ឋសភាកម្ពុជានៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០១៧។

លោក លឹម សុវណ្ណារ៉ា គ្រូបង្រៀនផ្នែកស្រាវជ្រាវ នៃវិទ្យាស្ថានសភាកម្ពុជា(PIC) បានថ្លែងអំ​ណរ​គុណ ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ពិសេស ឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលវេលាមមាញឹកមកធ្វើបទបង្ហាញនៅពេលនេះ។

លោក លឹម សុវណ្ណារ៉ា បានឲ្យដឹងបន្ថែមថា នេះជាលើកទី៣ហើយ ដែលវិទ្យាស្ថានសភាកម្ពុជា បានបើកវគ្គហ្វឹកហ្វឺន ផ្តាស់ប្តូរបទពិសោធន៍ការងារ ស្រាវ​ជ្រាវសភាដល់មន្រ្តីសភាក្នុងប្រទេសអាស៊ាន ដែលមកពីប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន ដើម្បីស្វែងយល់ពីការងារសភា ក្នុងតំបន់នេះ ទៅវិញទៅមក។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជម្រាបសិក្ខាកាមបន្ថែមថា រដ្ឋសភាមានតួនាទីសំខាន់បី គឺការពិនិត្យ ពិភាក្សា និងអនុម័តច្បាប់ដែលមាន សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ជាតំណាងប្រជាពលរដ្ឋ និងជាអ្នកឃ្លំាមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។

ចំណែក ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើបទបង្ហាញពីនីតិវិធីនៃការពិភាក្សា និងអនុម័ត ច្បាប់ក្នុងរដ្ឋសភាដល់សិក្ខាកាម​។ ឯកឧត្ដមបានពន្យល់លម្អិត ចាប់ពីការពិភាក្សាសេចក្តីស្នើច្បាប់ឬ សេចក្តីព្រាងច្បាប់ ​នៅក្នុងគណៈកម្មការជំនាញ រហូតដល់ការពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh