ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ នៅថ្ងៃទី២០ កុម្ភៈ ខាងមុខនេះ
រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ នៅថ្ងៃទី២០ កុម្ភៈ ខាងមុខនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/14/2017 9:05:58 PM )

រដ្ឋសភាបានសម្រេច កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ​នៅព្រឹកថ្ងៃចន្ទ ទី​២០ ​ខែកុម្ភៈ​ឆ្នាំ២០១៧ ​ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្ស​នយោបាយ។ នេះ​បើ​តាម​លទ្ធ​ផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

សមាជិករដ្ឋសភាចំនួន៦០រូប បានស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ មកកាន់​រដ្ឋសភា ហើយកាលពីថ្ងៃទី១៣ ខែកុម្ភៈ មុននេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រជុំ​សម្រេច​ប្រគល់​​សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មនេះ ជូនទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយ​សហ​ការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ហើយនៅពេលនេះគណៈកម្មការទាំងពីរ បាន​បញ្ជូន​លទ្ធផល​មកកាន់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​​​រដ្ឋសភាវិញ បន្ទាប់ពីបានពិនិត្យ និងសិក្សាចប់សព្វគ្រប់នោះ។

យោងតាមលទ្ធផលពិនិត្យសិក្សារបស់គណៈកម្មការជំនាញរដ្ឋសភាបានបញ្ជាក់ថា សេចក្តីស្នើ​ច្បាប់ ​ស្តីពី​វិសោធនកម្មច្បាប់ ស្តីពី​គណបក្សនយោបាយ នេះគឺធ្វើឡើងស្រប​តាម​​រដ្ឋធម្មនុញ្ញ និងច្បាប់​ជាធរ​មាននិងតាមរបត់នយោបាយជាក់ស្តែង។

ច្បាប់ស្តីពី​គណបក្សនយោបាយ បានប្រកាសឲ្យប្រើ កាលពីឆ្នាំ១៩៩៧ មាន១១ជំពូក និង៤៥​មាត្រា ហើយតាមគម្រោង សេចក្តីស្នើវិសោធនកម្ម នៅពេលនេះ ច្បាប់ស្តីពីគណបក្សនយោបាយ​នេះ នឹងឡើង​ដល់​៥០មាត្រា តែនៅ១១ជំពូកដដែល។

សូមជម្រាបថា ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានបញ្ចប់ ឯកឧត្តម ឈាង វុន និង ឯកឧត្តម ហូរ វ៉ាន់ ដែលជាសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ពីលទ្ធផលនៃកិច្ចប្រជុំផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh