ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីលើជំនាញស្រាវជ្រាវកិច្ចការសភា
រដ្ឋសភាបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីលើជំនាញស្រាវជ្រាវកិច្ចការសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/14/2017 6:51:56 PM )

វគ្គសិក្សាពីការស្រាវជ្រាវកិច្ចការសភានេះ គឺធ្វើការបណ្តុះបណ្តាល ដល់មន្ត្រីនាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិ និងនាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាល ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាពដល់មន្ត្រីស្រាវជ្រាវ នៃនាយកដ្ឋានទាំងពីរ លើជំនាញស្រាវជ្រាវដោយផ្តោតលើទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

ឯកឧត្តមលើកឡើងថាការសិក្សានេះ នឹងផ្តល់ឱកាសឱ្យមន្ត្រីស្រាវជ្រាវចូលរួមរៀនសូត្រទទួលចំណេះដឹងថ្មីៗ ស្របតាមបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ដើម្បីយកចំណេះដឹង និងបទពិសោធន៍​ទាំងនេះ ទៅអនុវត្តនូវតួនាទី និងភារ​កិច្ចរបស់ខ្លួន ជូនដល់អង្គភាពឲ្យទទួលបានជោគជ័យ។

ឯកឧត្តមអគ្គលេខាធិការ បានផ្ដាំផ្ញើដល់មន្រ្តី នៃនាយកដ្ឋានទាំងពីរ ដែលបានមកចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗថែមទៀត សម្រាប់យកទៅបម្រើការងាររបស់ខ្លួន ឲ្យទទួលបាននូវលទ្ធផល ល្អ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្រោមគម្រោង កិច្ចសហការរបស់អង្គការ(GIZ) ជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា។ នេះជាវគ្គ បណ្ដុះបណ្ដាលលើកទី២ ដែលវគ្គបណ្តុះបណ្តាលលើកទី១ បានរៀចំធ្វើឡើងម្ដងរួចមកហើយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh