ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភាជួបពិភាក្សាគ្នាជាមួយក្រុមតំណាងរាស្រ្តហត្ថលេខីនៃសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ
គណៈកម្មការជំនាញនៃរដ្ឋសភាជួបពិភាក្សាគ្នាជាមួយក្រុមតំណាងរាស្រ្តហត្ថលេខីនៃសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/14/2017 12:21:49 AM )

បន្ទាប់ពីបានប្រជុំផ្ទៃក្នុងគណៈកម្មការ កាលពីរសៀលថ្ងៃម្សិលមិញទៅលើសេចក្ដីស្នើច្បាប់ ស្តីពី​វិសោធនកម្មច្បាប់ ស្តីពី​គណបក្សនយោបាយ  នៅព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ សហការជាមួយ  គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បាន ជួប​ប្រជុំ​ជា​មួយ ឯក​ឧត្តមបណ្ឌិត​រដ្ឋ ជាម យៀប និង ឯក​ឧត្តម ឈាង វុន តំណាងក្រុមតំណាងរាស្រ្តហត្ថលេខី នៃសេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម ច្បាប់ ស្តីពី​គណបក្សនយោបាយ  នៅវិមានរដ្ឋសភា ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញបានចែងថា តំណាងរាស្រ្តមានសិទ្ធិ ស្នើធ្វើវិសោធនកម្មច្បាប់បាន លុះត្រាតែមានសម្លេងមួយភាគបី។ ជាក់ស្ដែងនៅពេលនេះ មានតំណាងរាស្រ្ត​ហត្ថលេខី​ចំនួន​៦០រូប បានស្នើសុំធ្វើ​វិសោធនកម្ម លើមាត្រាមួយចំនួន នៃច្បាប់ ស្តីពី​គណបក្សនយោបាយ និង​យោងតាមការសម្រេច នៅក្នុង​កិច្ច​ប្រជុំរបស់គណៈកម្មា​ធិការ​​​អចិន្ត្រៃយ៍រដ្ឋសភា កាលពី​ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក ដែល​បាន​ប្រគល់ភារកិច្ចឲ្យ​គណៈ​កម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការមហាផ្ទៃ ​ការពារជាតិ និងមុខងារ សាធារណៈ ធ្វើការពិនិត្យសិក្សាលើ​សេច​ក្តី​ស្នើធ្វើ​វិសោធនកម្មនៃច្បាប់ ស្ដីពីគណបក្សនយោបាយទៅតាមសំណើដែលបានស្នើសុំ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ទៀតថា តាមការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ គណៈកម្មការយល់ឃើញថា សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្មច្បាប់ ស្តីពី​គណបក្ស នយោបាយ គឺធ្វើឡើងស្រប​តាម​​រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

នៅក្នុងសេចក្ដីថ្លែងហេតុនៃសេចក្ដីស្នើច្បាប់ បានលើកឡើងថា ដោយសាររបត់នយោបាយ និងសភាពការណ៍ជាក់ស្តែង ក៏ដូចជាកម្មវិធីនយោបាយ របស់គណបក្សនយោបាយខ្លះ បានបង្កើតនូវបញ្ហាប្រឈមជាច្រើន ដែលច្បាប់ស្តីពី​គណបក្សនយោបាយឆ្នាំ១៩៩៧ ពុំមានចែងនូវលក្ខខ័ណ្ឌគ្រប់គ្រាន់ ស្របតាមសភាពការណ៍បច្ចុប្បន្ន ដូច្នេះវាទាមទារចាំបាច់ឲ្យមានការស្នើធ្វើវិសោធនកម្មទៅលើច្បាប់ ស្តីពីគណបក្សនយោបាយនេះ ។

​ច្បាប់ស្តីពីគណបក្សនយោបាយ មានចំនួន១១ជំពូក និង៥០មាត្រា។ ចំពោះការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយនាពេលនេះ គឺធ្វើ ទៅលើ៩ជំពូក និង២២មាត្រា។

ក្រោយពីបាន ស្ដាប់នូវប្រសាសន៍បកស្រាយពន្យល់ ពីមូលហេតុដែលនាំឲ្យមានការស្នើសុំធ្វើវិសោធនកម្ម នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដោយ​ឯកឧត្តមបណ្ឌិត​រដ្ឋ ជាម យៀប និង ឯក​ឧត្តម ឈាង វុន តំណាងក្រុមតំណាងរាស្រ្តហត្ថលេខី រួចមក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមាន ប្រសាសន៍ថា បន្ទាប់ពីបានពិនិត្យ​ សិក្សា​ស្រាវជ្រាវ និងបានស្ដាប់ការបកស្រាយ ពីតំណាងក្រុមតំណាងរាស្ត្រហត្ថលេខីនាពេលនេះរួច ​គណៈកម្មការ ជំនាញនៃរដ្ឋសភាទាំងពីរ សម្រេចបញ្ជូនសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា ​​ដើម្បី សម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាជា​វិសាមញ្ញ ធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh