ថ្ងៃ ព្រហស្បត្តិ៏ ទី 30 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » សិក្ខាកាមវគ្គបណ្ដុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២២ មកសិក្សាស្វែងយល់អំពីរដ្ឋសភា
សិក្ខាកាមវគ្គបណ្ដុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២២ មកសិក្សាស្វែងយល់អំពីរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/8/2017 6:40:29 PM )

សិក្ខាកាមវគ្គបណ្ដុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២២ នៃសាលាកងរាជអាវុធហត្ថ នៃអគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៨៥រូប ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី មាស ​យ៉ត នាយករងទទួលបន្ទុកកិច្ចការហ្វឹកហ្វឺន នៃសាលាកងរាជអាវុធហត្ថកំបូល បានមកធ្វើ ទស្សនកិច្ចសិក្សាស្វែងយល់អំពី​តួនាទី​និង​ភារកិច្ចរ​បស់រដ្ឋសភា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

នៅចំពោះមុខគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន និងឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ លោកឧត្តមសេនីយ៍ត្រី មាស ​យ៉ត បានមានប្រសាសន៍ជម្រាបជូនថា ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្រ្ត របស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលលើការងារអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៨៥នាក់ ត្រូវបានចាត់ឲ្យ ចូលរួមវគ្គបណ្ដុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២២ ដែលបានចាប់ផ្ដើម ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ខាងមុខ។ ក្រៅពីការទទួលចំណេះដឹង ពីវគ្គបណ្ដុះបណ្ដាលហើយ សិក្ខាកាមទាំងអស់ ក៏នៅត្រូវការក្រេបជញ្ជក់ នូវចំណេះដឹង និង បទពិសោធន៍ពីស្ថាប័នពាក់ព័ន្ធផ្សេងៗបន្ថែមទៀត ជាក់ស្ដែងនៅពេលនេះ បានមានឱកាសមកសិក្សាស្វែងយល់អំពីការងាររបស់រដ្ឋសភា ដើម្បីបំពេញ បន្ថែមទៅលើចំណេះជំនាញដែលខ្លួនមានសម្រាប់យកទៅបម្រើការងារជូនអង្គភាព ក៏ដូចជាប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនសិក្ខាកាមទាំងអស់ ដែលបានមកសិក្សាស្វែងយល់ ពីកិច្ចការងាររដ្ឋសភានាពេលនេះថា រដ្ឋសភាគឺជាស្ថាប័នកំពូល ដែលកើតចេញពី ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ហើយមានតួនាទីភារកិច្ចសំខាន់បី គឺជាអ្នកតាក់តែង និងឣនុម័តច្បាប់ តាមដានការឣនុវត្តច្បាប់ របស់រាជរដ្ឋាភិបាល និងចុះសាកសួរស្វែងយល់ពី សុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្រៅពីការជម្រាបជូនពីភារកិច្ចរ​បស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនលម្អិតអំពីការងារតាក់តែងច្បាប់ របស់រដ្ឋសភា ដែលត្រូវធ្វើឲ្យស្របទៅនឹងគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់កំពូលរបស់ជាតិនិងច្បាប់អន្តរជាតិ មួយចំនួនជាដើម។ ឯកឧត្តមបណ្ឌិតបន្ថែមថា ក្នុងរយៈពេល៥អាណត្តិមកនេះ រដ្ឋសភាកម្ពុជាបានអនុម័ត​ច្បាប់ជាច្រើន ហើយរដ្ឋសភាក៏កំពុងបន្តពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់ជាច្រើនទៀត ដើម្បីពង្រឹងនីតិរដ្ឋ ពីព្រោះថាច្បាប់ទំាងអស់នោះ ជាយន្តការដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល យកទៅអនុវត្ត ក្នុងការគ្រប់គ្រងដឹកនាំប្រទេសជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងដែរថា ប្រទេសនីមួយៗនៅលើពិភពលោក ត្រូវការច្បាប់ច្រើនណាស់ ដើម្បីគ្រប់​គ្រងប្រទេសស្រប​តាមគោលការណ៍នីតិរដ្ឋ។​ ហើយមានច្បាប់មួយចំនួនក៏ត្រូវបានធ្វើវិសោធនកម្ម ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍរបស់សង្គម ផងដែរ។

បន្ទាប់ពីបានស្ដាប់នូវប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ​ប្រធានគណៈកម្មការ ក៏ដូចជាប្រសាសន៍ ឯកឧត្ដម លោកជំទាវ នៅក្នុង គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា រួចមក លោក វ៉ា ណុប តំណាងសិក្ខាកាមក៏បានឡើងថ្លែងអំណរគុណចំពោះស្ថាប័នរដ្ឋសភា ដែលបាន អនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពី​តួនាទី​និង​ភារកិច្ចរ​បស់រដ្ឋសភា​នាពេលនេះ ដោយលោកបានសន្យាថា នឹងចងចាំនូវប្រសាសន៍ ដ៏ល្អៗទាំងនេះ សម្រាប់យកទៅអនុវត្តការងារបម្រើជូនប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh