ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ជម្រាបពីមូលហេតុ រដ្ឋសភាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ជំពូក១២ថ្មី ប្រការ៤៨ថ្មី (បី) ដល់ទូតប្រទេសអូស្ត្រាលី
ឯកឧត្តម ឈាង វុន ជម្រាបពីមូលហេតុ រដ្ឋសភាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ជំពូក១២ថ្មី ប្រការ៤៨ថ្មី (បី) ដល់ទូតប្រទេសអូស្ត្រាលី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/7/2017 1:02:44 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជម្រាប លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ពីការដែលរដ្ឋសភាធ្វើវិសោធនកម្ម ជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភា កាលពីពេលថ្មីៗនេះ គឺធ្វើឡើងតាមសំណើរបស់តំណាងរាស្រ្ត នៅពេលដែលគណបក្សសំឡេងភាគតិច បានកេងចំណេញវប្បធម៌សន្ទនា មិនយកវប្បធម៌សន្ទនាដោះស្រាយបញ្ហាជាតិ តែកេងចំណេញនយោបាយឲ្យគណបក្សខ្លួន និងបានជំរុញឲ្យគណបក្សប្រជាជនកម្ពុជា អនុវត្តនូវអ្វីដែល ខុសច្បាប់ គឺការដោះលែងអ្នកទោសជាដើមនោះ។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងដូច្នេះ នៅពេលជួបពិភាក្សាការងារជាមួយ លោកជំទាវ Angela Corcoran នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា ហើយលោកជំទាវ ឯកអគ្គរដ្ឋទូតបានសួរនាំពីបញ្ហានេះ។ ជាការឆ្លើយតប ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ការបង្កើតជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមម្នាក់ដែរ ដើម្បីជំរុញវប្បធម៌សន្ទនា រវាងគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងការដោះស្រាយ គោលនយោបាយជាតិសំខាន់​ៗ ប៉ុន្តែកន្លងមក គណបក្សសំឡេងភាគតិចនៅក្នុងរដ្ឋសភាមិនមាន ភាពស្មោះត្រង់នៅក្នុងការអនុវត្តវប្បធម៌សន្ទនានេះ។

ឯកឧត្តមបានលើកឡើងថា កន្លងមកគណបក្សក្រៅរដ្ឋាភិបាល បានយកការជួបសន្ទនា ដើម្បី​​កេងចំណេញនយោបាយ និងតែងតែលើកសំណើឲ្យមាន ការដោះលែងអ្នកជាប់ទោសព្រហ្មទណ្ឌ ដែលជាការរំលោភអំណាចតុលាការ ហើយគណបក្សប្រជាជនកម្ពុជា មិនអាចអនុវត្តតាមនូវអ្វីដែលផ្ទុយពីច្បាប់ ឡើយ ដូច្នេះហើយទើបមានសំណើវិសោធនកម្មនេះ។

លោកជំទាវ Angela Corcoran
បានថ្លែងអំណរគុណដល់ ឯកឧត្តម ឈាង វុន ដែលបានពន្យល់ ពីស្ថានការណ៍ នយោបាយថ្មីៗ នៅកម្ពុជា។ លោកជំទាវ បានមានប្រសាសន៍គូសបញ្ជាក់ថា ប្រទេសអូស្ត្រាលី គោរពប្រព័ន្ធច្បាប់របស់កម្ពុជា និងបានបើកចំហចំពោះ ទស្សនៈ យោបល់ គ្រប់គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh