ថ្ងៃ ពុធ ទី 26 ខែ មេសា ឆ្នាំ​ 2017
គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ចរបស់សភាតំបន់អាស៊ី(APA) នៅប្រទេសបារ៉ែន__ នាយករដ្ឋមន្រ្តីវៀតណាម លើកឡើងពីតួនាទីដ៏សំខាន់របស់រដ្ឋសភា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា វៀតណាម__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ __ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ __ រដ្ឋសភាប្រកាសជ្រើសរើសបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជំនួស ឯកឧត្តម ពិត តំាងសាន ដែលទើបទទួលមរណភាព​ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមការងារស្រ្តីប្រទេសមីយ៉ាន់ម៉ា មកដកស្រង់បទពិសោធន៍ការងារ ពីក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី
ក្រុមការងារស្រ្តីប្រទេសមីយ៉ាន់ម៉ា មកដកស្រង់បទពិសោធន៍ការងារ ពីក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/31/2017 8:12:30 PM )

គណៈប្រតិភូរបស់វិទ្យាស្ថានយេនឌ័រនិងអភិវឌ្ឍន៍នៃប្រទេសមីយ៉ាន់ម៉ា ដែលមានឈ្មោះជាភា​សា​អង់គ្លេសថា (Gender and Development Institute-Myanmar) បានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានជួបពិភាក្សាការងារជាមួយក្រុមសភាជាតិកម្ពុជា​នៃអ្នកនយោបាយសភាស្រ្តី នៃរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

លោកជំទាវ Khaing MarHtay ប្រធានគណៈប្រតិភូ បានមានប្រសាសន៍លើកឡើងថា ដំណើរទស្សនកិច្ចមកកម្ពុជានៅពេលនេះ ដើម្បីធ្វើការសិក្សា ស្វែងយល់ និងផ្លាស់ប្តូរ បទពិសោធន៍​ការងារមួយចំនួន ជាមួយក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី របស់រដ្ឋសភាកម្ពុជា។ ក្នុងដំណើរ ទស្សនកិច្ចនេះ គណៈប្រតិភូចង់សិក្សាស្វែងយល់ ជាពិសេសពីនីតិវិធី​ក្នុងការបង្កើតក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី និងតួនាទីភារកិច្ច របស់ក្រុមនេះ។

លោកជំទាវប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថា ការងារបង្កើតឲ្យមានក្រុមសភាជាតិ នៃអ្នកនយោបាយសភាស្រ្តី នៅប្រទេសមីយ៉ាន់ម៉ាជារឿង ថ្មីមួយ ពីព្រោះអី ដូចគ្រប់គ្នាបានដឹងថាភូមាទើបមានការផ្លាស់ប្តូររបបដឹកនាំប្រទេស កាលពីឆ្នាំ២០១០កន្លងមកនេះ តាមរយៈការបោះ​ឆ្នោត​។

ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្រ្តី បានស្វាគមន៍ចំពោះគណៈប្រតិភូ និងបានលើកឡើងថា ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្ត្រីបាន បង្កើតឡើង តាមរយៈសេចក្តីសម្រេច​របស់ប្រធានរដ្ឋសភា ដែលមានសមាជិក ចូលរួមពីសមាជិកសភាជាស្រ្តីនៃគណបក្ស ដែលមានអាសនៈក្នុង រដ្ឋសភា។

ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី មានតួនាទីនិងភារកិច្ចជាច្រើន ក្នុងការលើកកម្ពស់ និងជំរុញសមាសភាពយេនឌ័រនៅក្នុងប្រទេស កម្ពុជា តាមរយៈតួនាទីសមាជិករបស់​ខ្លួន ដែលជាសមាជិករដ្ឋសភា ជាអ្នកតាក់តែង គោលនយោបាយ ដូចជាការចូលរួម ផ្តួចផ្តើមគំនិតធ្វើ​ច្បាប់ វិសោធនកម្មច្បាប់ ផ្តល់យោបល់ឬអនុសាសន៍ និងសម្តែងមតិ សំដៅធ្វើឲ្យប្រសើរឡើង ​ទៅលើស្ថានភាពស្ត្រី និងកុមារនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំ ដែលមានភាពស្និទ្ធស្នាលសមាជិកក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានជម្រាបជូនគណៈប្រតិភូទៀតថា ក្រុមការងារ របស់ខ្លួន តែងតែធ្វើការតាមដានត្រួតពិនិត្យការអនុវត្តច្បាប់ អនុសញ្ញា ពិធីសារអន្តរជាតិ យុទ្ធសាស្រ្តគោលនយោបាយ បទដ្ឋានគតិយុត្តិទំាងឡាយ និងបានលើកជាអនុសាសន៏ ហើយបានចូលរួមផ្សព្វផ្សាយ អប់រំ បណ្តុះបណ្តាលអំពីសិទ្ធិ ការពង្រឹងសមត្ថភាព និងបំណិនជីវិត ដល់ស្រ្តីនិងកុមារ ដើម្បីលើកស្ទួយតួនាទីស្រ្តីនៅក្នុង​សង្គមផងដែរ។ ជាមួយគ្នានេះ ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោ​បាយសភាស្ត្រី ត្រូវចូលរួមជំរុញវប្បធម៌​សន្ទនា សំដៅរួមចំណែកដល់ការស្រុះស្រួលជាតិ និងមានការងារជាច្រើនទៀត ដែលជាឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជន។

លោកជំទាវ Khaing MarHtay ប្រធានគណៈប្រតិភូ Gender and Development Institute-Myanmar នៃប្រទេសមីយ៉ាន់ម៉ា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមសភាជាតិកម្ពុជានៃអ្នកន​យោ​បាយសភាស្ត្រី នៃរដ្ឋសភាកម្ពុជា ដែលបានទទួល​ស្វាគមន៍ និងផ្តល់ព័ត៌មានយ៉ាងក្បោះក្បាយ ជុំវិញតួនាទី និងភារកិច្ចរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោ​បាយសភាស្ត្រី។ លោកជំទាវបានគូសបញ្ជាក់ថា អ្វីដែលគណៈប្រតិភូទទួលបាន នៅពេលនេះ ជាមេរៀនសំខាន់មួយ ដើម្បីឲ្យក្រុមការងាររបស់លោកជំទាវ យកទៅអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុង​​ការលើកកម្ពស់ សមាសភាពយេនឌ័រ នៅប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh