ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និយាយពីភារកិច្ចតួនាទី ថ្នាក់ដឹកសំឡេងភាគច្រើន ភាគតិច នៅក្នុងរដ្ឋសភា
រដ្ឋសភាបានអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និយាយពីភារកិច្ចតួនាទី ថ្នាក់ដឹកសំឡេងភាគច្រើន ភាគតិច នៅក្នុងរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/30/2017 8:54:00 PM )

សេចក្តីស្នើវិ​សោធន​កម្ម​ ជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលនិយាយពីភារកិច្ច និងតួនាទី របស់ប្រធានថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្ត សំឡេងភាគច្រើន និងភាគតិច នៅក្នុងរដ្ឋសភា ត្រូវបានរដ្ឋសភា ពិភាក្សានិងអនុម័ត នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ នៅក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ដោយមានវត្តមាន តំណាងរាស្រ្តចូលរួមចំនួន ៦៧រូប ក្នុងការពិភាក្សានិងអនុម័ត សេចក្តីស្នើវិសោធនកម្មនេះ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និង​យុត្តិធម៌ នៃរដ្ឋសភា ជាអ្នក​អាន​លទ្ធ​ផល​​ នៃការពិនិត្យ​ និង​សិក្សា សេចក្តី​ស្នើ វិសោធនកម្ម។ ឯក​ឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងសហការី ជា​តំណាង តំណាងរាស្រ្តហត្ថលេខី ជាអ្នក​ការពារ​សេចក្តីស្នើវិសោធនកម្ម។

យោងតាមសេចក្តីថ្លែងហេតុរបស់តំណាង តំណាងរាស្រ្តហត្ថលេខី បានគូសបញ្ជាក់ថា ស្រប​តាមបរិប​ទ​ន​យោបាយបច្ចុប្បន្ន របស់ព្រះរាជាណាចក្រ កម្ពុជា និងឆ្លងការអនុវត្តជាក់ស្តែង​នូវជំពូកទី​១២ថ្មី ប្រការ​៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបការលំបាកនិង​បញ្ហា​ប្រឈមនានា ដោយតែងតែលើកយកបញ្ហា​នយោបាយ ដែលមិនបម្រើផលប្រយោជន៍ប្រជាជន សង្គម និងផលប្រយោជន៍ជាតិ មកធ្វើជារបៀបវារៈ មិនតែប៉ុណ្ណោះ បណ្តាលឲ្យប៉ះ​ពាល់ដល់ ​ច្បាប់​ជា​ធរមាន និងធ្វើឲ្យប៉ះពាល់ដល់ គោលការណ៍​ នៃការ​បែង​ចែកអំណាច ជាពិសេសដល់អំណាច​នីតិប្រតិបត្តិ និង​អំណាចតុលាការ។ ដូច្នេះចំាបាច់ត្រូវធ្វើវិ​សោ​ធ​នកម្មជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃ​បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា នេះ។​

នៅក្នុងឱកាសចូលរួមប្រជុំពិភាក្សានិងអនុម័តសេចក្តីស្នើវិសោធនកម្មនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានឡើងមានមតិបកស្រាយ ពីមូលហេតុបន្ថែមដែលនាំឲ្យមាន ការស្នើវិសោធនកម្មនេះផងដែរ ដោយនៅក្នុងនោះ សម្តេចតេជោ បានលើកឡើងចំនុចចំនួន៥ជាសំខាន់ ដូចជាការ ទាមទារឲ្យមានការដោះលែងអ្នកទោសដោយខុសច្បាប់ ការមិនគោរពស្មារតីព្រមព្រៀងគ្នាជាដើម៕

 អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh