ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា អញ្ជើញបើកមហាសន្និបាតមន្រ្តីសង្ឃទូទំាងប្រទេស ដើម្បីពិនិត្យ និងដាក់ទិសដៅការងារសាសនា​នៅកម្ពុជា
សម្តេចប្រធានរដ្ឋសភា អញ្ជើញបើកមហាសន្និបាតមន្រ្តីសង្ឃទូទំាងប្រទេស ដើម្បីពិនិត្យ និងដាក់ទិសដៅការងារសាសនា​នៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/30/2017 12:36:41 AM )

ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព បើក​អនុ​សំ​វច្ឆរ​មហាសន្និបាតមន្រ្តីសង្ឃទូទំាងប្រទេស ​លើក​ទី​២៥ ​ នៅសាលសន្និ​សីទចតុមុខ រាជធានីភ្នំពេញ។

អនុ​សំ​វច្ឆរ​មហាសន្និបាតមន្រ្តីសង្ឃទូទំាងប្រទេស លើកទី២៥ នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ដោយមានការនិមន្ត និងអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំព្រះសង្ឃ មន្ត្រី​សង្ឃ នៅទូទំាងប្រទេស។  អនុ​សំ​វច្ឆរ​មហាសន្និបាត​ តែងតែរៀបចំធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បី​ពិនិត្យឡើងវិញ​នូវ​ការប្រតិបត្តិ​ក្នុង​កិច្ចការសាសនា រយៈពេល​១ឆ្នាំកន្លងមក​ និង​ការកំណត់​ទិសដៅ​ថ្មី ដើម្បី​អនុវត្តបន្ត ក្នុងការលើក កម្ពស់វិស័យព្រះពុទ្ធសាសនា និងសាសនាដទៃ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែ​ល្អប្រសើរ ​។

មានប្រសាសន៍នៅក្នុងឱកាសបើកអនុ​សំ​វច្ឆរ​មហាសន្និបាត​លើក​ទី​២៥​នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយនៅពេល វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន​ឥតឈប់ឈរ។ សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគោរពសិទ្ធិសេរីភាពខាងជំនឿ និង សាសនា និងបានលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងទៀត ដោយផ្អែក លើមូលដ្ឋាន ថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដោយរារាំងការរើស​អើង និងការបែងចែកក្នុងសង្គមដែល បណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា នោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ស្របនឹងការរីកចម្រើន នូវសុខដុមរមនាខាងសាសនានេះ តែក៏មានកើតឡើងនូវ ភាពអសកម្មខ្លះៗដែរ ដូច្នេះការពិគ្រោះយោបល់ ដែលមហាសន្និបាតនឹងលើកឡើង នៅក្នុងរយៈពេលពីរថ្ងៃនេះ គឺភាពចំាបាច់មួយក្នុងការដោះស្រាយ បញ្ហាប្រឈម ។

សម្តេចចក្រី បានជំរុញ​ដល់ថ្នាក់ដឹកនាំសង្ឃ និងក្រសួងធម្មការ និងសាសនា ពង្រឹងរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងអភិបាលកិច្ច លើការគោរពប្រណិប័តន៍ ធម៌វិន័យ ឲ្យបានល្អប្រសើរថែមទៀត ដោយផ្សារភ្ជាប់នឹងបច្ចេកវិទ្យាទំនើប នាសម័យនេះផង។

នៅក្នុងរបាយការណ៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានឲ្យដឹងថា បច្ចុ​ប្បន្ននៅប្រទេសកម្ពុជាមានវត្តចំនួន៤៨៧២វត្ត និងមាន ព្រះសង្ឃចំនួន៦៩១៩៩អង្គ ក្នុងនោះគណៈមហានិកាយមាន៤៦៥៦វត្ត និងមានព្រះសង្ឃចំនួន៦៤៤០៧អង្គ។ ចំណែកគណៈធម្មយុត្តិកនិកាយ មាន២១៦វត្ត និងព្រះសង្ឃមានចំនួន៤៧៩២អង្គ។

ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានគូសបញ្ជាក់ថា ការអប់រំព្រះពុទ្ធសាសនា មានតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។ បច្ចុប្បន្ននេះមានពុទ្ធិកសកលវិទ្យាល័យចំនួន៣។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំពុងយកចិត្តទុកដាក់ លើវិស័យព្រះពុទ្ធសាសនា និងសា​សនាដទៃ។ កម្ពុជាក៏ជាប្រទេសមួយ ដែលមានសុខដុមរមនាខាងវិស័យសាសនា ហើយសាសនាទំាងអស់ដែល មាននៅកម្ពុជា បានចូលរួមចំណែកកសាងសុខសន្តិភាព និងការអភិវឌ្ឍសង្គមយ៉ាងសកម្ម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh