ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានកំពុងចូលរួមកសាងសមិទ្ធផលតាមវត្តអារាមនៅក្នុងខេត្តកំពង់ធំ យ៉ាងសកម្ម
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានកំពុងចូលរួមកសាងសមិទ្ធផលតាមវត្តអារាមនៅក្នុងខេត្តកំពង់ធំ យ៉ាងសកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/29/2017 7:46:58 PM )

ឯកឧត្ដមបណ្ឌិត ​ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកដាលឆ្លងសមិទ្ធផលនានា ក្នុងវត្តសិរីសោភ័ណ ហៅវត្តភ្នៅ ក្នុងឃុំត្នោតជុំ ស្រុកបា​រាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។ នេះជាការចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា មួយរបស់ឯកឧត្តមបណ្ឌិត ក្នុងចំណោមសទ្ធាជ្រះថ្លាជាច្រើនទៀត ដែលឯកឧត្តមអនុប្រធានទី២នៃរដ្ឋសភា បានចូលរួមជា​មួយ​​ប្រជាពុទ្ធបរិស័ទនៅក្នុង ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានលើកឡើង ដោយសង្ខេបពីប្រវត្តិ និងការកកើតសមិទ្ធផលនានា នៅក្នុងវត្តសិរីសោភ័ណដែល បានកសាងនាពេលកន្លងមក ដោយសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋ ព្រមទំាងការចូលរួមយ៉ាងសកម្ម ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសការ​យកចិត្ត ទុកដាក់របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល

លោកអភិបាលស្រុកបានលើកឡើងថា ឯកឧត្ដមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា បានប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តសិរីសោភ័ណនូវ អគារចំនួន០២ខ្នង កម្ពស់២ជាន់ ដោយចំណាយថវិកា អស់ប្រមាណជាង១៨ម៉ឺនដុល្លារ កាលពីឆ្នាំ២០០៨។ បច្ចុប្បន្នសមិទ្ធផលទំាងនោះ បានកំពុង បម្រើដល់វិស័យព្រះពុទ្ធសាសនាយ៉ាងសំខាន់ ដោយសំណង់អគារនោះ បានក្លាយជាកុដិ និងជាបណ្ណាល័យ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានពាំនាំ ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំសភា និងរាជរដ្ឋាភិបាល ប្រគេននិងជូន ដល់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្រ្តីរាជការទំាងអស់។ ឯកឧត្តមបានលើកឡើងថា ចាប់តំាងពីថ្ងៃ៧ មករា ឆ្នាំ​១៩៧៩មក រាជរដ្ឋាភិបាល បានបើកចំហលើ ជំនឿសាសនាដល់ពលរដ្ឋ និងបានខិតខំក​សាង ស្តាឡើងវិញនូវវត្តអារាម ព្រះវិហារសាសនានានា ដែលរងការបំផ្លាញស្ទើគ្មានសល់ពីរបបប៉ុល​ពត។

ឯកឧត្តមបានបន្តថា ទោះបីព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែប្រជាពលរដ្ឋ មានសេរីភាព មានសិទ្ធិ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងដែល ខ្លួនពេញចិត្តយ៉ាងទូលំទូលាយនៅកម្ពុជា ។

នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើង ពីការអភិវឌ្ឍនៅកម្ពុជា ដែលមានល្បឿន ទៅមុខឥតឈប់ឈរពីសុខសន្តិភាព និងដំណើរការ លទ្ធិប្រជាធិបតេយ្យផងដែរ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយប្រជាពលរដ្ឋទទួ​ល​បាន សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធសង្គម នៅគ្រប់ទីកន្លែងដែលធ្វើឲ្យការរស់នៅ និងជីវភាពពួកគាត់បានប្រសើរឡើងជាលំដាប់។

ពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តសិរីសោភ័ណ ទទួលបានការអបអរសាទរ ពីប្រជាពុទ្ធបរិស័ទ។ ពួកគាត់បានចាត់ទុកថា នេះសញ្ញាបង្ហាញពី ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើវិស័យព្រះពុទ្ធសាសនា ហើយវត្តអារាមទូទំាងប្រទេស ទទួលបានការអភិវឌ្ឍ ជាទីគោរពសក្ការៈរបស់ ប្រជាពុទ្ធបរិស័ទ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh