ថ្ងៃ ពុធ ទី 26 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាពិភាក្សាគ្នាអំពីកិច្ចសន្យាធានារ៉ាប់រងសុខភាពជូនតំណាងរាស្ត្រ
រដ្ឋសភាពិភាក្សាគ្នាអំពីកិច្ចសន្យាធានារ៉ាប់រងសុខភាពជូនតំណាងរាស្ត្រ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/25/2017 12:35:07 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លេខាធិការគណៈកម្មការជំនាញនានា ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រ និងដោយមានការចូលរួមពីក្រុមប្រឹក្សា អ្នកច្បាប់របស់រដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា អគ្គលេខាធិការរង និងមន្ត្រីជំនាញមួយចំនួនទៀត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅ វិមានរដ្ឋសភា ដើម្បីពិភាក្សាគ្នាស្ដីអំពីកិច្ចសន្យាធានារ៉ាប់រងសុខភាពជូនតំណាងរាស្ត្រ ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិភាក្សាគ្នាលំអិត លើកិច្ចសន្យាធានារ៉ាប់រងសុខភាពជូនតំណាង រាស្ត្រ។ កន្លងមកតំណាងរាស្រ្តមួយរូប បាន​ទទួលប្រាក់ធានារ៉ាប់រងសង្គមចំនួន៦០០ ០០០រៀល ក្នុងមួយខែ។ ប៉ុន្តែជាក់ស្តែងការចំណាយ​សម្រាប់ការ ពិនិត្យនិងព្យាបាលតំណាងរាស្រ្តម្នាក់ៗមានចំនួនច្រើនជាងនេះ។ ប្រការនេះហើយ ទើបរដ្ឋសភា ពិនិត្យកិច្ចសន្យាជាមួយក្រុមហ៊ុន People & Partner ដើម្បីអោយក្រុមហ៊ុននេះធានារ៉ាប់រងសុខភាពតំណាងរាស្ត្រទៅតាមលក្ខខណ្ឌដូចតទៅនេះ៖

១-កិច្ចសន្យាជាកិច្ចសន្យារដ្ឋបាល រវាងរដ្ឋសភានិងក្រុមហ៊ុន People & Partner ក្នុងនោះរដ្ឋសភាជាអ្នកបញ្ជាទិញសេវាក្រុមហ៊ុន People & Partner ដែលក្រុមហ៊ុនជាអ្នកបម្រើសេវាកម្ម និងតំណាងរាស្ត្រជាអ្នកទទួលផល។

២-ក្នុងការអនុវត្ត រដ្ឋសភាផ្តល់បញ្ជីតំណាងរាស្ត្រ ដែលទិញសេវាជូនទៅក្រុមហ៊ុន ហើយក្រុមហ៊ុនត្រូវព្យាបាលជំងឺ តាមកម្រិតក្នុងស្រុក និងតំបន់ដែល ក្រុមហ៊ុនកំណត់ កម្រិតនេះចុះក្នុងបញ្ជីមួយភ្ជាប់ជាមួយកិច្ចសន្យា។ ក្រុមហ៊ុនទទួលព្យាបាលតំណាងរាស្រ្ត ដោយគ្មានកំណត់អាយុតិច​ឬច្រើន និង ទទួលព្យាបាលជំងឺគ្រប់ប្រភេទគ្រប់ពេល រួមមានទំាងការពិគ្រោះ តាមដាន និងគ្រោះថ្នាក់ចៃដន្យផង។

៣-លក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុនកំណត់ មានរយៈពេលដំបូង៣ខែ ក្រុមហ៊ុនទទួលពិនិត្យជំងឺ ដើម្បីទុកជាឯកសារមូលដ្ឋាន ប៉ុនែ្តពុំព្យាបាលទេ លើកលែងតែករណីគ្រោះថ្នាក់ដោយចៃដន្យ។ ចំពោះការព្យាបាលជំងឺ ក្រុមហ៊ុនផ្តល់សំណងអតិបរមា លើសពីនេះសាមីខ្លួនអ្នកជំងឺ ត្រូវបង់ថ្លៃដោយ ខ្លួនឯង។

៤-ចំពោះតំណាងរាស្រ្តមួយរូប រដ្ឋសភាបង់ថ្លៃ១៩៣០ដុល្លាក្នុងមួយឆ្នាំ ហើយទទួលបានសេវាពីក្រុមហ៊ុនមានតម្លៃ១០០ ០០០ដុល្លាវិញ។ ការព្យាបាល ធ្វើនៅក្នុងប្រទេសថៃឬប្រទេសសឹង្ហបុរី។

បន្ទាប់ពីស្ដាប់ការពន្យល់របស់ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប រួចមក សមាជិក សមាជិការដ្ឋសភាទំាងអស់ បានឯកភាពលើកិច្ចការធានារ៉ាប់រងនេះ។ ប៉ុន្តែ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ក៏បានស្នើទៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ឲ្យសិក្សាបន្ថែមទៀត ដើម្បីស្វែងរកក្រុមហ៊ុន ដែលមានលក្ខ​ខណ្ឌ​ល្អ ប្រសើរជាងនេះ ប្រសិនបើមិនមានក្រុមហ៊ុនណាផ្សេងទេ យើងនឹងជ្រើសរើសយកក្រុមហ៊ុននេះតែម្តង។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh