ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិស្សានុសិស្សនៃសាលាអន្តរជាតិវេស្ទលេនដ៍ មកសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា
សិស្សានុសិស្សនៃសាលាអន្តរជាតិវេស្ទលេនដ៍ មកសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/20/2017 12:41:21 AM )

សិស្សានុសិស្សមកពីសាលាអន្តរជាតិវេស្ទលែនដ៍ ប្រមាណ១០០នាក់ បានមកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងប្រវត្តិ របស់រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តម ប៉ែន ប្រាកដ អគ្គនាយករងនៃអគ្គនាយកដ្ឋាននីតិកម្មនិងស្រាវជ្រាវ បានមានប្រសាសន៍ ជម្រាបជូនសិស្សានុសិស្សទាំងអស់ អំពីប្រវត្តិ និង ការវិវត្តរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាំងពីបានកកើតឡើងនៅឆ្នាំ១៩៤៦ រហូតមកដល់បច្ចប្បន្ន។ ឯកឧត្តមបន្តថា រដ្ឋសភាជាស្ថាប័នកំពូល របស់ជាតិដែលកើតឡើងតាមរយៈការបោះឆ្នោតដែលមានអាណត្តិរយៈពេល៥ឆ្នាំ។ បច្ចុប្បន្ននេះរដ្ឋសភាមានតំណាងរាស្ត្រចំនួន១២៣រូប ដឹកនាំដោយ គណៈកម្មាធិការអចិន្ត្រៃយ៍១ និងមានគណៈកម្មកាជំនាញចំនួន១០ ជាអ្នកប្រតិបត្តិអំណាចនីតិប្បញ្ញត្តិស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។

ឯកឧត្ដមអគ្គនាយករង ក៏បានជម្រាបពីតួនាទី និងភារកិច្ចសំ​ខាន់​ទាំងបី របស់តំណាងរាស្ត្រផងដែរ គឺទី១-ជាអ្នកពិភាក្សា និងអនុម័តសេចក្ដីព្រាង​ច្បាប់ ឬសេចក្ដីស្នើច្បាប់ ​ទី២-ជាអ្នកពិនិត្យតាមដានការអនុវត្តច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិ និងទី៣-គឺភាពជាតំណាងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយត្រូវចុះស្វែងយល់ពីសុខទុក្ខ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ក្រៅពីនោះតំណាងរាស្ត្រ ក៏មានសិទ្ធិកោះហៅតំណាង រាជរដ្ឋាភិបាលមកឆ្លើយបំភ្លឺចំពោះមុខរដ្ឋសភាផងដែរ។​

ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្មនិងស្រាវជ្រាវ បានមានប្រសាសន៍ឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តអំណាច៣បែងចែកដាច់ពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ឯកឧត្តមបានបន្តទៀតថា រដ្ឋសភាជាអ្នកពិភាក្សា និងអនុម័ត រាល់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ទាំងអស់ដែលរដ្ឋាភិបាលបានព្រាង ឬក៏សភាបានស្នើឡើង។ រាល់សេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ ដែលបានផ្ញើមកដល់រដ្ឋសភា គឺគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវកោះប្រជុំ ដើម្បីពិនិត្យបញ្ជូនទៅគណៈកម្មការជំនាញ ធ្វើការពិនិត្យសិក្សា។ គណៈកម្មការជំនាញ ធ្វើការពិនិត្យសិក្សា ផ្ទៃក្នុង ហើយក៏មានប្រជុំជាអន្តរគណៈកម្មការ និងមានទាំងការអញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺបន្ថែម បន្ទាប់មកទើបបញ្ជូនទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យសម្រេចដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាពេញអង្គធ្វើការពិភាក្សានិងអនុម័ត។

ឯកឧត្ដមអគ្គនាយក មានប្រសាសន៍បន្ថែមថា នៅពេលរដ្ឋសភា អនុម័តសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់រួចហើយ ត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីផ្ដល់យោបល់ ក្រោយពីព្រឹទ្ធសភា ផ្ដល់យោបល់ហើយ ទើបរដ្ឋសភាបញ្ជូន ត្រឡប់ទៅរាជរដ្ឋាភិបាលវិញ។ ហើយរាជរដ្ឋាភិបាលក៏បានយក សេចក្ដីសុំទូលថ្វាយព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh