ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការជំនាញបរិស្ថាននៃរដ្ឋសភាជួបពិភាក្សាការងារជាមួយអង្គការសង្គមស៊ីវិល អំពីកិច្ចការការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ
គណៈកម្មការជំនាញបរិស្ថាននៃរដ្ឋសភាជួបពិភាក្សាការងារជាមួយអង្គការសង្គមស៊ីវិល អំពីកិច្ចការការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/19/2017 2:29:46 AM )

ឯកឧត្តម ហ៊ូ ស្រីុ ប្រធានស្តីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានជួបពិភាក្សាការងារ ជាមួយអង្គការមិនមែនរដ្ឋាភិបាល ស្តីពីបរិស្ថាននិងការប្រែប្រួលអាកាសធាតុ(NECA) បណ្តាញអភិវឌ្ឍន៍ សន្តិសុខស្បៀង និងសុវត្ថិភាពស្បៀងកម្ពុជា(NDF-C) បណ្តាញអង្គការសង្គមស៊ីវិលរេដបូក(CSD REDD+) សម្ព័ន្ធទន្លេកម្ពុជា(RCC) និងវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) នៅវិមានរដ្ឋសភា។

លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) បានលើកឡើងថា ការមកជួបពិភាក្សា ការងារ​ជាមួយ​គណៈកម្មការទី៣ នៃរដ្ឋសភា នាឱកាសនេះ គឺដើម្បីធ្វើបទបង្ហាញជូនគណៈកម្មការពីលទ្ធផលកន្លងមក ដែលសង្គមស៊ីវិលបានអនុវត្ត នៅឆ្នាំ២០១៦ និងចុះសិក្សាស្វែងយល់ ពីកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការទី៣ ក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងបញ្ហា ប្រឈមនានា ព្រមទាំងពិភាក្សាពីកិច្ចសហប្រតិបត្តិការនៅក្នុងឆ្នាំ២០១៧។

លោក ឱម សារ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) និងតំណាងឱ្យក្រុមអង្គការសង្គមស៊ីវិល បានសំណូមពរដល់ គណៈកម្មការទី៣ ចំនួន៤ចំណុច ក្នុងនោះ ទី១សូមឲ្យចុះទស្សនកិច្ចសិក្សា ទៅកាន់តំបន់ទំនប់វារីអគ្គិសនីសំបូរសេសានក្រោម២ និងដនសាហុង ទី២សូមចុះទៅកាន់ បណ្តាខេត្តជុំវិញបឹងទន្លេសាប ដើម្បីត្រួតពិនិត្យតាមដានលើកិច្ចការពារ និងអភិរក្សធនធានជលផល ទី៣សូមចុះទៅកាន់តំបន់ ព្រៃឡង់ និងតំបន់ធ្វើអាជីវកម្មបូមខ្សាច់ និងទី៤ស្នើសុំឱ្យមានកិច្ចប្រជុំ ជាទៀងទាត់រៀងរាល់៦ខែម្តង រវាងគណៈកម្មការទី៣នៃរដ្ឋសភា ជាមួយនឹង អង្គការសង្គមស៊ីវិល ដោយផ្ដោតទៅលើបញ្ហាដែលពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការ។

ជាការឆ្លើយតប ឯកឧត្តម ហ៊ូ ស្រីុ ប្រធានស្តីទីគណៈកម្មការទី៣នៃរដ្ឋសភា បានថែ្លងការកោតសរសើរ ចំពោះតំណាងសង្គមស៊ីវិល និងអង្គការ​មិនមែន រដ្ឋាភិបាល ដែលបានខិតខំធើ្វការងារក្នុងកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការរបស់រដ្ឋសភា សម្រាប់ឆ្នាំ២០១៧បន្តទៀត។

ឯកឧត្តម ហ៊ូ ស្រីុ បានបញ្ជាក់ថា ចំពោះបញ្ហាសំណូមពរទាំង៤ចំណុចខាងលើ គណៈកម្មការទី៣នៃរដ្ឋសភា នឹងលៃលករកពេលសមស្របណាមួយ ដើម្បីចុះទៅកាន់តំបន់ទាំងអស់នោះ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh