ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតប្រទេសព័រទុយហ្គាល់ ជម្រាបសម្តេចប្រធានរដ្ឋសភាថា នឹងខិតខំជំរុញទំនាក់ទំនាក់កម្ពុជា-ព័រទុយហ្គាល់ ឲ្យរឹងមាំឡើង(Video Inside)
ឯកអគ្គរដ្ឋទូតប្រទេសព័រទុយហ្គាល់ ជម្រាបសម្តេចប្រធានរដ្ឋសភាថា នឹងខិតខំជំរុញទំនាក់ទំនាក់កម្ពុជា-ព័រទុយហ្គាល់ ឲ្យរឹងមាំឡើង(Video Inside)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/18/2017 8:45:05 PM )

ឯកឧត្តម ហ្វ្រង់ស៊ីស្កូ វ៉ាហ្សប៉ាតតូ (Francisco Vaz Patto  ) ជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសព័រទុយហ្គាល់ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឲ្យ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា ប្រទេសកម្ពុជានិងព័រទុយហ្គាល់ មានទំនាក់ទំនងជាមួយគ្នាតាំងពី យូរមកហើយ ប៉ុន្តែលើវិស័យខ្លះដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌ ឃើញថានៅមានកម្រិតនៅឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងបេសកកម្មការទូតថ្មីនៅកម្ពុជា ឯកឧត្តមនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងប្រទេស និងប្រជាជនទំាងពីរឲ្យខិតជិតគ្នា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍វត្តមាន នៃបេសកកម្មការទូត​ របស់ឯកឧត្តម និងមានសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីនេះ ឯកឧត្តម ហ្វ្រង់ស៊ីស្កូ វ៉ាហ្សប៉ាតតូ នឹងបន្តពង្រឹងពង្រីក និងលើកកម្ពស់​ទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ឲ្យបានប្រសើរឡើង ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ។ ក្នុងន័យសម្តេច បានលើកទឹកចិត្តដល់ឯកឧត្តមជួយជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា “រដ្ឋសភាកម្ពុជាគាំទ្រ និងធ្វើកិច្ចសហ​ប្រតិបត្តិ​​ការ​ពេញលេញ ដើម្បីឲ្យបេសកកម្មការទូត របស់​ឯកឧត្តមប្រចាំ កម្ពុជា ទទួលបានជោគជ័យ” ៕

​អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh