ថ្ងៃ ពុធ ទី 26 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងឡាវ
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងឡាវ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/18/2017 12:04:16 AM )

សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា បាន​អនុ​ញ្ញា​ត​ឲ្យ ឯកឧត្តម សាយ សំភូន ភូមិវិហាន​ (Saysomphone Ph​o​mvihane) សមាជិកការិយាល័យនយោបាយ​មជ្ឈឹម​បក្ស​បដិវត្តឡាវ និងជាប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្ស​ក​សា​ង​​​​ជាតិ​ឡាវ​ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ខ​ណៈដែល​គណៈប្រតិភូ​មកបំពេញទស្សនកិច្ចនៅព្រះ​រា​ជា​ណាចក្រកម្ពុ​ជា។

ឯកឧត្តម សាយសំភូន ភូមិវិហាន វាយ​តម្លៃខ្ព​ស់ ​ចំពោះការដឹក​នាំ​​ របស់សម្តេចប្រធានរដ្ឋសភា និងរាជ​រដ្ឋាភិបាល ដែលបាន​អភិ​វ​ឌ្ឍន៍​​ប្រទេសកម្ពុជា ឲ្យមាន​ការរីកចម្រើន​ជាលំ​ដាប់​លើគ្រប់​វិស័យ​​​។ ឯកឧត្តម បានគូសបញ្ជាក់ថា​ ការរី​ក​ចម្រើន​របស់កម្ពុជា បាន​ឆ្លុះ​បញ្ចាំងឲ្យឃើញ ពីការរួម​សាម​គ្គីគ្នា​ជាធ្លុង​តែ​មួយ នៅ​ក្នុង​សង្គមប្រ​ជាជា​តិ​ខ្មែរ​។

ឯកឧត្តមប្រធានគណៈប្រតិភូ បានរាយ​ការណ៍​​​ជូ​ន ​សម្តេចប្រ​ធាន​រដ្ឋសភា​ អំពីការ​វិវឌ្ឍន៍ ​ស្ថានការណ៍​ន​យោ​បាយ និងសង្គម​ នៅ​ប្រទេសឡាវ ក្នុងឆ្នាំ២០១៦ ដោយនៅ​ក្នុ​ង​​​​នោះ ប្រ​ទេស​​ឡាវ​បាន បើកមហាសន្និបាតមជ្ឈឹម​បក្ស​បដិវត្ត​ឡាវ​ និងបាន​ជ្រើសរើស ​ថ្នាក់ដឹកនាំរដ្ឋសភាឡាវនីតិកាលថ្មី ហើយគណៈ​កម្មា​ធិការ​មជ្ឈឹមរណសិរ្ស​កសាង​ជាតិឡាវ ​ក៏បាន​បើក​​មហា​សន្និ​បាត​លើកទី១០ របស់ខ្លួនដែរ។

ឯកឧត្តម សាយសំភូន ភូមិវិហាន បានស្នើសម្តេចប្រធានរដ្ឋ​សភា មេត្តាពិនិត្យឡើងវិញ នូវការអនុវត្តកិច្ចព្រមព្រៀងរវាង រណសិរ្ស​កសាង​ជាតិឡាវ និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា ដែលបានចុះកិច្ចព្រមព្រៀង​គ្នា កាលពីឆ្នាំ២០០៧ ​និង​ឆ្នាំ២០១០ ដើម្បីជំរុញដល់ការអនុវត្ត នៅលើចំណុច ខ្វះខាតឲ្យបានពេញ​លេញ ក្នុងការ​បម្រើផលប្រយោជន៍ប្រទេសទំា​ង​ពីរបន្តទៀត។

ជាមួយគ្នានេះ ជួសមុខឲ្យលោកជំទាវប្រធានរដ្ឋសភាឡាវ និង​​ក្នុង​នាមគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​កសាង​ជាតិ​ឡាវ ឯក​ឧត្ត​មប្រធានគណៈប្រតិភូ បានគោរពអញ្ជើញ សម្តេចអគ្គម​ហា​ពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូ​ទៅបំពេញ​ទស្ស​នកិច្ចនៅប្រទេសឡាវ ក្នុងពេលសមស្របណាមួយ​។​

ក្នុងនាមរដ្ឋសភាកម្ពុជា និងក្នុងនាមក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សា​ម​​​​គ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចបានវាយ​តម្លៃខ្ពស់ ចំ​ពោះទំនាក់​ទំនងមិត្តភាពជា ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរដែល​មានការរីកចម្រើនឥតឈ​ប់ឈរពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ។

សម្តេចចក្រី បានរម្លឹកពីព្រឹត្តិការណ៍ដ៏សំខាន់ នៃចំណងមិត្ត​ភាព​កម្ពុ​ជា-ឡាវ ដែលកាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលនៃ​ប្រ​ទេស​​ទាំងពីរ​បានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជា​ផ្លូវការ ​នូវអគារទីស្នាក់​​ការ​ត្រួត​ពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំង​ក្រៀល-ណង​​​ណុង​ខៀន ដែលជាច្រ​កត​ភ្ជាប់សរ​សៃ​​ឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់រ​វាង​ប្រទេសទាំងពីរ។

សម្តេចចក្រីបានបញ្ជាក់ថា “ទាំងនេះគឺជា​សមិទ្ធផលថ្មីមួយ​ទៀត បង្ហាញពីការរីកចម្រើននៃទំនាក់​ទំនងទ្វេភាគី ឆ្លើយតបនឹងតម្រូវ​ការ​ព​ង្រឹងចំណង​មិត្តភាព​ និងកិច្ចស​ហប្រតិបត្តិការជំរុញវិស័យ​គមនាគមន៍ ពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីភាព​រីក​ចម្រើន​ទាំង​អស់គ្នា”។ ចំពោះការគោរពអញ្ជើញ របស់ ឯកឧត្តម សាយ​សំភូន ភូមិវិហាន  សម្តេចប្រធានរដ្ឋសភា បានទទួលយក និង​បាន​បញ្ជាក់​ថា នឹង​រក​ពេលវេលាសមស្របណាមួយ នឹងដឹកនាំ​គណៈ​ប្រតិភូទៅ​បំពេញ​ទស្ស​នកិច្ចនៅប្រទេសឡាវ​៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh