ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » គណៈប្រតិភូសភាកម្ពុជាលើកឡើងពីបញ្ហាសន្តិភាព ស្រ្តី កុមារ និងបរិស្ថាន ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក
គណៈប្រតិភូសភាកម្ពុជាលើកឡើងពីបញ្ហាសន្តិភាព ស្រ្តី កុមារ និងបរិស្ថាន ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/16/2017 1:16:22 AM )

គណៈប្រតិភូសភាកម្ពុជាបានកំពុងបំពេញបេសកកម្មយ៉ាងសកម្ម នៅក្នុងការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅក្នុង ប្រទេសហ្វីជី ដោយត្រូវចូលរួមកិច្ចប្រជុំគណៈកម្មការនានា នៃវេទិកាអន្តរសភាមួយនេះ ព្រមទំាងបានចូលរួមក្នុងពិធីបើកជាផ្លូវការ នៃវេទិកាមួយនេះ និងបានលើកឡើងពីតម្លៃសន្តិភាព បញ្ហាស្រ្តី កុមារ និងបរិស្ថាន ដល់វេទិកាសភាធំនេះផងដែរ។

កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ​​ក្រោមប្រធានបទ “ភាព​ជា​ដៃ​​គូសភា​សម្រាប់សន្តិភាព និងសន្តិសុខ គោលដៅអភិវឌ្ឍន៍ ប្រកបដោ​យ​ចីរ​ភាព២០១៦ ”បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ International Fiji Gold Resort and Spa ទីក្រុងNadi នៃសាធារណរដ្ឋហ្វីជី ក្រោមអធិបតីភាព ឯកឧត្តម Jiko Fatafehi laveni ប្រធានសភាFiji និងជាប្រធាន(APPF) និង ឯកឧត្តម Takuji Yanagimoto សមាជិកសភាជប៉ុន ឯកឧត្តម Jovia.Voreqe Bainimarana នាយករដ្ឋមន្ត្រីសាធារណរដ្ឋហ្វីជី ហើយគណៈប្រតិភូសភាកម្ពុជា ដែល​ដឹកនាំដោយ ឯកឧត្តម ឈាង វុន ក៏បានចូលរួមនៅក្នុងពិធីបើកកិច្ចប្រជុំនេះផងដែរ។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម Jiko Fatafehi laveni ប្រធានសភាហ្វីជី និងជាប្រធាន(APPF) រួចមក គឺមានការថ្លែងបទអន្តរាគមន៍របស់ ប្រតិភូបណ្តាប្រទេសជាសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ គណៈប្រតិភូសភាកម្ពុជាក៏បានថ្លែងបទអន្តរាគមន៍ដោយ ឯកឧត្តម ឈាង វុន បាន លើកឡើងពី តម្លៃសន្តិភាព និងសន្តិសុខ ជាតម្រូវការយ៉ាងចាំបាច់​បំផុត សម្រាប់ប្រជាជាតិ នៅទូទាំងពិភពលោក សម្រាប់គ្រួសារ សម្រាប់ប្រជាជាតិ នីមួយៗ។ ឯកឧត្តមបន្តថា សន្តិភាពពុំមែនកើតឡើង ដោយឯកឯងនោះឡើយ ហើយការកសាង និងការរក្សាសនិ្តភាព និងសន្តិសុខ គឺទាមទារឱ្យ ប្រជាជនគ្រប់រូបជាអ្នកចូលរួមបង្កើត និងជំរុញលើកកម្ពស់។ សន្តិភាពនិងសន្តិសុខ អាចកើតមានឡើង លុះត្រាតែទាំងអស់គ្នា មានការអធ្យាស្រ័យ យោគយល់គ្នា​ទៅវិញទៅមក មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដោយរួមសាមគ្គីគ្នា រក្សាស្ថិរភាពនយោបាយសង្គម ដោយមិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងនៃរដ្ឋនីមួយៗ។

ឯកឧត្តមប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបាន ប្រកាន់ជំហរលើកកម្ពស់ការផ្សះផ្សាជាតិ ដើម្បីឈានទៅរកសន្តិភាពពិតប្រាកដ ជៀសឲ្យផុតនូវអំពើហិង្សា និងការប្រឈមមុខដាក់គ្នាដោយអាវុធ។ “យើងសង្ឃឹមថា សន្តិភាពនឹងកើតមានពិតប្រាកដនៅក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោកទាំងមូល តាមរយៈការជួបជុំគ្នារបស់យើងជា​បន្តបន្ទាប់”។

ចំណែក លោកជំទាវ បាន ស្រីមុំ សមាជិកគណៈប្រតិភូសភាកម្ពុជា មួយរូបទៀត បានមានប្រសាសន៍លើកឡើងថា ពិភពលោកត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ចំពោះស្ថានភាពដ៏គ្រោះថ្នាក់ របស់ស្ត្រីរាប់លាននាក់ ដែលស្ថិតនៅតំបន់មានសង្រ្គាម និងតំបន់មានជម្លោះ នៅពាសពេញពិភពលោកដែល ស្រ្តីនិងកុមារត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរមានដូចជា ការសម្លាប់ ការរំលោភ និងការចាប់បង្ខាំង ដែលកើតមានស្ទើតែរាល់ថ្ងៃ។

លោកជំទាវបានគូសបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយបញ្ជាក់យ៉ាងច្បាស់ថាព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុង ធម្មនុញ្ញសហប្រជាជាតិ សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស និងគ្រប់សន្ធិសញ្ញា និងអនុសញ្ញាទាំងឡាយណាដែលទាក់ទងនឹងសិទ្ធិស្រ្តី និងសិទ្ធិកុមារ។ បុរស និងស្រ្តីមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវយុទ្ធសាស្រ្តសមភាពយេនឌ័រ ជាចំណុចអាទិភាពមួយក្នុងចំណោមចំណុចអាទិភាពជាច្រើន ដើម្បីជំរុញតម្លៃស្រ្តីនិងកុមារ នៅក្នុងសង្គមលើគ្រប់ វិស័យ ទំាងនយោបាយនិងសេដ្ឋកិច្ច។

ដោយឡែក ឯកឧត្តម ប៉ុល ហំម នៅក្នុងបទអន្តរាគមន៍ បានលើកឡើងថា ការចាត់វិធានការណ៍ជាបន្ទាន់ ក្នុងការប្រយុទ្ធប្រឆាំង និងការប្រែប្រួល អាកាសធាតុជាបញ្ហាចាំបាច់មួយរបស់សកលលោក។ ឯកឧត្តមបន្តថា កិច្ចប្រជុំរបស់សភាអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងធ្វើការពិភាក្សាបញ្ហានេះ នឹងក្លាយ ជាឱកាសសំខាន់មួយ ដើម្បីឲ្យមានការដកស្រង់ បទពិសោធន៍ពីគ្នាទៅវិញទៅមកនៅក្នុងតំបន់និងពិភពលោក ក្នុងនោះកម្ពុជាក៏នឹង​បានចូលរួមចំណែក យ៉ាងសកម្មក្នុងការផ្តល់ជាអនុសាសន៍និងបទពិសោធន៍របស់ខ្លួនផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh