ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ស្នើសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ជំរុញអ្នកទេសចរ និងវិនិយោគជប៉ុន មកកម្ពុជាឲ្យកាន់តែច្រើន (Video Inside)
សម្តេចប្រធានរដ្ឋសភា ស្នើសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ជំរុញអ្នកទេសចរ និងវិនិយោគជប៉ុន មកកម្ពុជាឲ្យកាន់តែច្រើន (Video Inside)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/15/2017 9:06:53 PM )

នៅពេលអនុញ្ញាត ឲ្យគណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នៃ​សភា​​ប្រទេសជប៉ុន ដឹកនាំដោយ ឯកឧត្តម រី ហ្សិអុណុយ៉ា (Ryu SHIONOYA) ចូល​ជួប​សម្តែង​​ការគួរសមនៅវិមានរដ្ឋសភា នាព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០​១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានស្នើ​ដល់​គណៈប្រតិភូជួយជំរុញ និងផ្សព្វផ្សាយដល់​អ្នក​វិនិយោគ និងអ្នក​ទេស​ចរណ៍ប្រទេសជប៉ុន មកបណ្តាក់ទុននិងកម្សាន្ត នៅ​កម្ពុជាឲ្យបានច្រើនថែម​ទៀត ដែលជាផ្នែកសំខាន់​មួយក្នុងការ​ជួយ​អភិវឌ្ឍន៍ប្រទេសកម្ពុជា និង​ផ្តល់​ការងារដល់ពលរដ្ឋខ្មែរ​ឲ្យកាន់តែច្រើន។

គណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នៃ​សភា​​ប្រទេសជប៉ុន ដែលមាន ឯកឧត្តម រី ហ្សិអុណុយ៉ា ជាប្រធាន បានដឹកនាំ​គណៈប្រ​តិភូមកបំពេញ ទស្សនកិច្ចនៅ​ព្រះរាជាណាចក្រ​​កម្ពុជា ដើម្បី​ចូល​រួមកិច្ចប្រជុំ​ ស្តី​ពីសកម្មភាពក្រុមមិត្តភាពសភាជប៉ុន-មេគង្គនេះ និង​ត្រូវ​បាន​អនុ​ញ្ញា​ត ​​ចូល​ជួបសម្តែង ការគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា។

ឯកឧត្តមប្រធានគណៈប្រតិភូ បានគំាទ្រការស្នើឡើងរបស់ សម្តេច​ប្រធានរដ្ឋសភា និងបានសន្យាថា នឹងខិតខំជំរុញអ្នកវិនិយោគ និងទេសចរ​របស់​ប្រទេសជប៉ុនមកកម្ពុជា ឲ្យបានច្រើនឡើង។ ឯកឧត្តមបានគូស​បញ្ជាក់​ថា សំណើរបស់សម្តេចប្រធាន ស្របទៅ​នឹង​គោលបំណង នៃ​បេសកកម្មក្រុម មិត្តភាពសភាជប៉ុន-មេគង្គ ដែលបង្កើតឡើង ដើម្បី​ជំរុញចរន្តពាណិជ្ជកម្ម សេដ្ឋកិច្ច និងការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស នៃបណ្តាប្រទេសក្នុងតំបន់ ទន្លេមេគង្គ។​

សូមជម្រាបថា ក្រុមមិត្តភាពសភាជប៉ុន-មេគង្គ បានបង្កើតឡើងនៅ​ឆ្នាំ​២០១៥។  ​ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន បាន​ស្វាគ​មន៍​​ចំពោះ ឯកឧត្តម រី ហ្សិអុណុយ៉ា  ប្រធាន​សមាគមមិត្តភាព​សភា​ជប៉ុន-មេគង្គ ព្រមទាំង​​សមា​ជិក​គណៈប្រតិភូ ​ដែល​បានអញ្ជើញ មក​បំពេញ​​ទស្សន​កិច្ច​នៅ​កម្ពុជា។

“វត្តមានរបស់គណៈប្រតិភូនាពេល​នេះ បាន​ឆ្លុះ​បញ្ចាំងឲ្យ​ឃើញ​ ពីការបន្តលើកកម្ពស់​ ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និង​ចំណ​ងមិត្តភាព​ស្អិតរមួតរវាង​ប្រជាជន នៃ​ប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន ដែល​មានជាយូរលង់មកហើយ ឲ្យកាន់តែរឹងមាំទ្វេដងថែម​ទៀត” នេះជា​ការគូស​បញ្ជាក់របស់ សម្តេចប្រធានរដ្ឋសភា។

សម្តេចចក្រីបានមានប្រសាសន៍បន្តថា ចាប់តាំងពីឆ្នាំ២០១៣ ដែល​ប្រទេសកម្ពុជានិងជប៉ុន បានសម្រេចតម្កើន កម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូរ យុទ្ធសាស្រ្ត” រួចមក ឃើញថា​កិច្ចសហប្រតិបត្តិការរវា​ង​រដ្ឋាភិបាលនៃប្រទេសទំាងពីរ បានប្រព្រឹត្តទៅយ៉ាងរលូន​នៅ​គ្រប់​​កម្រិត គ្រប់វិស័យ កាន់តែមាន ភាពរស់រវើក និងស៊ី​ជម្រៅ បានប្រែក្លាយ​ជា​លទ្ធផ​​ល​ជាក់ស្តែងយ៉ាងច្រើន​ឥតគណនា សំដៅរួមចំណែក​អភិវឌ្ឍន៍កម្ពុជា។

សម្តេចបន្តថា ជាមួយគ្នានេះ ទំនាក់ទំនងនៃសភាប្រទេសទំាងពីរ ដែលបានចាប់ផ្តើមឡើង នៅក្នុងទសវត្សរ៍ឆ្នាំ៩០ ក៏មានការរីកចម្រើន​ជា​លំដាប់​លើ កិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អ ទំាងក្នុងក្រប​ខណ្ឌ​ទេ្វ​ភាគី និងពហុភាគី។

សូមជម្រាបថា ជប៉ុនជាប្រទេសមួយស្ថិតនៅក្នុងលេខរៀងទី១ ដែល​មានអ្នកវិនិយោគទុនមកបណ្តាក់ទុកនៅកម្ពុជាក្នុងឆ្នាំ២០១៦។ ជា​មួយ​ការ​ប្តេជ្ញាចិត្ត ថានឹងខិតខំទាក់ទាញអ្នកវិនិយោគទុន​មក​បណ្តាក់​ទុន​នៅ​កម្ពុជាឲ្យច្រើន គណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន-ទន្លេមេគង្គ ក៏បាន​សរ​សើរ​ពីសក្តានុពល​និងទីតំាងភូមិសាស្រ្តរបស់កម្ពុជាផងដែរ សម្រាប់កិច្ចសហប្រតិបត្តិការរបស់ក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នេះ៕​

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh