ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនិងគណៈកម្មការស្រ្តី ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសហ្វីជី
ប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនិងគណៈកម្មការស្រ្តី ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសហ្វីជី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/15/2017 7:00:48 AM )

បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋហ្វីជី ដើម្បីចូលរួមកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​(APPF) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំនានា នៃវេទិកាអន្តរសភាមួយនេះ ដោយក្នុងនោះ ឯកឧត្តម ឈាង វុន ប្រធាន​គណៈ​កម្ម​ការ​​កិច្ចការបរទេស សហប្រតិបត្តិ​ការ ​អន្តរជាតិ ឃោសនា​ការ និងព័ត៌​មាន នៃរដ្ឋសភាកម្ពុជា និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក​(APPF) បានដឹកនាំ កិច្ចប្រជុំគណៈកម្មការប្រតិបតិ្ត ចំណែក លោកជំទាវ បាន ស្រីមុំ សមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោស​នាការ និងព័ត៌​មាន នៃរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការស្រ្តី។

កិច្ចប្រជុំទំាងពីរនេះ បានប្រារព្ធធ្វើនៅក្នុងសណ្ឋាគារ International Fiji Resort ក្នុងទីក្រុងណាឌី ទីដែលសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF)ជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៥ ក្រោមប្រធានបទ“ភាព​ជា​ដៃ​​គូសភា​សម្រាប់សន្តិភាព និងសន្តិសុខ គោលដៅអភិវឌ្ឍន៍​ប្រ​កប​​ដោ​យចីរ​ភាព ២០១៦” ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៅពេលនេះ នឹងធ្វើការជ្រើសរើសប្រទេសតំ​ណាងតំបន់អាស៊ី អាគ្នេយ៍មួយ ចូលជាសមាជិកគណៈក​ម្មាធិការប្រតិបត្តិ ជំនួសប្រទេសកម្ពុជា ដែលត្រូវចប់អាណត្តិ។ តាមលក្ខន្តិកៈរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក អាណត្តិសមាជិកគណៈកម្មការប្រតិបត្តិមានរយៈពេល៤ឆ្នាំ។ ប្រទេសឡាវនឹងត្រូវជ្រើសរើសជំនួសកម្ពុជា តាមលេខរៀងអក្សរឡាតាំងនៅក្នុងចំណោម ប្រទេសចំនួន៨​​។ ក្រៅពីនេះ កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនេះ នឹងប្រជុំដើម្បីរៀបចំឯកសារគោលសម្រាប់កិច្ចប្រជុំទាំងមូលលើកទី២៥ នេះផងដែរ។

ដោយឡែកចំពោះកិច្ចប្រជុំគណៈកម្មការស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែល លោកជំទាវ បាន ស្រីមុំ ចូលរួមប្រជុំនោះវិញ នឹងធ្វើការពិនិត្យ ពិភាក្សាលើប្រធានបទសមភាពយេនឌ័រ និងការជំរុញអំណាចស្រ្តីនិងកុមារ។ កិច្ចប្រជុំនេះនឹងពិនិត្យលើសេច​ក្តីព្រាងសេចក្តីសម្រេចមួយចំនួនទាក់ទង នឹងបញ្ហាស្រ្តីនិងកុមារនេះដែរ ដូចជាសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីជំរុញស្រ្តីក្នុងវិស័យនយោបាយ និងការអភិវឌ្ឍដោយចីរភាពជាដើម​​។

សូមជម្រាបថា សមាសភាពគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ា​ស៊ី​ហ្វិក នាពេលនេះមាន ឯកឧត្តម ឈាង វុន ឯកឧត្តម ប៉ុល ហំម លោកជំទាវ បាន ស្រីមុំ សមាជិករដ្ឋសភា ចំណែកសមាជិកព្រឹទ្ធសភាមាន ឯកឧត្តម ឈិត គឹមយាត។​ កិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ​នៅសាធារណរដ្ឋ​ហ្វីជី នឹងប្រារព្ធធ្វើពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាស្ថាប័នអន្តរសភាមួយ ដែលបានបង្កើតឡើង ដើម្បីជំរុញ​កិច្ច​សហប្រតិបត្តិការ រវាងប្រទេសនៅក្នុងតំបន់ឲ្យកាន់តែ មានភាពប្រសើរឡើង ក្នុងចក្ខុវិស័យ ដើម្បី​ជំរុញ​​សន្តិ​ភាព សេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព។ វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក មាន​​ស​មា​​ជិក ចំនួន២៧ប្រទេស ហើយសភានៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជា​សមាជិកពេញ​សិទ្ធិ​​​របស់(APPF) នៅឆ្នាំ១៩៩៥ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh