ថ្ងៃ ចន្ទ ទី 27 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំបានជម្រាបសមាជិករដ្ឋសភាថា ខេត្តថ្មីមួយទោះបីខ្វះមន្រ្តី កន្លែងធ្វើការតែអាជ្ញាធរខំផ្តល់សេវា ជូនពលរដ្ឋ
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំបានជម្រាបសមាជិករដ្ឋសភាថា ខេត្តថ្មីមួយទោះបីខ្វះមន្រ្តី កន្លែងធ្វើការតែអាជ្ញាធរខំផ្តល់សេវា ជូនពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/13/2017 7:22:25 AM )

ត្បូងឃ្មុំជាខេត្តថ្មីមួយ របស់ប្រទេសកម្ពុជា ដែលបំបែកចេញពីខេត្តកំពង់ចាម នៅដើមឆ្នាំ២០១៤។ អាជ្ញាធរបានកំពុងកសាង ហេដ្ឋារចនាសម្ព័ន្ធ និងអគា​រ​រដ្ឋបាលសាលាខេត្តយ៉ាងមមាញឹកនៅពេលនេះ។ លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា នៅក្នុង ដំណាក់កាលថ្មីថ្មោងនេះ ខេត្តបានជួបផលលំបាកជាច្រើនក្នុងការបំពេញភារកិច្ច ដោយសារខ្វះកន្លែងធ្វើការ និងខ្វះទំាងមន្រ្តីរាជការ។
 

លោកជំទាវអភិបាលរងខេត្ត បានលើកឡើងបែបនេះ ជម្រាបជូនប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជា្ជជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ប៉ាល់ សំអឿន ប្រធានស្តីទីគណៈកម្មការ បានចុះសិក្សា ស្វែងយល់ពីវិស័យការងារមួយចំនួន ជាការទទួលខុសត្រូវរបស់គណៈកម្មការ នៅក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។
 

ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញរដ្ឋសភានេះ លោកជំទាវអភិបាលរងខេត្ត បានលើកឡើងពីកិច្ចខិតខំរបស់ថ្នាក់ដឹកនាំខេត្ត ទោះបីនៅក្នុងស្ថានការណ៍បែបណាក៏ដោយ នៅតែជំរុញសេវាសាធារណៈបម្រើដល់ពលរដ្ឋជានិច្ច ពិសេសការងារក្នុងវិស័យសុខាភិបាល សង្គមកិច្ច ជាដើមនោះ។
 

សម្រាប់វិស័យសុខាភិបាល ខេត្តត្បូងឃ្មុំ មានមន្ទីរពេទ្យបង្អែកចំនួន០៦ ការិយា​ល័​យស្រុកប្រតិបត្តិ ចំនួន៧ មណ្ឌលសុខភាពចំនួន៦៨ ប៉ុស្តិ៍សុខភាព ចំនួន១។ ឯកឧត្តម ប៉ាល់ សំអឿន បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្ត ដែលបានខិតខំអភិវឌ្ឍន៍ខេត្តផង និងបានបំពេញផ្តល់សេវាជូន ពលរដ្ឋផង បើទោះបីជាមានការលំបាកខ្វះខាតយ៉ាងណាក្តី។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh