សមាជិករដ្ឋសភាកម្ពុជា ចូលរួមជាមួយសភា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មកពី២៨ប្រទេស ដើម្បីដោះស្រាយបញ្ហាមនុស្សចាស់__ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រជុំត្រៀមរៀបចំកិច្ចប្រជុំក្រុមបប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី__ គណៈកម្មការជំនាញរដ្ឋសភាជំរុញអាជ្ញាធរខេត្តប៉ៃលិន យកចិត្តទុកដាក់ពលរដ្ឋក្រីក្រ និងមន្រ្តីចូលនិវត្តន៍__ មន្រ្តីជាន់ខ្ពស់សភា១២ប្រទេស ចែករំលែកនិងអភិវឌ្ឍន៍ចំណេះដឹង កិច្ចការស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសប៉ូឡូញ__ សម្តេចប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការទទួលបន្ទុកវិស័យអប់រំលើកឡើងថា នៅកម្ពុជាការអប់រំខាងពុទ្ធសាសនា និងសាលារៀន បានដើរទន្ទឹមគ្នា
ប្រធានគណៈកម្មការទទួលបន្ទុកវិស័យអប់រំលើកឡើងថា នៅកម្ពុជាការអប់រំខាងពុទ្ធសាសនា និងសាលារៀន បានដើរទន្ទឹមគ្នា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/12/2017 8:46:49 PM )

ប្រតិភូគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ បានអញ្ចើញ ចុះបំពេញបេសកកម្ម នៅខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដើម្បីសិក្សាស្វែងយល់ ពីការងារពាក់ព័ន្ធ ក្នុងវិស័យទទួលខុសត្រូវរបស់ គណៈកម្មការ។

នៅក្នុងដំណើរបេសកកម្មនេះប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរ អង្គភាពនានាជុំវិញ ខេត្តដែលមាន ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្ដម គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីសិក្សាស្វែងយល់ពី​ការងារដែលខេត្តសម្រេច បាននៅក្នុងវិស័យអប់រំ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ជាដើមនោះ។

ឯកឧត្តមប្រធានគណៈកម្មការ បានស្នើដល់អាជ្ញាធរ យកចិត្តទុកដាក់ ក្នុងការពង្រឹងវិស័យអប់រំ  ទំាង​ខាងអាណាចក្រ គឺសាលារៀនចំណេះដឹងទូទៅ និងខាងពុទ្ធចក្រ ដែលសំដៅដល់ការអប់រំ ខាងព្រះពុទ្ធសាសនា ដើម្បីពង្រឹងសមត្ថភាពយុវជន និងការលើកកម្ពស់សីលធម៌សង្គម​ ឲ្យកាន់តែថ្កុំថ្កើន ឡើង។ ឯកឧត្តមបានលើកឡើងថា នៅក្នុងសង្គមខ្មែរ តាំងពីយូរយារណាស់មកហើយ វិស័យអប់រំទាំងពីរផ្នែក គឺខាងពុទ្ធចក្រនិងអាណាចក្រមាន ទំនាក់ទំនងនឹងគ្នា ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសង្គម។

ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ បានជំរុញ ដល់អាជ្ញាធរខេត្តស្វាយរៀង និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពអប់រំ តាមសាលារៀន និងពុទ្ធិកវិទ្យាល័យ ឲ្យស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងនិងកែទម្រង់វិស័យអប់រំនៅកម្ពុជា។

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជម្រាបគណៈប្រតិភូ អំពីការរីកចម្រើនគួរឲ្យកត់សម្គាល់ លើវិស័យអប់រំនៅក្នុងខេត្ត ក្នុងនោះខេត្ត ស្វាយរៀងបានខិតខំកសាងសាលារៀន នៅគ្រប់កម្រិតពីថ្នាក់បឋមទៅថ្នាក់វិទ្យាល័យ ឲ្យកាន់តែខិតជិតផ្ទះពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរមក សិក្សារបស់សិស្សានុសិស្ស។ ម្យ៉ាងវិញទៀត ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ខេត្តស្វាយរៀង មានសាកលវិទ្យាល័យរដ្ឋ និងឯកជនមួយចំនួនទៀតផង។

ទោះយ៉ាងណា ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការខ្វះខាតមួយចំនួន ដែលជាផលលំបាកផងដែរ ក្នុងនោះមានអគារសិក្សាមួយចំនួនមាន សភាពចាស់ទ្រុឌទ្រោម និងការខ្វះខាតគ្រូបង្រៀន ចុះទៅបង្រៀននៅតំបន់ដាច់ស្រយាលជាដើម។

ជាមួយគ្នានេះ ទាក់ទងនិងវិស័យវប្បធម៌ និងទេសចរណ៍វិញ ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានលើកឡើងថា ខេត្តកំពុងយកចិត្តទុកដាក់ក្នុងការ ពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធទេស​ចរណ៍ឲ្យសំបូរបែប ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន។​

បន្ទាប់ពីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តរួចមក ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ បានដឹកនាំសមាជិកសមាជិកាគណៈកម្មការ ចុះទៅពិនិត្យការផ្តល់ សេវាអប់រំនៅវិទ្យាល័យស្វាយរៀង និងពុទ្ធិកវិទ្យាល័យស្វាយរៀង ក្នុងវត្តជម្ពូព្រឹក្សា ស្ថិតនៅក្នុងក្រុងស្វាយរៀងផងដែរ​៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh