ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាចេញទៅចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសហ្វីជី
គណៈប្រតិភូសភាកម្ពុជាចេញទៅចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសហ្វីជី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/12/2017 1:58:37 AM )

ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០១៧នេះ ឯកឧត្តម​ ឈាង វុន ប្រធាន​គណៈ​កម្ម​ការ​​កិច្ចការបរទេស សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំគណៈ​ប្រតិ​​ភូ​សភា​កម្ពុជា​​ចេញទៅ ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក​(APPF)នៅ​​សា​ធារណរដ្ឋ​​​ហ្វីជី ចាប់ពី​ថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក​(APPF)ជាស្ថាប័នអន្តរសភាមួយនៅក្នុងតំបន់អាស៊ី ​និង​ប៉ាស៊ីហ្វិកវេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិកតែងតែរៀបចំឲ្យមានកិច្ចប្រជុំ ប្រចំាឆ្នាំជាទៀងទាត់ ដែល​សមាជិក​របស់​ខ្លួនបានផ្លាស់វេនគ្នាទទួលរៀបចំ ដើម្បីផ្លាស់ប្តូរទស្សនៈយោបល់នៃតំណាងប្រជាពលរដ្ឋ ក្នុង​​ការ​​ដោះ​ស្រាយ បញ្ហារួមក្នុងតំបន់ ក៏ដូចជាពិភពលោក។​ កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកា​​សភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នា​ពេល​នេះ​ ​​ក្រោមប្រធានបទ“ភាព​ជា​ដៃ​​គូ សភា ​សម្រាប់​សន្តិភាព និងសន្តិសុខ គោលដៅអភិវឌ្ឍន៍​ប្រ​កប​​ដោ​យ​ចីរ​ភាព២០១៦”។

សភា​កម្ពុជាមាន​ភារកិច្ចជាច្រើន ក្នុងកិច្ចប្រជុំលើកទី២៥នេះ ដែលត្រូវបំពេញដូចជា ជាតំណាង​តំបន់អាស៊ីអាគ្នេយ៍ ប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បី រៀបចំឯកសារគោល ​សម្រាប់កិច្ចប្រជុំទាំងមូល។ ត្រូវឡើងថ្លែងសុន្ទរកថាចំនួន៣ប្រធានបទ និងបានចាត់តាំង​គណៈប្រតិភូ ចូលរួមកិច្ចប្រជុំសមាជិក សភាជាស្រ្តី ជាពិសេសបានត្រៀមចូលរួមក្នុង​គណៈ​កម្មា​ធិការរៀបចំ​សេចក្តីព្រាងសេចក្តីសម្រេចផងដែរ។ នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឈាង វុន នឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួម របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះផងដែរ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដើម្បីជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាងប្រទេសនៅក្នុងតំបន់ឲ្យកាន់តែមាន ភាពប្រសើរឡើង ក្នុងចក្ខុវិ​ស័យ​​ ដើម្បី​ជំរុញ​​សន្តិ​ភាព សេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានស​មា​​ជិក​ចំនួន ២៧ប្រទេស ហើយសភានៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជា​សមាជិកពេញ​សិទ្ធិ​​​​របស់(APPF) នៅឆ្នាំ១៩៩៥។ បច្ចុប្បន្ននេះសភាកម្ពុជាមាន ឯកឧត្តម ឈាង វុន ជាសមាជិក​គណៈកម្មាធិការ​ប្រតិបត្តិរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក តំណាងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

សមាសភាពគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ា​ស៊ី​ហ្វិក នាពេលនេះមាន ឯកឧត្តម ឈាង វុន ឯកឧត្តម ប៉ុល ហំម លោកជំទាវ បាន ស្រីមុំ សមាជិករដ្ឋសភា ចំណែកសមាជិកព្រឹទ្ធសភាមាន ឯកឧត្តម ឈិត គឹមយាត៕  

 អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh