ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » នាយកសាលាសេនត្រល់ផាកកម្ពុជាវាយតម្លៃថា ទស្សនកិច្ចសិក្សានៅរដ្ឋសភាជាទុនតម្រង់ទិសក្នុងការចាប់យកជំនាញ​នៅសាកលវិទ្យាល័យ
នាយកសាលាសេនត្រល់ផាកកម្ពុជាវាយតម្លៃថា ទស្សនកិច្ចសិក្សានៅរដ្ឋសភាជាទុនតម្រង់ទិសក្នុងការចាប់យកជំនាញ​នៅសាកលវិទ្យាល័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/12/2017 1:08:15 AM )

លោកស្រី ខាត់ ឡៃគឹម នាយិកា សាលាសេនត្រល់ផាកកម្ពុជា (CENTRAL PARK School-Cambodia) បានមានប្រសាសន៍លើកឡើងថាដំណើរ ទស្សនកិច្ចសិក្សា របស់សិស្សានុសិស្ស មកកាន់ស្ថាប័នកំពូលរបស់ជាតិគឺរដ្ឋសភា ដែលជាកន្លែងធ្វើការ របស់តំណាងរាស្រ្ត មានសារៈសំខាន់ណាស់ ក្នុងការផ្តល់ចំណេះដឹងទូទៅដល់សិស្សានុសិស្សកំពុងរៀននៅថ្នាក់ទី១២ ពិសេសពួកគេនឹងអាចដឹងពីអ្វីដែលជាតួនាទីនិងភារកិច្ចរបស់រដ្ឋសភានោះ។

ការវាយតម្លៃរបស់នាយកសាលា ឯកជនចំណេះទូទៅបែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកស្រីបានដឹកនាំ សិស្សថ្នាក់ទី១២នៃសាលា សេនត្រល់ផាកកម្ពុជាចំនួន៣២នាក់ បានមកធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា ដើម្បីសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភានៅព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ។

លោកស្រីនាយិកាសាលា បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃការបន្ថែមចំនេះដឹងទូទៅដល់សិស្សានុសិស្សទាំងអស់ អាចថាជាទុន សម្រាប់តម្រង់ទិស ក្នុងការចាប់យកជំនាញ នៅសាកលវិទ្យាល័យនាពេលខាងមុខ ពិសេសផ្នែកច្បាប់ ដែលផ្សាភ្ជាប់ខ្លឹមសារមេរៀន ក្នុងសៀវភៅទៅនឹងទិដ្ឋភាពជាក់ស្តែងនៃការបំពេញការងាររបស់រដ្ឋសភា ។

ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ និងជាតំណាងរបស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានធ្វើការបង្ហាញ ដល់សិស្សទាំងអស់ ពីនីតិវិធីនៃការពិនិត្យ និងអនុម័តច្បាប់នៅរដ្ឋសភា។ ឯកឧត្តមអគ្គនាយក ក៏បានជម្រាបពីតួនាទី និងភារកិច្ចសំ​ខាន់​ទាំងបី របស់តំណាងរាស្ត្រផងដែរ គឺទី១-ជាអ្នកពិភាក្សា និងអនុម័តសេចក្ដីព្រាង​ច្បាប់ ឬសេចក្ដីស្នើច្បាប់ ​ទី២-ជាអ្នកពិនិត្យតាមដានការអនុវត្តច្បាប់របស់ ស្ថាប័ននីតិប្រតិបត្តិ​​ និងទី៣-គឺភាពជាតំណាង របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ​ដោយត្រូវចុះស្វែងយល់ពីសុខទុក្ខ និងសំណូមពរផ្សេងៗរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមអគ្គនាយក ក៏បានលើកឡើងដែរថា រដ្ឋសភាមានអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយ ដែលជាសេនាធិការរបស់រដ្ឋសភា។ អគ្គលេខាធិការដ្ឋាន រដ្ឋសភាមានតួនាទីនិងភារកិច្ច ទទួលរ៉ាប់រងនូវកិច្ចការរដ្ឋបាលគ្រប់បែបយ៉ាង ជូនដល់ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានា​ ក៏ដូចជាតំណាងរាស្ត្រ ទាំងអស់ក្នុងរដ្ឋសភា។ ឯកឧត្តមអគ្គនាយកបន្តថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ជាអ្នកកត់ត្រាកំណត់ហេតុរបស់រដ្ឋសភា និងការធ្វើទំនាក់ទំនងផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេសផងដែរ។

ចំណែក ឯកឧត្តម ប៉ែន ប្រាកដ អគ្គនាយករងនីតិកម្ម និងស្រាវជ្រាវ បានធ្វើបទបង្ហាញជូនដល់សិស្សទាំងអស់​អំពីប្រវត្តិរបស់រដ្ឋសភា។ រដ្ឋសភាដែល ជាស្ថាប័ននីតិប្បញ្ញត្តិ បានកកើតឡើងតាំងពីឆ្នាំ១៩៤៦មក និងបានឆ្លងកាត់ជាច្រើនដំណាក់កាល និងច្រើនរបប ទំរាំដល់បច្ចុប្បន្ននេះ។ រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ បានកើតឡើងតាមរយៈ ការបោះឆ្នោតនៅឆ្នាំ១៩៩៣ ហើយមកដល់ពេលនេះ រដ្ឋសភាមានរយៈពេល៥អាណត្តិ មកហើយ។

សូមជម្រាបថា ក្រោមការសម្របសម្រួល របស់លេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា(TCS) អគ្គលេខាធិការដ្ឋានរដ្ឋសភាបានផ្តល់ ឱកាសដល់សាធារណជនដែលមាន សិស្សានុសិស្ស យុវជន និងព្រះសង្ឃ បានមកទស្សនកិច្ចសិក្សា ស្វែងយល់ ពីតួនាទីភារកិច្ចរបស់រដ្ឋសភា ជាញឹកញាប់ក្នុងមួយខែៗ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh