ថ្ងៃ ពុធ ទី 18 ខែ មករា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ជួបពិភាក្សាការងារជាមួយប្រធានអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា
ឯកឧត្តម ឡេង ប៉េងឡុង ជួបពិភាក្សាការងារជាមួយប្រធានអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/12/2017 12:25:05 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក ហាជីមិ សៃតុ (Mr Hajime Saito) ប្រធានអង្គការ សម្ព័ន្ធសន្តិភាពសកល-កម្ពុជា នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបពិភាក្សា លោក ហាជីមិ សៃតុ បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមអគ្គលេខាធិការរដ្ឋសភាថា អង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា មានគម្រោងអញ្ជើញឯកឧត្តមអគ្គលេខាធិការរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាកម្ពុជា ទៅចូលរួមមហាសន្និ​បាត​សន្តិភាពសកល ដែលនឹងប្រារព្ធ ធ្វើចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ។ លោក ហាជីមិ សៃតុ បានបញ្ជាក់ថា អង្គការសម្ព័ន្ធសន្តិភាពសកលរបស់លោក មានបណ្តាញរបស់ខ្លួនជាង១៨០ប្រទេស នៅលើពិភពលោក និងបានធ្វើការងារសំខាន់ផ្ដោតទៅលើការស្វែងរកសន្តិភាពជូនពិភពលោក។

​ជាការឆ្លើយតប ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងអំណរគុណចំពោះលោកប្រធានអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា ដែលបានអញ្ជើញឯកឧត្តម និង ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការដ្ឋសភាកម្ពុជា ទៅចូលរួមក្នុងសន្និបាតសន្តិភាពសកលនៅសាធារណរដ្ឋកូរ៉េ។ ប៉ុន្តែឯកឧត្តមមានការ សោកស្តាយ ដោយមិនអាចលៃលកពេលវេលា ដើម្បីទៅចូលរួមក្នុងកម្មវិធីសន្និបាតនោះបាន ដោយសារថាឯកឧត្ដមផ្ទាល់ ក៏ដូចជាសមាជិករដ្ឋសភា កម្ពុជា នៅក្នុងឆ្នាំ២០១៧នេះ មានកិច្ចការមមាញឹកច្រើន និងម្យ៉ាងទៀតព្រះរាជាណាចក្រកម្ពុជា ក៏ជិតដល់ពេលរវល់ខ្លាំង ក្នុងកិច្ចការងារបោះឆ្នាត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលត្រូវប្រព្រឹត្តទៅនៅក្នុងខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh