ថ្ងៃ ពុធ ទី 29 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មកបំភ្លឺគណៈកម្មការរដ្ឋសភាពាក់ព័ន្ធនឹងបញ្ហាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិកសកលវិទ្យាល័យ និងសហលក្ខន្តិកៈមន្ត្រីសង្ឃ
រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មកបំភ្លឺគណៈកម្មការរដ្ឋសភាពាក់ព័ន្ធនឹងបញ្ហាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិកសកលវិទ្យាល័យ និងសហលក្ខន្តិកៈមន្ត្រីសង្ឃ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/11/2017 12:36:58 AM )

ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានមកឆ្លើយបំភ្លឺជូន គណៈកម្មការ អប់រំ​ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដម យ៉ែម ប៉ុញ្ញឫទ្ធិ ប្រធាន គណៈកម្មការ ពាក់ព័ន្ធទៅនឹងបញ្ហាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិកសាកលវិទ្យាល័យ និងសហលក្ខន្តិកៈមន្ត្រីសង្ឃ នៅវិមានរដ្ឋសភា។

នៅក្នុងការឆ្លើយបំភ្លឺ អស់រយៈពេលជាង៣ម៉ោងជូនរដ្ឋសភា ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបានធ្វើការដោះស្រាយបញ្ហា ដែលគណៈកម្មការនៃរដ្ឋសភាបានសាកសួរនេះ បានមួយចំនួនរួចហើយ និងកំពុងបន្តដោះស្រាយ បញ្ហាដែលនៅ សេសសល់បន្ថែមទៀតផងដែរ។ ពាក់ព័ន្ធទៅនឹងពុទ្ធិកសាកលវិទ្យាល័យ ក្រសួងក៏មានការរៀបចំជាបណ្ដើរៗ អោយទៅជាប្រព័ន្ធមួយដែលនឹង ដំណើរការទៅ មានភាពជាក់លាក់និងច្បាស់លាស់នៅពេលខាងមុខ។

ឯកឧត្ដម​ ហ៊ឹម ឆែម ក៏បានមានប្រសាសន៍ ជម្រាបជូនគណៈកម្មការនៃរដ្ឋសភា អំពីការងារសាងសង់អគារ ទីស្ដីការរបស់ក្រសួងធម្មការនិងសាសនា នៅជាប់នឹងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ  ដោយសារថា អគារទីស្ដីការក្រសួងធម្មការ និងសាសនាបច្ចុប្បន្ន ក្រសួងនឹងត្រូវ ប្រគល់អោយទៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ធ្វើការគ្រប់គ្រង និងពង្រីកពុទ្ធិកសាកលវិទ្យាល័យបន្ថែមឲ្យបានកាន់តែធំទូលាយជាងមុន។

ចំពោះបញ្ហាសហលក្ខន្តិកៈមន្ត្រីសង្ឃ ពាក់ព័ន្ធជាមួយនឹងកិច្ចសន្យា ប្រាក់ម៉ោងបន្ថែមវិញ ឯកឧត្ដម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ឯកឧត្ដមនឹងរៀបចំចាត់វិធានការដោះស្រាយអោយបានទាន់ពេលវេលាផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម​ ហ៊ឹម ឆែម ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលតែងតែតាមដាន និងមានការយកចិត្តទុកដាក់ចំពោះបញ្ហានានា ពាក់ព័ន្ធទៅនឹងក្រសួងធម្មការ និងសាសនា ព្រមទាំង បានចែករំលែក និងផ្ដល់ព័ត៌មានដល់ក្រសួងបានដឹង ពិសេសការលើកឡើងនូវកង្វល់ទាំងឡាយ ជូនដល់ក្រសួងយកទៅពិនិត្យពិចារណា ដើម្បីអនុវត្ត បំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតទាំងឡាយ។

 

ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរចំពោះឯកឧត្ដម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងសហការី ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារនាពេលកន្លងមក។ ឯកឧត្ដមក៏បានជំរុញឲ្យក្រសួង បន្តដោះស្រាយបញ្ហា នានាដែលនៅសេសសល់បន្ថែមទៀត ពិសេសគឺការយកចិត្តទុកដាក់ ក្នុងការរួមចំណែកលើកកម្ពស់ សីលធម៌សង្គម តាមរយៈការពង្រឹងនិងពង្រីក ការអប់រំសាសនា ដល់គ្រប់ស្រ​ទាប់មហាជននៅទូទាំងប្រទេសកម្ពុជា។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh