ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក​ប្រចំាឆ្នាំនៅប្រទេសហ្វីជី
ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក​ប្រចំាឆ្នាំនៅប្រទេសហ្វីជី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/9/2017 6:04:40 PM )

ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នឹងដឹកនាំ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃ​វេទិកា សភាអាស៊ីប៉ាស៊ីហ្វិក(APPF) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងNadi ប្រទេសហ្វីជី(Fiji) ។

វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា(APPF) គឺជាស្ថាប័ននីតិប្បញ្ញត្តិ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ដើម្បី ប្រមូលផ្តុំទស្សនៈយោបល់តំ​ណាង​ប្រជាពលរដ្ឋ ក្នុងការពិភាក្សាអំពីបញ្ហានៅក្នុងតំបន់និងពិភពលោក។ APPF តែងតែរៀបចំឲ្យមានវេទិកាប្រជុំប្រចំាឆ្នាំ ដែលសមាជិករបស់ខ្លួនត្រូវផ្លាស់វេនគ្នាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំ​។​

នៅមុនពេលអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំប្រចំាឆ្នាំ(APPF)នេះ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តម ឈាង វុន បានដឹកនាំកិច្ចប្រជុំ មួយក្នុងការត្រៀមចូលរួមកិច្ចប្រជុំប្រចំា​ឆ្នាំ(APPF)នេះ ឲ្យទទួលបានជោគជ័យ។ នៅក្នុងកិច្ចប្រជុំត្រៀមនេះ បានពិភាក្សាលើរបៀបវារៈដែល(APPF)នឹង លើកឡើង និងបញ្ហាធ្វើដំណើរការស្នាក់នៅរបស់គណៈប្រតិភូ នៅក្នុងប្រ​ទេស​ហ្វីជី​នោះ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់(APPF)នេះ នឹងមានសុន្ទរកថាស្វាគមន៍បើកដោយ ឯកឧត្តម Jiko Fatafehi laveni ប្រធានសភាFiji និងជាប្រធាន(APPF) ។ បន្ទាប់មកនឹងមានសុន្ទរកថារបស់ ឯកឧត្តម Takuji Yanagimoto សមាជិកសភា ជប៉ុន សុន្ទរកថារបស់ ឯកឧត្តម Jovia.Voreqe Bainimarana នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស នៃសាធារណរដ្ឋហ្វីជី

វេទិកាប្រចំាឆ្នាំរបស់(APPF) នឹងមានការជជែកលើបញ្ហានយោបាយ សន្តិសុខ បញ្ហាយេនឌ័រ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់អ្នកនយោបាយ វ័យក្មេង ការជួញដូរមនុស្ស បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ជាពិសេសកិច្ចប្រជុំនឹងពិភាក្សាគ្នា ដើម្បីជំរុញផែនការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ គឺការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០​៣០ ឲ្យទទួលបានជោគជ័យផងដែរ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំលើកទី២៥ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកនេះ គណៈប្រតិភូសភាកម្ពុជានឹងត្រូវថ្លែង បទអន្តរាគមន៍លើប្រធានបទមួយចំនួនដូចជា បញ្ហានយោបាយ សន្តិសុខ សមភាពយេនឌ័រ និងការលើកកម្ពស់ស្ត្រីនិងកុមារជាដើម។

សូមបញ្ជាក់ថា សភាកម្ពុជាគ្រោងនឹងទទួលរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) នៅឆ្នាំ២០១៩ ខាងមុខផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh