ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៧
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៧
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/29/2016 11:55:30 PM )

ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម​ យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំ ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា អញ្ជើញទៅកាន់ភូមិគ្រឹះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី គោរពជូនពរឆ្នាំថ្មីឆ្នាំសកលជូនចំពោះសម្ដេចនិងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ​​សកល២០១៧ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ។

នៅក្នុងសារលិខិតជូនពរដែលអានដោយ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម​ យៀប បានលើកឡើងថា តាងនាមឲ្យសមាជិក សមាជិកា គណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភា សូមលំឱនកាយ វាចារចិត្ត ដោយស្មោះបំផុត គោរពជូនពរ បវរសួស្ដី សិរីមង្គល វិបុលសុខ ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ សូមកើតមានដល់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ កុំបីប្រែក្លាយជាប្រការដទៃ ឡើយ។

ឯកឧត្ដមបណ្ឌិតរដ្ឋមានប្រសាសន៍ទៀតថា យើងខ្ញុំទាំងអស់គ្នា មានមោទនភាពក្រៃលែង ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបានធ្វើ ឲ្យស្ថាប័ននីតិប្បញ្ញត្តិ ជាពិសេសរដ្ឋសភា កាន់តែមានប្រជាធិបតេយ្យល្អប្រសើរជាលំដាប់ និងប្រកបដោយកិត្យានុភាពដ៏ធំធេងនៅលើឆាកអន្តរជាតិ។

ក្នុងសារលិខិតក៏បានសម្ដែងនូវ ការគោរពស្ញប់ស្ញែងចំពោះវីរភាព និងទេពកោសល្យ ក្នុងការដឹកនាំតស៊ូរំដោះជាតិមាតុភូមិពីរបបប៉ុលពត និងការដឹកនាំ ប្រកបដោយគតិបណ្ឌិត ក្នុងការការពារនិងការកសាងមាតុភូមិកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់របស់សម្ដេចប្រធានរដ្ឋសភាផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គោរពជូនពរសម្ដេចប្រធានរដ្ឋសភារួចមក ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា ក៏បានដឹកនាំមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលទៅគោរពជូនពរចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ​ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៧នេះដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh