ថ្ងៃ ចន្ទ ទី 27 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាប្រទេសអាល្លឺម៉ង់មួយក្រុមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមឆ្នាំ២០១៧
សមាជិករដ្ឋសភាប្រទេសអាល្លឺម៉ង់មួយក្រុមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមឆ្នាំ២០១៧
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/29/2016 12:37:07 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​នាការ និងព័ត៌មាននៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបពិភាក្សាការ​ងារ​ជាមួយ ឯកឧត្តម អ៊ិនហ្គូ កាស្តិន ( Ingo Kasten ) ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ដើម្បី ពិភាក្សាការងារ អំពីកម្មវិធីទស្សនកិច្ចរបស់សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលគ្រោងមក​បំ​ពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ២០១៧ ខាងមុខនេះ។

ឯកឧត្តម អ៊ិនហ្គូ កាស្តិន បានគូសបញ្ជាក់ថា គណៈប្រតិភូរដ្ឋសភាអាល្លឺម៉ង់ មកពីគ្រប់គ​ណ​​​បក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភាមាន គម្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា​ពី​ថ្ងៃទី២ ដល់​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋសភាកម្ពុជា និងដើម្បីរឹតចំណង មិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំថែមទៀតផង។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា សមាជិកគណៈប្រតិភូ ដែលនឹងអញ្ជើញមកកម្ពុជានោះ គឺមកពីគណៈកម្មការ ទទួលបន្ទុកខាងកិច្ចការ សេដ្ឋកិច្ច និងការអភិវឌ្ឍនៃរដ្ឋសភាអាល្លឺម៉ង់។  នៅក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូសូមស្នើចូលជួប សម្តែងការគួរសមជាមួយ សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជួបពិភាក្សាទ្វេភាគីជាមួយ គណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជាផងដែរ។ ក្រៅពីនេះគណៈប្រតិភូនឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបផងដែរ។

ឯកឧត្តម ឈាង វុន បានស្វាគមន៍ និងគំាទ្រចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាអាល្លឺម៉ង់ ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នេះ។ ឯកឧត្តមបានលើកឡើងថា ចំពោះកម្មវិធី និងការស្នើសុំជួបសម្តែងការគួរសមជាថ្នាក់ដឹកនាំកំពូលៗ ឯកឧត្តមនឹងចាត់ចែងតាមនីតិវិធី ដើម្បីស្នើ សុំការសម្រេច ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបានជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាជាច្រើន វិស័យជារហូតមក។ ឯកឧត្តមបានសម្តែងការអបអរសាទរ នៅពេលឃើញឯកឧត្តមឯកអគ្គរដ្ឋទូតមានឆន្ទៈមោះមុតក្នុងការពង្រឹងពង្រីកចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឲ្យរឹងមាំឡើងថែមទៀតនោះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh