ថ្ងៃ អង្គារ ទី 30 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » រដ្ឋសភាបើកឱកាសដល់និស្សិតមកពីខេត្តបាត់ដំបង និងបន្ទាយមានជ័យ សិក្សាស្វែងយល់ពីភារកិច្ចនិងតួនាទីរដ្ឋសភា
រដ្ឋសភាបើកឱកាសដល់និស្សិតមកពីខេត្តបាត់ដំបង និងបន្ទាយមានជ័យ សិក្សាស្វែងយល់ពីភារកិច្ចនិងតួនាទីរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/27/2016 8:26:06 PM )

និស្សិតចំនួន៨០នាក់ មកពីសាកលវិទ្យាល័យនានា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថៃ្ងទី២៦ ខែធ្នូ ឆ្នាំ២០១៦ តាមរយៈអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍។  ឯកឧត្តម ប៉ាល់ សំអឿន ប្រធានស្តីទី​គណៈ​កម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជា​ជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ និង ឯកឧត្តម ទ្បេង ប៉េងទ្បុង អគ្គលេខាធិការរដ្ឋសភា បានធ្វើបទបង្ហាញ​ពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជម្រាបដល់ ក្រុមនិស្សិតក្នុងឱកាសនោះ។

ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងថា កម្ពុជាមានស្ថាប័នរដ្ឋសភាតាំងពីឆ្នាំ១៩៤៦មក និងបានឆ្លងកាត់ជាច្រើនដំណាក់កាល និងច្រើនរបប ទំរាំដល់បច្ចុប្បន្ននេះ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ បានកើតឡើងតាមរយៈ ការបោះឆ្នោតនៅឆ្នាំ១៩៩៣ ហើយមកដល់ពេលនេះ រដ្ឋសភាមានរយៈពេល៥អាណត្តិ មកហើយ។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ចំណែកអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ គឺជាសេនាធិការរបស់រដ្ឋសភា ដែលត្រូវបំពេញភារកិច្ចនិងតួនាទី ក្នុងការផ្តល់សេវា និងបច្ចេកទេសដល់ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា ក្នុងការបំពេញការងារ ភារកិច្ច ជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ទៅតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ថា សមាជិករដ្ឋសភាជាតំណាងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស បើទោះបីសមាជិករដ្ឋសភា ម្នាក់ៗ មានមណ្ឌលឈរឈ្មោះរបស់ខ្លួនយ៉ាងណាក្តី។

ចំណែក ឯកឧត្តម ប៉ាល់ សំអឿន បានជម្រាបដល់ក្រុមនិស្សិតថា ស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាស្ថាប័នកំពូលរបស់ជាតិ ដែលមានព្រឹទ្ធសភា និងរដ្ឋសភា។ រដ្ឋសភាមានអាណត្តិ៥ឆ្នាំម្តង កម្ពុជារៀបចំការបោះឆ្នោតជាសកល និងដោយសេរី យុត្តិធម៌ ក្នុងការជ្រើសរើស សមាជិករដ្ឋសភា ដែលឈានទៅដល់ការបង្កើតរាជរដ្ឋាភិបាលតាមអាណត្តិរបស់រដ្ឋសភា។

ឯកឧត្តមបានមានប្រសាសន៍បន្តថា រដ្ឋសភាប្រជុំពេញអង្គចំនួន​ពីរដង​ក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗ ​មាន​ថេរវេលាយ៉ាងតិច៣ខែ ដើម្បីពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់។ ចំណែក៦ខែទៀត សមាជិក សមាជិការដ្ឋសភា ត្រូវចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខពលរដ្ឋ និងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ាល់ សំអឿន បានគូសបញ្ជាក់ថា ចំពោះការងារតាក់តែងច្បាប់ និងការអនុម័តច្បាប់វិញ នៅក្នុងនីតិកាលទី១ រដ្ឋសភាបានអនុម័តច្បាប់ ចំនួន៩០ ហើយនៅក្នុងនីតិកាលទី២ បានចំនួន៨៨ច្បាប់ ចំណែកនីតិកាលទី៣ បានចំនួន១៤៥ច្បាប់ នីតិកាលទី៤ បានចំនួន៩៣ច្បាប់ និងនៅក្នុង នីតិកាលទី៥ នេះរដ្ឋសភាបានអនុម័តច្បាប់ចំនួន៧៣ច្បាប់ ដោយគិតមកដល់ចុងខែធ្នូឆ្នាំ២០១៦នេះ ។

បន្ទាប់ពីបានស្តាប់ការពន្យល់ និងការធ្វើបទបង្ហាញរួចហើយ ក្រុមនិស្សិតបានអញ្ជើញទស្សនាវិមានរដ្ឋសភា សាលប្រជុំពេញ​អង្គរដ្ឋសភា និងបានស្តាប់ ការពន្យល់របស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា តាមជំនាញមួយចំនួនទៀតផង។

លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ដែលបានដឹកនាំក្រុមនិស្សិតមកធ្វើទស្សនកិច្ចនៅពេលនេះបានចាត់ទុក ដំណើរទស្សនកិច្ចនេះថា មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងពង្រីកចំណេះដឹងទូទៅរបស់យុវជន ពិសេសបានផ្តល់ឱកាសដល់ពួកគេបានស្គាល់ និងបានឃើញកន្លែងធ្វើការរបស់តំណាងរាស្រ្ត ដែលជាតំណាងរបស់ពួកគេ។ លោកធម្មបណ្ឌិតកោតសរសើរដល់ស្ថាប័នរដ្ឋសភាដែលតែងតែបើកចំហ ដល់សាធារណជន ពិសេសយុវជនបានមកធ្វើទស្សនកិច្ច សិក្សាដោយផ្ទាល់នៅក្នុងវិមានរដ្ឋសភានេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh