ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម គាត ឈន់ សមាជិករដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី
ឯកឧត្តម គាត ឈន់ សមាជិករដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/27/2016 1:35:37 AM )

ឯកឧត្តម គាត ឈន់ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម A.E. KLYCHKOVA អនុប្រធានសភា ទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី នៅវិមានរដ្ឋសភា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០​១៦​។

ក្នុងជំនួបនេះភាគីទំាងពីរ បានលើកឡើងពីការរីកចម្រើនកាន់តែរឹងមាំនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ។ ភាគីទំាងពីរក៏បាន លើកឡើងពីសារៈសំខាន់ នៃការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចទៅវិញទៅមក នៃថ្នាក់ដឹកនាំប្រទេសទំាងពីរ (កម្ពុជា-រុស្ស៊ី) ទំាងស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិនាពេលកន្លងមក។

ឯកឧត្តម គាត ឈន់ បានថ្លែងអំណរគុណ ចំពោះប្រជាជននិងរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយគំាទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជា ចាប់តំាងពីក្រោយរបប ប្រល័យពូជសាសន៍ប៉ុលពតដួលរលំមក។ ឯកឧត្តម បានលើកឡើងថា ក្នុងជំនួយលើវិស័យនានា ដែលរុស្ស៊ី បានជួយដល់កម្ពុជា មានការផ្តល់ អាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជា បានទៅសិក្សានៅប្រទេស​រុស្ស៊ី​ គឺមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រទេសកម្ពុជារហូតមក​។ ធនធានមនុស្សដែលបានទៅសិក្សា នៅប្រទេសរុស្ស៊ីនាពេលកន្លងមក បានកំពុងក្លាយជា ថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងជួរ រាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិលផង។

ឯកឧត្តម គាត ឈន់ ក៏បានចូលរួមរំលែកទុក និងថ្កោលទោស ជាមួយប្រទេសរុស្ស៊ីផងដែរ ចំពោះអំពើឃាតកម្ម ដ៏ឃោរឃៅមកលើឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសទួរគី កាលពីពេលថ្មីៗនេះ។

ឯកឧត្តម A.E. KLYCHKOVA បានស្នើដល់ ឯកឧត្តម គាត ឈន់ ជួយជំរុញពង្រឹងពង្រីកទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរឲ្យរឹងមាំ បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការចូលរួមព្រឹត្តិការណ៍សំខាន់ៗ នៃសភាប្រទេសទំាងពីរទៅវិញទៅមកផងដែរ។  

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh