ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ឆេង ផុន
សមាជិករដ្ឋសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ឆេង ផុន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/27/2016 12:47:28 AM )

សមាជិករដ្ឋសភាដែលមាន ឯកឧត្តម ម៉ុម ជឹមហ៊ុយ ឯកឧត្តម ម៉ុក ម៉ារ៉េត និង ឯកឧត្តម កែប ជុតិមា បានអញ្ជើញទៅគោរពវិញាណក្ខន្ធសព លោកព្រឹទ្ធាចារ្យ ឆេង ផុន នៅគេហដ្ឋានសព នាក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ និងបានចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ។

លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួល មរណភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានមនុស្ស ដ៏សំខាន់ម្នាក់របស់ប្រទេសជាតិ​។ លោកព្រឹទ្ធាចារ្យត្រូវគេដឹងថា ជាបុគ្គលសំខាន់មួយរូប ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការអប់រំបណ្ដុះឆន្ទៈ សិល្បករឲ្យស្រឡាញ់សិល្បៈវប្បធម៌ ប្រពៃណីជាតិ ចាប់ពីឆ្នាំ១៩៧៩ នៅក្រោយរបបខ្មែរក្រហមបានដួលរំលំមក។

សូមជម្រាបថា ភ្លាមៗក្រោយពី ទទួលដំណឹងថា លោកព្រឹទ្ធចារ្យ ឆេង ផុន ទទួលរមណភាព ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចអគ្គមហាពញចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារសព ជាមួយការសោយស្តាយបំផុតចំពោះការបាត់បង់ លោកព្រឹទ្ធាចារ្យ​ជារៀងរហូតនៅពេលនេះ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ឆេង ផុន ធ្លាប់បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយ រាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh