ថ្ងៃ ព្រហស្បត្តិ៏ ទី 30 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោក
រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/26/2016 12:16:01 AM )

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំពេញអង្គ លើកទី៧ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភាពេលផ្ដើមសម័យប្រជុំចំនួន៩២រូប។

កិច្ចប្រជុំនាព្រឹកនេះ រដ្ឋសភាបាន លើកយករបៀបវារៈតែមួយ មកធ្វើការពិភាក្សា និងអនុម័ត គឺសេចក្តីព្រាងច្បាប់ ស្តីពីការធ្វើវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ។ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មនេះមានពីរមាត្រា ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសហការី មានមកពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ផង ជាតំណាង រាជរដ្ឋាភិបាល ជាអ្នកការពារសេចក្ដីព្រាងច្បាប់។

នៅក្នុងសេចក្ដីថ្លែងហេតុ របស់រាជរដ្ឋាភិបាល បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល បាននិងកំពុងមាន ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាអាទិ៍ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និងផ្លូវអាកាស ដែលបង្កើតជាប្រព័ន្ធដឹកជញ្ជូន ប្រទាក់ក្រឡាគ្នា ដ៏មានសក្ដានុពល ទាំងក្នុងប្រទេសនិងក្នុងតំបន់ ហើយរុញច្រានសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ឲ្យមានការរីកចម្រើនគួរជាទី មោទនៈ។ ទន្ទឹមនឹងនោះ សកម្មភាពចរាចរណ៍ដែលមានភាពមមាញឹកខ្លាំង បានបង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្ដាលមកពីការបើកបរលឿនហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសិទ្ធិអាទិភាព និងកត្តា ផ្សេងៗទៀត ដែលបានធ្វើឲ្យមានផលវិបាកដល់សង្គម និងធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាអស់ជាច្រើនពាន់លានរៀលក្នុងមួយឆ្នាំៗ។

សេចក្ដីថ្លែងហេតុបន្តថា ក្នុងគោលដៅនៃការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាអនុលោមតាម សេចក្តីសម្រេចរបស់អង្គការ សហប្រជាជាតិ ស្តីពីទសវត្សរ៍នៃសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០%នៅ ឆ្នាំ២០២០ រាជរដ្ឋាភិបាលក៏បានរៀបចំ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ ដែលត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ហើយត្រូវបានរឹតបន្តឹងការអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦កន្លងមក។ ប៉ុន្តែដោយសារនៅមានភាពខ្វះចន្លោះ ក្នុងការអនុវត្តជាក់ស្ដែងមួយចំនួន នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនោះ រាជរដ្ឋាភិបាលក៏បានសម្រេច រៀបចំសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម នៃច្បាប់ចរាចរណ៍ ផ្លូវគោកមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ ​មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ ដើម្បីបំពេញបន្ថែម នូវចំណុចខ្វះខាតទាំងឡាយ។

រដ្ឋសភា បានអនុម័តយល់ព្រម លើខ្លឹមសារទាំងមូល នៃសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយទទួលបានចំនួន ៩៣សំឡេង។

បន្ទាប់ពីអង្គសភាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករួចមក សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសផ្អាកសម័យប្រជុំ រដ្ឋសភា លើកទី៧ នីតិកាលទី៥ មួយរយៈសិន ហើយនឹងបន្តទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៨:០០នាទី ដោយមាន របៀបវារៈតែមួយគឺការស្តាប់ការឆ្លើយបំភ្លឺរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ពីការងាររបស់ក្រសួង។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh