ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំការប្រឡងប្តូរក្របខ័ណ្ឌតាមសញ្ញាបត្រដល់មន្រ្តីរាជការ
អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំការប្រឡងប្តូរក្របខ័ណ្ឌតាមសញ្ញាបត្រដល់មន្រ្តីរាជការ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/24/2016 9:11:13 PM )

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ​ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំការប្រឡង ប្តូរក្របខ័ណ្ឌតាមសញ្ញាបត្រ ដែលបានសិក្សា ដល់មន្រ្តីរបស់ខ្លួន។ ការប្រឡងនេះមានរយៈពេល៣ម៉ោង ដែលបេក្ខជនប្រឡងត្រូវប្រឡងលើមុខវិជ្ជា តាមកម្រិតសញ្ញាបត្រ ដែលខ្លួនបានបញ្ចប់ ការសិក្សា ក្នុងនោះមានកម្រិតសញ្ញាបត្របរិញ្ញាបត្ររង និងបរិញ្ញាបត្រ  ។
 

បេក្ខជនសរុបដែលបានដាក់ពាក្យប្រឡងប្តូរក្របខ័ណ្ឌនៅពេលនេះ មានចំនួន២៧៩នាក់។ តាម​លក្ខខ័ណ្ឌប្រឡង បានគូសបញ្ជាក់ថា បេក្ខជនដែល ត្រូវប្រឡងសញ្ញាបត្របរិញ្ញាបត្ររង គឺត្រូវប្រឡងលើវិញ្ញាសា ជ្រើសរើសចម្លើយដែលត្រូវ និងវិញ្ញាសាសរសេរចំណេះដឹងទូទៅ។ ចំណែកកម្រិត សញ្ញាបត្របរិញ្ញាបត្រ បេក្ខជនត្រូវប្រឡងវិញ្ញាសាជ្រើសរើសចម្លើយដែលត្រូវ វិញ្ញាសាសរសេរឆ្លើយសំណួរចំណេះដឹងទូទៅ និងឆ្លើយសំណួរទាក់ទង ជំនាញចំនួន៤ ដែលមានគ្រប់គ្រង ច្បាប់ ភាសាអង់គ្លេស និងកុំព្យូទ័រ។ ក្នុងសំណួរលើជំនាញបួនខាងលើនេះ បេក្ខជនជ្រើសរើសឆ្លើយតែជំនាញមួយ ប៉ុណ្ណោះ។
 

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានគណៈកម្មការប្រឡងបានមានប្រសាសន៍ថា ការប្រឡងនេះ បានរៀបចំឡើង ស្របតាមច្បាប់ដែលមានជាធរមាន និងជាការលើកទឹកចិត្តដល់មន្រ្តីរាជការ ដែលបានខិតខំបំពេញការងារ ដល់ស្ថាប័ននាពេលកន្លងមក ហើយបាន ខិតខំរៀនសូត្របំពេញចំណេះដឹងជំនាញខ្លួនឯងបន្ថែមទៀត។
 

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំការប្រឡងប្តូរក្របខ័ណ្ឌនេះដល់មន្រ្តីរាជការ របស់ខ្លួនម្តងរួចហើយ ដែលការប្រឡងលើកមុននេះ គឺជាការប្រឡង​ប្តូរប្រភេទក្របខ័ណ្ឌពីប្រភេទ “ឃ” មក “គ”  ការប្រឡងប្តូរក្របខ័ណ្ឌតាម មុខតំណែងមិនសមាមាត្រនឹងក្របខ័ណ្ឌ និងការប្រឡងប្តូរក្របខ័ណ្ឌតាមអតីតភាពនៃឋានន្តរស័ក្តិទី១ និងថ្នាក់លេខទី១ នៃក្របខ័ណ្ឌប្រភេទ “គ” និងប្រភេទ “ខ”៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh