ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភានឹងបន្តសម័យប្រជុំនៅថ្ងៃទី២៦ធ្នូ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍​ផ្លូវគោក
រដ្ឋសភានឹងបន្តសម័យប្រជុំនៅថ្ងៃទី២៦ធ្នូ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍​ផ្លូវគោក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/21/2016 8:47:12 PM )

រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៧ នីតិកាលទី៥ នៅថ្ងៃចន្ទ ទី២៦ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ​នេះ ដើម្បីពិភាក្សានិងអនុម័ត​សេច​ក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា​៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា​៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។  នេះ បើតាមការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុង​កិច្ចប្រជុំនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២២ ធ្នូ នេះ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួនពីរ ដោយក្នុងនោះ កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ នូវសេចក្តីព្រាង ច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា​៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវ​គោក។

បន្ទាប់មកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តយកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីបន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដោយមាន របៀបវារៈតែមួយ គឺការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវ​គោក។

សូមជម្រាបថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ កន្លងមក។ ការធ្វើវិសោធនកម្មលើមាត្រាខ្លះ នៃច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុថា ធ្វើឡើងស្របពេលដែលកម្ពុជាមានសកម្មភាពចរាចរណ៍មមាញឹកខ្លាំងបង្កការ កកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដោយសារ ការបើកបរលឿនហួសល្បឿនកំណត់ ក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសិទ្ធិអាទិភាព ជាដើម។ វិសោធនកម្មមាត្រាខ្លះ នៃច្បាប់ចរាចរណ៍ផ្លូវគោក នឹងជំរុញដល់ការអនុវត្តច្បាប់នេះ កាន់តែមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh