ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនៃរដ្ឋសភានិងតំណាងរាជរដ្ឋាភិបាលជួបពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មមាត្រាចំនួន៩ នៃច្បាប់ចរាចរណ៍ផ្លូវគោក
គណៈកម្មការនៃរដ្ឋសភានិងតំណាងរាជរដ្ឋាភិបាលជួបពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មមាត្រាចំនួន៩ នៃច្បាប់ចរាចរណ៍ផ្លូវគោក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/21/2016 7:27:56 PM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ និងដោយមានការចូលរួមពីតំណាងគណៈកម្មការនានានៃរដ្ឋសភា បានជួប ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមាន ការចូលរួមពីតំណាងក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាគ្នាទៅលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ចរាចរណ៍ផ្លូវគោកនៅ​ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

ឯកឧត្តម តូច ចាន់កុសល បានមានប្រសាសន៍ថា នៅក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើន យើងសង្កេតឃើញថា សកម្មភាពចរាចរណ៍ ក៏មានភាពមមាញឹកខ្លាំង បង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានធ្វើឲ្យមានផលវិបាក ដល់សង្គម និងធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាអស់ជាច្រើនពាន់លានរៀលក្នុងមួយឆ្នាំៗ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា ក្នុងគោលដៅជំរុញការអនុវត្ត និងការគោរពច្បាប់ចរាចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេស ការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាអនុលោមតាមសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ស្តីពីទសវត្សរ៍នៃសកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០%នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក​ ដែលត្រូវបានប្រកាសឲ្យប្រើនៅ ខែមករា ឆ្នាំ២០១៥ និងចាប់អនុវត្តពី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ ប៉ុន្តែដោយសារនៅមានភាព ខ្វះចន្លោះក្នុងការអនុវត្តជាក់ស្ដែងមួយចំនួននៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនោះ រាជរដ្ឋាភិបាលក៏បានសម្រេចឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន រៀបចំសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ។ ក្រសួងបានពិនិត្យជាមួយ អន្តរក្រសួងពាក់ព័ន្ធ ដោយបានកំណត់ការធ្វើវិសោធនកម្មលើមាត្រាចំនួន៩រួមមាន វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ ​មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានសម្តែងការគំាទ្រចំពោះសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ចរាចរណ៍ផ្លូវគោក ដោយបាន លើកឡើងថា វិសោធនកម្មនៃច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានសារៈសំខាន់ណាស់ សម្រាប់សង្គមនាពេលបច្ចុប្បន្ន ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។ ដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿននៃវិទ្យាសាស្រ្ត ចាំបាច់ត្រូវ ពង្រឹងច្បាប់ និងមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ លោកជំទាវបានបញ្ជាក់ថា គណៈកម្មការជំនាញបានសង្កេតឃើញថា វិសោធនកម្មនៃច្បាប់ ចរាចរណ៍ផ្លូវគោកនេះ មានលក្ខណៈត្រឹមត្រូវតាមច្បាប់និងស្របតាមគតិយុត្ត។

លោកជំទាវប្រធានបានបញ្ជាក់ថា បន្ទាប់ពីបានជួប​ពិនិត្យពិភាក្សាគ្នានៅពេលនេះ​ គណៈកម្មការជំនាញ​នៃរដ្ឋសភា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅ គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យសម្រេច ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ ៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន