ថ្ងៃ ពុធ ទី 26 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចចក្រី ហេង សំរិន គាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងរដ្ឋសភាកម្ពុជានិងចិន
សម្តេចចក្រី ហេង សំរិន គាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងរដ្ឋសភាកម្ពុជានិងចិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/20/2016 9:03:06 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង ហ្គូសៀង (WANG Guosheng) សមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍​ និង​ជាអនុប្រធានគណៈកម្មាធិការកសិកម្ម និងកិច្ចការជនបទនៃសភាប្រជាជនចិនទូទំាងប្រទេស ចូលជួបសម្តែងការគួរសម នៅព្រឹក​ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការពង្រឹងពង្រីកផ្លាស់ប្តូរ បទពិសោធន៍ ការងារក្នុងវិស័យ​កសិកម្មជាមួយកម្ពុជា ពិសេសក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូនៅពេលនេះ។ សម្តេចបានចាត់ទុកថាដំណើរ ទស្សនកិច្ចនេះជាផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិន កាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ ដោយក្នុងពេលនោះ សម្តេច និង ឯកឧត្តម ចាង តេជាង ប្រធានសភាតំណាងប្រជាជនចិន បានឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងសភានៃប្រទេសទំាងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចចក្រី បានសម្តែងការពេញចិត្ត ចំពោះសមិទ្ធិផលទំាងឡាយ ដែល​កើតចេញ ពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិ​បាលប្រទេសទំាងពីរកម្ពុជា-ចិន នាពេលកន្លងមក។  សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-ចិន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ។

បន្ថែមពីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះ​គំនិតផ្តួចផ្ដើមរបស់ ប្រធានាធិបតី ស៊ី ជិនពីង នូវគោល​​នយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយ “ខ្សែក្រវ៉ាត់ផ្លូវសេដ្ឋកិច្ចសូត្រ និងផ្លូវសូត្រសមុទ្រ សម្រាប់សតវត្សរ៍​ទី២១” ដែលគោលនយោបាយនេះ នឹងជួយលើក​កម្ពស់បន្ថែមទៀត លើកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ដើម្បី​វិបុលភាព​ទាំង​អស់គ្នា ហើយកម្ពុជាប្រាកដណាស់នឹងទទួល បានផលប្រយោជន៍ពីគោលនយោបាយប្រទេសចិននេះ។

ឯកឧត្តម វ៉ាង ហ្គូសៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួប គណៈប្រតិភូនៅពេលនេះ។ ឯកឧត្តមបាន រម្លឹកពីការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចទៅវិញទៅមក នៃថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសកម្ពុជានិងចិន ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៦នេះ ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ កាន់តែរឹងមាំឡើង ទំាងនៅខាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកឡើងថា ទំនាក់ទំនងសភាប្រទេសទំាងពីរ មានសារៈសំខាន់ណាស់ ក្នុងការជំរុញ និងលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេរឡើងរវាងកម្ពុជា-ចិន។​

ឯកឧត្តម វ៉ាង ហ្គូសៀង បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលមានតំាងពីយូរណាស់មកហើយនោះ ជាទំនាក់ទំនងពិតប្រាកដ ស្មោះត្រង់ ផ្តល់ប្រយោជន៍ទៅវិញទៅមក និងយោគយល់។

សូមជម្រាបថា ឯកឧត្តម វ៉ាង ហ្គូសៀង ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។ នៅ ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តែងការគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា គណៈប្រតិភូនឹងជួបពិភាក្សាការងារជាមួយស្ថាប័ន​​នានារបស់ កម្ពុជាខាងវិស័យកសិកម្ម និងត្រូវចុះបំពេញទស្សនកិច្ចពិនិត្យសិក្សាស្វែងយល់លើ​ការងារកសិកម្មដោយផ្ទាល់នៅខេត្តសៀមរាបផងដែរ។

សម្រាប់កិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា លើវិស័យកសិកម្មនេះឲ្យកាន់តែស៊ីជម្រៅលម្អិតថែមទៀតនោះ សម្តេចបានផ្តល់ឱកាសជូនគណៈប្រតិភូ សភាប្រជាជនចិន ជួបពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាកម្ពុជា បន្ទាប់ពីជំនួបសវនការជាមួយសម្តេច រួច៕  

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh