ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជា-អាល្លឺម៉ង់ រំពឹងថានឹងមានកិច្ចសហប្រតិបត្តិការល្អឡើងបន្ថែមទៀត
រដ្ឋសភាកម្ពុជា-អាល្លឺម៉ង់ រំពឹងថានឹងមានកិច្ចសហប្រតិបត្តិការល្អឡើងបន្ថែមទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/19/2016 12:24:14 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត អិនហ្គូ កាស្តិន (Ingo Karsten) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចំានៅកម្ពុជា បានសម្តែងសុទិដ្ឋិនិយមរួមគ្នាថា ទំនាក់ទំនងនិងកិច្ចសហប្រ​តិបត្តិការនៃប្រទេស ទាំងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងអាល្លឺម៉ង់ នឹងមានការរីកចម្រើនជាលំដាប់។

ការសម្តែងសុទិដ្ឋិនិយមរួមគ្នាបែបនេះ បានលើកឡើងក្នុងឱកាស ដែលសម្តេចប្រធានរដ្ឋសភា ទទួលជួបសវនការជាមួយ ឯកឧត្តមបណ្ឌិត អិនហ្គូ កាស្តិន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។ ប្រទេសកម្ពុជានិងអាល្លឺម៉ង់ មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីចុងទស្សវត្សទី៦០ មកម៉្លេះ។

ឯកឧត្តមបណ្ឌិត អិនហ្គូ កាស្តិន បានលើកឡើងថានៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជានាពេលនេះ ឯកឧត្តមនឹងខិតខំពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ឲ្យរឹងមាំឡើងថែមទៀតលើគ្រប់វិស័យ ក្នុងនោះមានទំាងទំនាក់ទំនងការទូត នយោបាយ ពាណិជ្ជកម្ម និងវប្បធម៌ផង។

ចំពោះទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទំាងពីរវិញ ឯកឧត្តមរំពឹងថា ក្រុមមិត្តភាពនៃសភាប្រទេសទំាងពីរ នឹងបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរ បទពិសោធន៍ជាមួយគ្នាបន្ថែមទៀត។ ជាមួយគ្នានេះឯកឧត្តមបានលើកឡើងថា នៅក្នុងខែកុម្ភៈឆ្នាំ២០១៧ខាងមុខនេះ  គណៈប្រតិភូសភាសាធារណរដ្ឋ សហព័ន្ធអាលឺ្លម៉ង់មួយក្រុម ដែលមានសមាសភាពចូលរួម គ្រប់គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត មានសង្ឃឹមថា នៅក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូ នឹងបានចូលជួបសម្តែងការគួរសម និងសវនការជាមួយ សម្តេចប្រធានរដ្ឋសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីព្រោះថាសម្តេចជាឥស្សរជនសំខាន់នៅកម្ពុជា ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ កម្ពុជារហូតមក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរនិងស្វាគមន៍ចំពោះ ឯកឧត្តមបណ្ឌិត អិនហ្គូ កាស្តិន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា បេសកកម្មការទូតថ្មីរបស់ ឯកឧត្តមនៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ការបន្ត​ពង្រឹង​ពង្រីកលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការរវាង ប្រទេសទំាងពីរឲ្យកាន់តែ​រឹងមំា ខ្លាំងក្លាទ្វេរដងថែមទៀត។

ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលសហព័ន្ធអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍសង្គមកម្ពុជា​​លើវិស័យជាច្រើន ​ដូចជា អភិបាល​កិច្ចល្អ កំណែទម្រង់ដីធ្លី ធនធានមនុស្ស សុខាភិបាល និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ជាដើម។

សម្តេចចក្រីក៏បានលើកឡើងដែរថា តាមរយៈទំនាក់ទំនងដ៏ល្អ រវាងក្រុមមិត្តភាពនៃសភាប្រទេសទំាងពីរកន្លងមក ប្រទេសអាល្លឺម៉ង់តាមរយៈអង្គការ របស់ខ្លួននៅកម្ពុជា មានមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ (GIZ) ជាដើម បានផ្តល់ជំនួយជាបច្ចេកទេស និងសម្ភារៈក្នុងការពង្រឹងសមត្ថភាពសមាជិក រដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាបន្តបន្ទាប់។

ជាចុងបញ្ចប់ ទំាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងសុ​ទិដ្ឋិនិយមរួមគ្នាថា ទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរនឹងមាន ការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh