ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតថ្មីប្រទេសជប៉ុនគោរពនិងសរសើរសម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា
ឯកអគ្គរដ្ឋទូតថ្មីប្រទេសជប៉ុនគោរពនិងសរសើរសម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/15/2016 8:45:54 PM )

ក្នុងឱកាសចូលជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតថ្មីប្រទេសជប៉ុនប្រចំានៅកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី (Hidehisa HOR​IN​OUCHI) បានសម្តែងការកោតសរសើរ និងគោរពចំពោះពលិកម្មនិងស្នាដៃរបស់សម្តេចប្រធានរដ្ឋសភា ដែលបានចូលរួមចំណែកកសាងសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសកម្ពុជារហូតមក។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ របស់សម្តេចនៅក្នុងរយៈពេលកន្លងមកនេះ បានជំរុញឲ្យកម្ពុជាមានសន្តិភាព និងស្ថិរភាព។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី  បានសម្តែងក្តីរីករាយ នៅពេលឃើញវប្បធម៌សន្ទនានៅក្នុងរដ្ឋសភា បានកំពុងដំណើរ ទៅមុខ។

ឯកឧត្តមបានលើកឡើងថា នៅក្នុងពេលឆាប់ៗនេះ សមាជិករដ្ឋសភាចំនួនពីររូបនៃគណបក្សទំាងពីរ ដែលមានអាសនៈនៅក្នុងរដ្ឋសភា នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរួមគ្នា ដែលនេះជាសញ្ញាល្អណាស់ សម្រាប់ការងារនៅក្នុងរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី  នៅកម្ពុជា។ សម្តេចមានសុទិដ្ឋិនិយមថា ឯកឧត្តមនឹងខិតខំជំរុញទំនាក់ទំនងដ៏ល្អ រវាងប្រទេសទំាងពីរដែលមានស្រាប់ឲ្យរឹតតែរឹងមាំឡើង។  ជាមួយ​គ្នានេះ សម្តេច បានសំណូមពរដល់ឯកឧត្តមឯកអគ្គរាជទូត មេត្តាជួយជំរុញ និងកៀងគរអ្នកវិនិយោគ អ្នកទេសចរណ៍ជប៉ុនមកកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។

សម្តេចចក្រីបានលើកឡើងថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងជប៉ុន គឺមានទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ក្នុងនាមរដ្ឋសភា និងប្រជាជន កម្ពុជា សម្តេចបានថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានគំាទ្រដល់ការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា រហូតមក។ រដ្ឋសភាកម្ពុជា សូមគំាទ្រដល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងជប៉ុន នៅលើគ្រប់វិស័យ។ បច្ចុប្បន្នអ្នកវិនិយោគជប៉ុនបានមក បណ្តាក់ទុននៅកម្ពុជាច្រើនឡើង ដែលជាផ្នែកសំខាន់ជំរុញសេដ្ឋកិច្ចកម្ពុជា និងការផ្តល់ការងារដល់ពល​រដ្ឋ​ខ្មែរ៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh