ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សហភាពអឺរ៉ុបជម្រាបតំណាងរាស្រ្តពីជំហររឹងមាំរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា
សហភាពអឺរ៉ុបជម្រាបតំណាងរាស្រ្តពីជំហររឹងមាំរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/15/2016 12:44:52 AM )

ជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា សហភាពអឺរ៉ុបប្រចំានៅកម្ពុជា បានរៀបចំយុទ្ធសាស្រ្ត ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍របស់អឺរ៉ុប សម្រាប់ប្រទេសកម្ពុជា២០១៤-២០១៨ ហើយនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ សហភាពអឺរ៉ុបបានធ្វើបទបង្ហាញ ពីការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងដំណាក់កាលទី១ពីឆ្នាំ២០១៤-២០១៥ ជូនដល់សមាជិកសមាជិការដ្ឋសភានៅវិមានរដ្ឋសភា។ ពិធី​នេះបានរៀបចំឡើង ដោយមានកិច្ចសហការគ្នា រវាងគណៈកម្មការកិច្ចបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាននៃរដ្ឋសភា ដែលមាន ឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការ និងសហភាពអឺរ៉ុបប្រចំានៅកម្ពុជា។

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចំានៅកម្ពុជា បានលើកឡើងថាយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុប បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសនៅអឺរ៉ុប ដែលជាដៃគូអភិវឌ្ឍន៍អឺរ៉ុប ក្នុងការគំាទ្រដល់ប្រទេសកម្ពុជា ដើម្បីបន្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឲ្យកាន់តែល្អប្រសើរឡើង របស់ប្រទេសនេះ តាមរយៈការពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា និងការចូលរួមឲ្យបានសកម្មក្នុងរបៀបវារៈ អភិវឌ្ឍន៍សកលឆ្នាំ២០១៥។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុប បានគំាទ្រចំពោះចក្ខុវិស័យ ដែលរាជរដ្ឋាភិបាលបានអនុម័តក្នុងការអនុវត្ត យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក្នុងការធ្វើឲ្យសង្គមរុងរឿងមានសេដ្ឋកិច្ចរឹងមាំ ជីវភាព និងជាសង្គមនី​តិរដ្ឋ ដែលមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ។ ​

ឯកឧត្តម ឈាង វុន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ ក្នុងឱកាសនោះថា ការធ្វើបទបង្ហាញរបស់សហភាពអឺរ៉ុបនៅពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប សម្រាប់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេស កម្ពុជាប្រកបដោយនីរន្តរភាព និងបានបង្ហាញឲ្យឃើញពីការសហការយ៉ាងជិតស្និទ្ធ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក និងក្នុងន័យស្ថាបនា រវាងដៃគូអភិវឌ្ឍន៍សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ក៏បានលើកឡើងដែរថា ការជួប ពិភាក្សាជាមួយតំណាងរាស្រ្តរបស់សហភាពអឺរ៉ុបពេលនេះ គឺមានសារៈសំខាន់ថែមទៀត ដើម្បីឲ្យយុទ្ធសាស្រ្តរបស់ខ្លួន ទទួលបានជោគជ័យ និងមាន ប្រសិទ្ធភាពពីព្រោះថាសមាជិករដ្ឋសភាជាតំណាងឲ្យពលរដ្ឋកម្ពុជា ដែលបានដឹងពីតម្រូវការនិងសុខទុក្ខរបស់ពលរដ្ឋ។

សូមជម្រាបថា នៅក្នុងបទបង្ហាញ ពីយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍របស់សហភាពអឺរ៉ុបសម្រាប់កម្ពុជានេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាឯកអគ្គរដ្ឋទូតនៃប្រទេសនានា ជាសមាជិកសហភាពអឺរ៉ុបប្រចំានៅកម្ពុជា និងឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន លេខាធិការ និងជាតំណាងគណៈកម្មការជំនាញរបស់រដ្ឋសភាទំាង១០ចូលរួម។ ការជួបជុំនេះក្រៅពីការស្តាប់របាយណ៍របស់សហភាពអឺរ៉ុប ក៏មានការ ជជែកពិភាក្សា ដោយបើកចំហទៅលើកិច្ចការ និងភារកិច្ចរបស់គណៈកម្មការជំនាញរបស់រដ្ឋសភា ដែលទទួលបន្ទុក លើវិស័យទំាងឡាយរបស់ រាជរដ្ឋាភិបាលនោះផងដែរ។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នរក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម ការគោរពសិទ្ធិមនុស្ស ស្របតាមគោលការណ៍ ប្រជាធិបតេយ្យនីតិរដ្ឋ ហើយបើនិយាយពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចវិញ ផលទុនក្នុងស្រុករបស់កម្ពុជា(GDP) បានកើនឡើងពីរង្វង់២៥០០លានដុល្លារ ក្នុងឆ្នាំ១៩៩៣ មកដល់១៨៤០០លានដុល្លារ នៅឆ្នាំ២០១៥ដែល  កត្តានេះបានបង្ហាញថា ដង្ហើមសេដ្ឋកិច្ចកម្ពុជាកំពុងល្អ ហើយកម្ពុជានឹងក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ដែលនៅពេលបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

នៅក្នុងរបាយការណ៍ត្រួតពិនិត្យលើកទី១ សម្រាប់ឆ្នាំ២០១៥-២០១៦ នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុប សម្រាប់ប្រទេសកម្ពុជា២០១៤ និង២០១៨បានលើកឡើងថា ក្នុងឆ្នាំ២០១៤និង២០១៥កន្លងមកនេះ ដៃគូអភិវឌ្ឍន៍ដ៏ធំរបស់កម្ពុជាមួយនេះ បានផ្តល់ការគំាទ្រដល់កម្ពុជាលើការងារ អភិបាលកិច្ចល្អ ការគំាទ្រដល់កំណែទម្រង់អភិបាលកិច្ចសំខាន់ៗដូចជា វិមជ្ឈការ និងប្រជាធិបតេយ្យរូបនីយកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់មុខងារសាធារណៈ ដែលមានការចូលរួមប្រយុទ្ធប្រឆំាងអំពើពុករលួយជាដើម។

នៅក្នុងឱកាសនោះ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចំានៅកម្ពុជា បានបញ្ជាក់ជំហររឹងមាំរបស់សហភាពអឺរ៉ុបក្នុងការគំាទ្រ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្តនាពេលនេះ៕

 អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh