ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អ្នកជំនាញសេដ្ឋកិច្ចមានសង្ឃឹមថាកម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយៗទៀត
អ្នកជំនាញសេដ្ឋកិច្ចមានសង្ឃឹមថាកម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយៗទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/14/2016 6:43:47 PM )

ក្នុងវេទិកាពិភាក្សាអំពី “ការវិនិច្ឆ័យស្ថានភាពប្រទេស ដែលមានលក្ខណៈជាប្រព័ន្ធសម្រាប់កម្ពុជា” ដែលរៀបចំធ្វើឡើងដោយធនាគារពិភពលោក និងគណៈកម្មការជំនាញខាងសេដ្ឋកិច្ចរបស់រដ្ឋសភា ក្រុម​អ្នកជំនាញខាងសេដ្ឋកិច្ច បានសម្តែងសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេល បច្ចុប្បន្ន និងមានជំនឿថា ប្រទេសនេះ នឹងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចបន្តទៀត។

នៅក្នុងកិច្ចពិភាក្សាដែលមានវត្តមាន អ្នកសេដ្ឋកិច្ចសំខាន់ៗរបស់ធនាគារពិភពលោក និងអ្នកតាក់តែងគោលនយោបាយរបស់រដ្ឋសភា ដែលធ្វើឡើង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមប្រធានបទ “ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធសម្រាប់កម្ពុជា” នេះ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានមានប្រសាសន៍ថា កម្ពុជាមាន មោទនភាពចំពោះកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងកម្រិតជាង៧% ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់គ្នា ប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើនសេដ្ឋកិច្ច ដែលបានធ្វើឲ្យអត្រានៃភាពក្រីក្រ បានថយចុះមកនៅត្រឹម១៣,៥%នៅឆ្នាំ២០១៥។ ឯកឧត្តមបណ្ឌិតរដ្ឋបន្តថា ផលិតផលក្នុងស្រុកប្រចំាឆ្នាំសម្រាប់ ពលរដ្ឋម្នាក់(GDP) មានចំនួន១១២៣ដុល្លារនៅឆ្នាំ២០១៤ បានកើនដល់១៣០០ដុល្លារនៅក្នុងឆ្នាំ២០១៦។

“កម្ពុជារំពឹងថា(GDP) សម្រាប់មនុស្សម្នាក់នឹងកើនឡើងថែមទៀត នៅក្នុងឆ្នាំ២០១៧ខាងមុខ។ លទ្ធផលដែលសម្រេចបានទាំងអស់នេះ ក៏ដោយសារ ការខិតខំរបស់រាជរដ្ឋាភិបាល និងការរួមចំណែកពីផ្នែកពាក់ព័ន្ធទាំងអស់មានទាំងផ្នែកឯកជន សង្គមស៊ីវិលនិងដៃគូអភិវឌ្ឍនានា នេះជាការគូសបញ្ជាក់ របស់ឯកឧត្តមប្រធានគណៈកម្មការសេដ្ឋកិច្ច។

​ចំណែក លោក Miquel Eduardo Sanchez Martin និង លោក Obert Pimhidzai សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក បានទទួលស្គាល់ថា កម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ៧,៦% ដែលបានធ្វើឲ្យប្រទេសនេះ ជាប់ចំណាត់ថ្នាក់លេខ៧ លើពិភពលោក នៅឆ្នាំ២០១៤និងឆ្នាំ២០១៥ ដោយក្នុងនោះ អត្រាមរណភាពមាតា និងទារកក៏មានការថយចុះ។ អ្នកសេដ្ឋវិទូបានលើកឡើងថា កម្ពុជាបានធ្វើបានល្អជាងគេ ក្នុងការកាត់បន្ថយ ភាពក្រីក្រ ដែលប្រការទាំងនេះក៏អាស្រ័យដោយសា​រ​រដ្ឋាភិបាលមានគោលនយោបាយល្អដែរ។

​ជាមួយក្តីរំពឹងថាកម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយៗទៀត ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប បានលើកឡើងថា ការជួបជុំអ្នកជំនាញ ខាងសេដ្ឋកិច្ចនៅពេលនេះ ស្តីពី “ការវិនិច្ឆ័យស្ថានភាពប្រទេស ដែលមានលក្ខណៈជាប្រព័ន្ធសម្រាប់កម្ពុជា” គឺជាឱកាសមួយចង់បានការចូលរួម យោបល់ដ៏ទូលំទូលាយពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា និងអ្នកជំនាញទំាងអស់ ពីចំណុចវិជ្ជមាន បញ្ហាប្រឈម ព្រមទំាង ដោះស្រាយផងដែរ។

លោក Ulrich Zachau នាយកប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា កិច្ចពិភាក្សានៅពេលនេះ គឺការវិភាគលក្ខណៈជាប្រព័ន្ធ ដើម្បីស្វែងរកនូវអ្វីដែលសំខាន់បំផុត ក្នុងការអភិវឌ្ឍនៅក្នុងប្រទេសមួយ ដែលមិនសំដៅតែកម្ពុជានោះទេ។ លោកប្រធាន បានលើកឡើងថា ធនាគារពិភពលោក បានធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ មានសភា រដ្ឋាភិបាល និងផ្នែកឯកជន ក្នុងការជួយជំរុញសេដ្ឋកិច្ច ប្រទេសកម្ពុជា ហើយការចូលរួមពីសមាជិករដ្ឋសភា រាជរដ្ឋាភិបាលគឺជាការសំខាន់។

សូមជម្រាបថា កិច្ចពិភាក្សាលើប្រធានបទ “ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធសម្រាប់កម្ពុជា» មានសមាជិកសមាជិការដ្ឋសភា សេដ្ឋវិទូ ព្រមទំាងថ្នាក់ដឹកនាំ មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រមាណជាង៨០នាក់ចូលរួម។ វេទិកានេះបានបើកចំហឲ្យបានការលើកឡើងពីបញ្ហា ប្រឈម និងទស្សនៈនានា។ អ្វីជាការកត់សម្គាល់នៅក្នុងបទបង្ហាញ វាគ្មិនខ្លះក៏បានលើកឡើងពីបញ្ហាប្រឈមរបស់កម្ពុជាមួយចំនួននៅក្នុងវិស័យ កសិកម្ម ការអប់រំ ដូចជាការបោះបង់ការសិក្សារបស់សិស្ស នៅកម្រិតមធ្យមសិក្សាបឋមភូមិ បញ្ហាកង្វះអាហារូបត្ថម្ភ សេវាសុខាភិបាល អគ្គិសនី និងសមភាពយេនឌ័រជាដើម។

​មានប្រសាសន៍នៅពេលបិទកិច្ចពិភាក្សានេះ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណចំពោះការចូលរួមមតិយោបល់យ៉ាងច្រើនផុលផុស របស់អ្នកចូលរួម។ ឯកឧត្ដមបណ្ឌិតរដ្ឋ ក៏បានអរគុណចំពោះធនាគារពិភពលោកដែលបានខិតខំស្រាវជ្រាវ និងវាយតម្លៃត្រឹមត្រូវចំពោះកំណើនសេដ្ឋកិច្ច របស់កម្ពុជា ហើយសង្ឃឹមថា ធនាគារពិភពលោកនឹងបន្តជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្តទៀត ពិសេសជួយរកមធ្យោបាយក្នុងការកាត់បន្ថយនូវ បញ្ហាប្រឈមនានាដែលបានលើកឡើងក្នុងកិច្ចពិភាក្សានាពេលនេះ ដើម្បីបន្តការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាទៀត៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh