ថ្ងៃ ពុធ ទី 26 ខែ មេសា ឆ្នាំ​ 2017
គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ចរបស់សភាតំបន់អាស៊ី(APA) នៅប្រទេសបារ៉ែន__ នាយករដ្ឋមន្រ្តីវៀតណាម លើកឡើងពីតួនាទីដ៏សំខាន់របស់រដ្ឋសភា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា វៀតណាម__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ __ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ __ រដ្ឋសភាប្រកាសជ្រើសរើសបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជំនួស ឯកឧត្តម ពិត តំាងសាន ដែលទើបទទួលមរណភាព​ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » យុវជនមកពីខេត្តកណ្តាលបានប្តេជ្ញាចិត្តខិតខំអភិវឌ្ឍន៍ខ្លួនដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អរបស់ប្រទេសជាតិ
យុវជនមកពីខេត្តកណ្តាលបានប្តេជ្ញាចិត្តខិតខំអភិវឌ្ឍន៍ខ្លួនដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អរបស់ប្រទេសជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/12/2016 12:20:48 AM )

ជាមួយនឹងភាពសប្បាយរីករាយ ដែលមានឱកាស បានមកសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា យុវជនចំនួន៧០រូប មកពី១១ស្រុកនៃខេត្តកណ្តាល បានបង្ហាញពីការប្តេជ្ញាចិត្ត ខិតខំអភិវឌ្ឍន៍ខ្លួនដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សី ដ៏ល្អរបស់ប្រទេសជាតិ។ តំណាងយុវជនបន្តថា នៅពេលបានមកដល់រដ្ឋសភាជាស្ថាប័នកំពូលរបស់ជាតិយុវជនទាំងអស់ពិតជាមានមោទនភាពណាស់ ដែលស្ថាប័នរដ្ឋសភា ពិសេសគណៈកម្មការទី១នៃរដ្ឋសភា បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញចែករំលែកនូវចំណេះដឹងអំពីរដ្ឋសភា ការបំពេញ ការងាររបស់តំណាងរាស្ត្រ និងបទពិសោធន៍នៃការធ្វើការងាររបស់រដ្ឋសភាដល់យុវជនបានយល់ដឹង។

នៅក្នុងពេលទទួលជួបយុវជនទាំងនោះ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានមានប្រសាសន៍ជម្រាបជូនយុវជនទាំងអស់ ទាក់ទងទៅនឹង សកម្មភាពការងាររបស់តំណាងរាស្ត្រ។ ឯកឧត្តមប្រធានគណៈកម្មការបានមានប្រសាសន៍ថា រដ្ឋសភាក្នុង១ឆ្នាំមានរយៈពេល៦ខែ ដែលត្រូវបំពេញការងារជាអ្នកតាក់តែងច្បាប់ មានដូចជាធ្វើការពិនិត្យសិក្សាស្រាវជ្រាវ និងអនុម័ត លើសេចក្តីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់នានា។ ក្រៅពីនោះរយៈពេល៦ខែទៀត ជាពេលវិស្សមកាល។ វិស្សមកាលរបស់រដ្ឋសភា មិនមែនមានន័យថា តំណាងរាស្ត្រឈប់សម្រាកមិនធ្វើការនោះទេ គឺតំណាងរាស្ត្រត្រូវយកឱកាសនេះ ចុះទៅតាមមូលដ្ឋានដើម្បីជួបប្រជាពលរដ្ឋផ្សព្វផ្សាយច្បាប់ត្រួតពិនិត្យការអនុវត្តច្បាប់ ហើយក្នុងករណីប្រជាពលរដ្ឋ មានបញ្ហាអ្វីស្នើសុំកិច្ចអន្តរាគមន៍ផ្សេងៗ គឺតំណាងរាស្ត្រត្រូវជួយសម្របសម្រួលលើបញ្ហាទាំងនោះ ទៅស្ថាប័នពាក់ព័ន្ធជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ផងដែរ។

ឯកឧត្តមក៏បានជម្រាបជូន យុវជនទាំងអស់អំពីតួនាទី និងភារកិច្ចសំខាន់ទាំង៣របស់តំណាងរាស្ត្រ ទី១ជាអ្នកពិភាក្សា និងអនុម័តសេចក្តីស្នើឬ សេចក្ដីព្រាងច្បាប់ ទី២ជាអ្នកតាមដានការអនុវត្តន៍ច្បាប់ និងទី៣គឺភាពជាតំណាងរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលត្រូវចុះជួបស្វែងយល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ឥសាន អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានមានប្រ​សាសន៍ ជម្រាបជូនយុវជនទាំងអស់ អំពីរបបដឹកនាំនៅលើពិភពលោក ដែលមានភាពផ្សេងៗ រវាងរបបរាជានិយម និងរបប សាធារណរដ្ឋ និងភាពផ្សេងគ្នានៃប្រព័ន្ធបោះឆ្នោត តាមបែបឯកត្តនាម និងការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ដោយឯកឧត្ដមបានលើកបង្ហាញជា ទឡ្ហីករណ៍មួយចំនួនផងដែរ។

ឯកឧត្តមក៏បានជម្រាបពីដំណើរការនៃការតាក់តែងច្បាប់ដល់យុវជនថា មុននឹងកើតចេញជាច្បាប់ប្រកាសឲ្យប្រើបាន គឺត្រូវឆ្លងកាត់ការប្រជុំពិភាក្សាគ្នា ជាច្រើនដំណាក់កាល តាំងពីនៅគណៈរដ្ឋមន្ត្រី  រហូតមកដល់រដ្ឋសភាពិនិត្យសិក្សានិងអនុម័ត រួចបញ្ជូនទៅព្រឹទ្ធសភាផ្ដល់យោបល់ បន្ទាប់មកទើប បញ្ជូនថ្វាយព្រះមហាក្សត្រទូលស្នើសុំឡាយព្រះហស្ថលេខា​ប្រកាសឲ្យប្រើ។

ឯកឧត្តមបញ្ជាក់ថា ច្បាប់ខ្លះមានការពិភាក្សាគ្នាជាច្រើនលើក ច្រើនសារ និងមានទាំងការរៀបចំធ្វើសិក្ខាសាលាពិគ្រោះយោបល់ជាមួយគ្រប់ផ្នែកដែល ពាក់ព័ន្ធទៀតផង។

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh