ថ្ងៃ ព្រហស្បត្តិ៏ ទី 30 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អាល្លឺម៉ង់ប្រកាសបន្តជំនួយអភិវឌ្ឍន៍សមត្ថភាពមន្រ្តីព័ត៌មានរដ្ឋសភា ព្រឹទ្ធសភា នៅឆ្នាំ២០១៧ទៀត បន្ទាប់ពីគម្រោងឆ្នាំ២០១៦បានបញ្ចប់
អាល្លឺម៉ង់ប្រកាសបន្តជំនួយអភិវឌ្ឍន៍សមត្ថភាពមន្រ្តីព័ត៌មានរដ្ឋសភា ព្រឹទ្ធសភា នៅឆ្នាំ២០១៧ទៀត បន្ទាប់ពីគម្រោងឆ្នាំ២០១៦បានបញ្ចប់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/11/2016 6:34:46 PM )

ក្នុងផ្នែកមួយ ជួយជំរុញការងារសភា ដល់ពលរដ្ឋបានដឹង តាមរយៈវិស័យព័ត៌មាន មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ(KAS) និងទីភ្នាក់​ងារ​​កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) នៃប្រទេសអាល្លឺម៉ង់ បានជួយបណ្តុះបណ្តាលមន្រ្តីព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា លើជំនាញ សរសេរព័ត៌មាន និងការផលិតវីដេអូក្នុងឆ្នាំ២០១៦។ វគ្គបណ្តុះបណ្តាលទំាងពីរនេះ បានបញ្ចប់នៅចុងឆ្នាំ២០១៦នេះ ប៉ុន្តែអាល្លឺម៉ង់ តាមរយៈអង្គការ របស់ខ្លួននៅកម្ពុជា បានប្រកាសបន្តជួយបណ្តុះបណ្តាលមន្រ្តីព័ត៌មាន នៃអគ្គលេ​ខាធិការ​ដ្ឋានសភាទំាងពីររបស់កម្ពុជាបន្តទៀតនៅ ឆ្នាំ២០១៧ខាងមុខ ដើម្បីជំរុញព័ត៌មានពីរដ្ឋសភា និងព្រឹទ្ធសភា បានទៅដល់ពល​រដ្ឋ​ឲ្យបានកាន់តែច្រើន និងសម្បូរបែប​។

ការប្រកាសបន្តជំនួយគំាទ្រលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព័ត៌មាននៃសភាទំាងពីរទៀតរបស់ប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងនៅ ក្នុងពិធីសម្ពោធគម្រោងសហប្រតិបត្តិការអាល្លឺម៉ង់គាំទ្រសភាកម្ពុជា និងការផ្សព្វផ្សាយវីដេអូព័ត៌មានពីសភាចំនួន៤ឯកសារ ដែលសិក្ខាកាមទទួលការ បណ្តុះបណ្តាល ក្នុងឆ្នាំ២០១៦ បានផលិតឡើង។ ពិធីនេះបានប្រារព្ធធើ្វឡើង នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា

សមាជិកសមាជិកា រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ តំណាងមូលនិធិខុនរ៉ាដអាឌិតណៅអ៊ែរ និងទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ព្រមទំាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានសភាទំាងពីរជាច្រើនរូបបានចូលរួមក្នុងពិធីនេះ ។

ទំាង លោក Rene Gradwohl តំណាង KAS ប្រចំានៅកម្ពុជា និងឯកឧត្តមបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ប្រចំានៅកម្ពុជា សុទ្ធតែបានលើកឡើងពីសារៈសំខាន់នៃការផ្តល់ព័ត៌មានពីសភាទៅដល់ប្រជាពលរដ្ឋ ដោយហេតុថា នៅក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋចង់ដឹង ថាសភាធ្វើអ្វីខ្លះ។

ជាមួយការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០១៦ លោក Rene Gradwohl បានប្រកាសពីការបន្តគំាទ្រជួយអភិវឌ្ឍន៍ ធនធានមនុស្សសម្រាប់មន្រ្តីព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា នៅឆ្នាំ២០១៧ទៀត។

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះជំនួយ និងកិច្ចសហប្រតិបត្តិការ របស់ប្រទេសអាល្លឺម៉ង់ ដែលបានជួយមកដល់ សភាកម្ពុជាទំាងពីរនៅគ្រប់រូបភាព ដែលមានគម្រោងជាច្រើន។ និយាយតែការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកព័ត៌មាននេះ ឯកឧត្តម អគ្គលេខាធិការគូសបញ្ជាក់ថា គឺការចូលរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សមត្ថភាពសភាកម្ពុជា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពព្រមទំាង ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

ក្នុងនាមប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភាមួយ ដែលទទួលបន្ទុកវិស័យព័ត៌មាន ឯកឧត្តម ឈាង វុន បានវាយតម្លៃខ្ពស់ចំពោះវគ្គ បណ្តុះបណ្តាល និងជំនួយនានា ដែលប្រទេសអាល្លឺម៉ង់ បានជួយដល់សភាកម្ពុជា តាមរយៈអង្គការរបស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា នេះជាផ្នែក មួយនៃដំណើរលទ្ធិប្រជាធិបតេយ្យ ហើយក្នុងដំណើរលទ្ធិប្រជាធិបតេយ្យនេះ ព័ត៌មានជាកក្តាសំខាន់ សម្រាប់ពលរដ្ឋធ្វើការវិនិច្ឆ័យ ថាតើតំណាងរាស្រ្ត បានធ្វើអ្វីខ្លះដល់ពួកគាត់។

សូមជម្រាបថានៅក្នុងឱកាសនោះ ក៏មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបាន   បញ្ចប់វគ្គបណ្តុះបណ្តាល ខាងសរសេរព័ត៌មាន និងការផលិតវីដេអូនោះដែរ។ ជាមួយគ្នានេះវីដេអូចំនួន៤ ឯកសារស្តីពី ការងារនិងភារកិច្ចរបស់រដ្ឋសភា និងព្រឹទ្ធសភា ដែលចំនួន២ឯកសារជាស្នា​ដៃ របស់សិក្ខាកាមជាមន្រ្តីព័ត៌មានរដ្ឋសភា និង២ឯកសារទៀត ជាស្នាដៃសិក្ខាកាមមន្រ្តីព័ត៌មានព្រឹទ្ធស​ភា បានចាក់បញ្ចាំង ជូនអ្នកចូលរួមទស្សនា និងវាយតម្លៃផងដែរ៕

 អត្ថបទព័ត៌មាន និងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh