ថ្ងៃ ព្រហស្បត្តិ៏ ទី 30 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល លើកទឹកចិត្តដល់ការចងក្រងបោះពុម្ពឯកសារច្បាប់បម្រើដល់សាធារណជន
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល លើកទឹកចិត្តដល់ការចងក្រងបោះពុម្ពឯកសារច្បាប់បម្រើដល់សាធារណជន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/10/2016 7:41:10 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសៀវភៅ ដែលមានចំណងជើងថា “ការត្រួតពិនិត្យដោយសភាលើវិស័យសន្តិសុខ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ។
 

នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតអនុប្រធានទី២រដ្ឋសភា បានគំាទ្រនិងលើកទឹកចិត្តដល់ការងារចងក្រង និងបោះពុម្ពឯកសារច្បាប់នានា ​ដើម្បីផ្តល់ ចំណេះដឹងដល់សាធារណជន។
 

សៀវភៅ “ការត្រួតពិនិត្យដោយ សភាលើវិស័យសន្តិសុខរៀបចំបោះពុម្ពដោយ វិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព(CICP)​ ក្រោមកិច្ចសហការជាមួយសហភាពអន្តរសភា(IPU) និងមជ្ឈមណ្ឌលហ្សឺណែវ។
 

ឯកឧត្តម ពូ សុធីរៈ នាយកវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព  បានមានប្រ​សាសន៍លើកឡើងថា ការចងច្រងសៀវភៅ នេះឡើង គឺដើម្បីឆ្លើយតបទៅនឹង ការខ្វះខាតឯកសារ​ដែលពាក់ព័ន្ធនិងច្បាប់នៅកម្ពុជា។ ឯកឧត្តមបន្តថា សៀវភៅដែលមានចំណងជើងថា “ការត្រួតពិនិត្យដោយសភាលើវិស័យសន្តិសុខជាផ្នែកមួយចង់ចូលរួមចំណែក ក្នុងការជំរុញនិងលើកកម្ពស់តួនាទីរបស់សភា ក្នុងការងារសំខាន់ៗ ដូចជាការពិនិត្យនិងតាក់តែងច្បាប់ ឬការឃ្លំាមើលរាជរដ្ឋាភិបាល របស់សភានោះ។
 

ឯកឧត្តម ពូ សុធីរៈ បានគូសបញ្ជាក់បន្ថែមថា សៀវភៅនេះក៏ជាធនធានសម្រាប់អ្នកសិក្សាស្រាវជ្រាវ ដូចជា និស្សិត អ្នកធ្វើគោលនយោបាយផងដែរ ដោយសារខ្លឹមសារទូលំទូលាយ ដែលបានសរសេរ ក្នុងសៀវភៅ បានឆ្លុះបញ្ចាំងអំពីគោលការណ៍លម្អិត និងយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យវិស័យ សន្តិសុខក្នុងរបបប្រជាធិបតេយ្យ។
 

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានកោតសរសើរ និងវាតម្លៃខ្ពស់ ចំពោះខ្លឹមសារនៃសៀវភៅ “ការត្រួតពិនិត្យដោយសភា លើវិស័យសន្តិសុខ។ ឯកឧត្តមបណ្ឌិតបានលើកឡើងថា គ្រប់ឯកសារទំាងអស់សុទ្ធតែមានសារៈសំខាន់ ផ្តល់ចំណេះដឹងដល់អ្នកអាន ហើយឯកឧត្តមក្នុងនាមសម្តេច ប្រធានរដ្ឋសភា សូម​គំាទ្រចំពោះការចងក្រងឯកសារ និងការបោះពុម្ពទំាងឡាយណា ក្នុងប្រយោជន៍ផ្តល់ចំណេះដឹងដល់ពលរដ្ឋ។
 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា បានសំណូមពរ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្គរជាតិ ជួយបន្តឧបត្ថម្ភគាំទ្រ ទាំងផែ្នកបច្ចេកទេស និងហរិញ្ញវត្ថុដល់រដ្ឋសភាកម្ពុជាក្នុងការចងក្រងបកប្រែ និងបោះពុម្ភសៀវភៅសំខាន់ សម្រាប់ប្រយោជន៍ជាសាធារណៈនេះដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh