ថ្ងៃ ចន្ទ ទី 27 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ៖ រដ្ឋសភា រាជរដ្ឋាភិបាល ស្វាគមន៍ការចូលរួមរបស់យុវជនក្នុងឧស្សាហកម្មប្រេង
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ៖ រដ្ឋសភា រាជរដ្ឋាភិបាល ស្វាគមន៍ការចូលរួមរបស់យុវជនក្នុងឧស្សាហកម្មប្រេង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/10/2016 7:19:35 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានមានប្រសាសន៍ថា រដ្ឋសភា ពិសេសគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ តែងតែស្វាគមន៍ចំពោះ ការចូលរួមរបស់យុវជននៅក្នុងវិស័យឧស្សាកម្មរ៉ែ ប្រេង និងឧស្ម័ន ដែលជាធនធាន ធម្មជាតិរបស់ប្រទេសកម្ពុជា ដែល​រំពឹង​ថានឹងទទួលបានផលក្នុងពេលឆាប់ៗនេះ ដែលជាធនធានសំខាន់សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិនោះ។
 

ឯកឧត្តមបណ្ឌិតរដ្ឋ បានលើកឡើងបែបនេះ នៅក្នុងវេទិកាជួបជុំមួយ រវាងយុវជននិងតំណាងរាស្រ្ត ដែលប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមប្រធានបទ “សម្រាប់អភិបាលកិច្ចល្អក្នុងវិស័យឧស្សាកម្មនិស្សារណកម្មនៅកម្ពុជា” ដែលមានសិស្ស និស្សិត ព្រះសង្ឃ ប្រមាណ៥០អង្គ និងនាក់ ចូលរួម។
 

វេទិកាជួបជុំគ្នា រវាងយុវជននិងតំណាងរាស្រ្ត ធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងព័ត៌មានអំពីឧស្សាហកម្មប្រេង របស់ប្រទេសកម្ពុជាដល់ យុវជន។ ក្រុមយុវជន ព្រះសង្ឃ ដែលចូលរួមក្នុងវេទិកានេះ បានអញ្ជើញមកពីខេត្តក្រុងផ្សេងៗគ្នា មាននៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប បាត់ដំបងជាដើម ដែលដឹកនាំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ថា(YRDP)។ (YRDP)ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលតែងតែ រៀបចំកម្មវិធី វេទិកានានាដើម្បីឲ្យយុវជនបានចូលរួម និងទទួលព័ត៌មានថ្មីៗជុំវិញដំណើរការ ការធ្វើអាជីវកម្មប្រេងនិងឧស្ម័ន នៅក្នុងប្រទេសកម្ពុជា។

 

លោក ជាង សុខា នាយកប្រតិបត្តិនៃអង្គការ (YRDP) បានមានប្រសាសន៍ថា ឧស្សាហកម្មនិស្សារណកម្ម ដែលសំដៅដល់រ៉ែប្រេងកាតគឺជាធនធាន ធម្មជាតិសំខាន់របស់ប្រទេសកម្ពុជា ដែលពលរដ្ឋមានសង្ឃឹមថា ជាធនធានធម្មជាតិចុងក្រោយរបស់ប្រទេសនេះ នឹងអាចផ្តល់ថវិកាសម្រាប់ប្រទេស កម្ពុជាកសាងអភិវឌ្ឍន៍ប្រទេសខ្លួនឲ្យមានការរីកចម្រើន។ លោកបានគូសបញ្ជាក់ថា ការចូលរួមរបស់ពលរដ្ឋ ពិសេសយុវជននៅក្នុងដំណើរធ្វើអាជីវកម្ម ប្រេងនេះ នឹងបង្ហាញពីតម្លាភាពក្នុងការគ្រប់គ្រងធនធានប្រេងរបស់រដ្ឋាភិបាលកម្ពុជា​។

 

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានស្វាគមន៍ចំពោះការចង់ដឹង ចង់សិក្សាស្វែងយល់របស់យុវជន ចំពោះឧស្សាហកម្មប្រេងកាតនេះ។ ឯកឧត្តម បានលើកឡើងថា រដ្ឋសភាជាពិសេសឯកឧត្តមផ្ទាល់ ក្នុងនាមប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា តែងតែទទួល ស្វាគមន៍យុវ​ជនអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ ដែលចង់ដឹងពីបញ្ហាប្រេងកាតនេះ ដែលឯកឧត្តមតែងតែទទួលជួបផ្ទាល់ ឬចូលរួមតាម វេទិកាសិក្ខាសាលានានា។

 

​ឯកឧត្តមបណ្ឌិតបានលើកឡើងថា ក្នុងឆ្នាំកន្លងទៅនេះ ឯកឧត្តមបានចូលរួមចំនួនពីរដង ជាមួយអង្គការធ្វើការជាមួយយុវជន អំពីប្រធានបទ ឧស្សាហកម្មនីស្សារណកម្មនេះ។ នៅក្នុងសិក្ខាសាលាទំាងអស់នោះ ក្នុងនាមជាអ្នកតាក់តែងគោលនយោបាយ ឯកឧត្តមបានផ្តល់ព័ត៌មានដល់ យុវជន។ ឯកឧត្តមបានលើកឡើងថា ចំណែកនៅខាងរាជរដ្ឋាភិបាលវិញ ក៏តែងតែចូលរួមនិងបើកចំហរ ដល់សាធារណជនអំពីបញ្ហានេះដែរ។

 

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប មានប្រសាសន៍បន្តថា កម្ពុជាបានសិក្សាអំពីច្បាប់ជាតិ និងអន្តរជាតិជាច្រើន ដើម្បីចងក្រងជាច្បាប់ និងបទដ្ឋាននានា ក្នុងការចាត់ចែងនិងគ្រប់គ្រងធនធានប្រេងនៅកម្ពុជា ឲ្យមានតម្លាភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា ធនធានធម្មជាតិគឺប្រេងកាត នេះគឺជាចំណូលសំខាន់មួយ ក្នុងការចូលរួមចំណែកជំរុញយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ក្នុងការអ​ភិវឌ្ឍ​ប្រទេស ជាតិឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត។

 

សូមជម្រាបជូនថា វេទិកាជួបជុំមួយ រវាងយុវជននិងតំណាងរាស្រ្ត ក្រោមប្រធានបទ “សម្រាប់អភិបាលកិច្ចល្អក្នុងវិស័យឧស្សាកម្មនិស្សារណកម្ម នៅកម្ពុជា”នេះ មានការចូលរួមពីសំណាក់ ឯកឧត្តម សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ ជាលេខាធិការ សមាជិកសមាជិកា គណៈកម្មការផងដែរ៕ 

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh