ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិស្សានុសិស្សមកពីសាលាអន្តរជាតិអាប៊ែនឌែនឡៃធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថាប័នរដ្ឋសភា
សិស្សានុសិស្សមកពីសាលាអន្តរជាតិអាប៊ែនឌែនឡៃធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថាប័នរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/9/2016 12:45:42 AM )

នៅក្នុងឱកាសទទួលស្វាគមន៍ ចំពោះសិស្សា​នុសិស្ស​ មកពីសាលាអន្តរជាតិអាប៊ែនឌែនឡៃ ដែលបានមកធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា ដើម្បីស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅរសៀលថ្ងៃទី០៨ ​ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមាន ប្រសាសន៍ជម្រាបជូនអំពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា ដល់សិស្សា​នុសិស្ស​ទាំងអស់បានជ្រាប។

ឯកឧត្តមបញ្ជាក់ថា រដ្ឋសភាមានការងារជាច្រើនដែលត្រូវបំពេញ។ ប៉ុន្តែក្នុងចំណោមការងារទាំងនោះ មានការងារសំខាន់៣ ដែលជាតួនាទីភារកិច្ចស្នូល របស់សភាគឺជាអ្នកតាក់តែងនិងឣនុម័តច្បាប់ តាមដានការឣនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ ដោយមានការចុះ សាកសួរស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម ឡេង ប៉េងឡុង ក៏បានកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ ដែលមានការយកចិត្តទុកដាក់ចង់សិក្សាស្វែងយល់ពីស្ថាប័នរដ្ឋសភា ដែលជាផ្នែកសំខាន់មួយ ក្នុងការបង្កើនចំណេះដឹងទូទៅសម្រាប់ខ្លួនបន្ថែមផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ឡេង ប៉េងឡុង បានរម្លឹកពី ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា តាំងពីសម័យអាណានិគមនិយមបារាំងរហូតមកដល់បច្ចុប្បន្ន ដែលបានឆ្លងកាត់នូវសង្គ្រាម និងការផ្លាស់ប្ដូរជាច្រើន ដំណាក់កាល។

​ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ទៀតថា បន្ទាប់ពីសង្គ្រាមបានបញ្ចប់ចាប់តាំងពីអំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០មក ដំណើរការលទ្ធិប្រជាធិបតេយ្យ ត្រូវបានយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា ហើយអំណាចគ្រប់គ្រងប្រទេស ត្រូវបានបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក ឡាយ ប៊ុនម៉េង អនុប្រធាននាយកដ្ឋាននីតិវិធី​នៃរដ្ឋសភា ក៏បានជម្រាបជូនលម្អិតអំពីការងារតាក់តែងច្បាប់ របស់រដ្ឋសភា ដែលត្រូវធ្វើឲ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យស្របតាមរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ជាតិដែលនៅជាធរមាន និងច្បាប់អន្តរជាតិមួយចំនួនជាដើម។ លោកបន្ថែមថា ក្រៅពីតួនាទីខាងលើ រដ្ឋសភាក៏មានការងារធ្វើទំនាក់ទំនងពង្រឹងពង្រីកនិងកិច្ចសហប្រតិបត្តិការ ជាមួយសភានៃប្រទេសនានាលើពិភពលោកផងដែរ។

បន្ទាប់ពីបានស្ដាប់នូវប្រសាសន៍ ដ៏មានអត្ថន័យរបស់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភារួចមក កញ្ញា ប៉ែន ពេជ្របញ្ចពណ៌ តំណាងឲ្យសិស្សានុសិស្ស ទាំង៣០នាក់ បានឡើងថ្លែងអំណរគុណ ចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចសិក្សា ស្វែងយល់អំពី​តួនាទី​ និង​ភារកិច្ចរ​បស់រដ្ឋសភានាពេលនេះ។

សិស្សានុសិស្សទាំងអស់ក៏ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាសាលប្រជុំ និងសាលពិព័រណ៍រដ្ឋសភា ផងដែរ៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh