ថ្ងៃ ពុធ ទី 26 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភាប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុជាមួយក្រសួងបរិស្ថាន
គណៈកម្មការជំនាញរដ្ឋសភាប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុជាមួយក្រសួងបរិស្ថាន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/16/2016 7:36:19 PM )

គណៈកម្មការជំនាញរដ្ឋសភាចំនួនពីរ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល គឺក្រសួងបរិស្ថានដើម្បីពិនិត្យ​សិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ស្តីពីការប្រែប្រួល​​​អាកាសធាតុ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។

គណៈកម្មការជំនាញរបស់រដ្ឋសភា ចូលរួមក្នុងកិច្ចប្រជុំនេះ មានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័តមាន ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ និងគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំដោយ ឯកឧត្តម ហ៊ូ ស្រីុ ប្រធានស្តីទី ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល​​អា​កា​សធាតុ រួមមាន២មាត្រា។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងអនុលោមតាមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលបានអនុម័តក្នុងកិច្ចប្រជុំកំពូលស្តីពី ភពផែនដី នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ១៩៩២ បានចូលជាធរមាន នៅឆ្នាំ១៩៩៤។ សន្និសីទប្រចំាឆ្នាំនៃបណ្តាភាគីអនុសញ្ញា (UNFCCC) លើកទី២១ នៅទីក្រុងប៉ារីស កាលពីចុង​ឆ្នាំ២០១៥។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ប្រទេសចំនួន១៩៧រួមទាំងព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញានេះ ហើយ ព្រះរាជាណាចក្រកម្ពុជា ក៏បានចុះហត្ថលេខាលើ លិខិតតូបករណ៍នៃពិធីសារក្យូតូ ដែលបានអនុម័តនៅក្នុង សន្និសីទបណ្តាភាគីលើកទី៣(GHG) ឆ្នាំ១៩៩៧នៅប្រទេសជប៉ុនផងដែរ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ បានបន្ថែមទៅលើកាតព្វកិច្ចដែលមានចែងនៅក្នុងអនុសញ្ញា(UNFCCC) ដែលជំរុញឲ្យភាគីទាំងអស់ ខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបន្សំទៅនឹងឥទ្ធិពលនៃការ ប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះគឺសហគមន៍អន្តរជាតិ បានទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានកាតព្វកិច្ច ដូចបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ក្នុងការចូលរួម អនុវត្ត “ផែនការស្តីពីការចូលរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា” ។

កិច្ចប្រជុំបានពិនិត្យសិក្សាលើកិច្ចព្រមព្រៀង និងលើខ្លឹមសារ និងទម្រង់ នៃសេចក្តីព្រាងច្បាប់ទៅតាមនីតិវិធីរបស់រដ្ឋសភា ហើយបានសម្រេចថានឹង បញ្ជូនសេចក្តីព្រាងច្បាប់នេះ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំពេញ​អង្គរដ្ឋសភា នាពេលខាងមុខនេះ៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh